កីឡាជាតិ
ជាតិ
ក្រសួងមហាផ្ទៃ​គ្រង​ជើងឯក​ពានរង្វាន់​សម្តេច ស ខេង ក្រោយ​ឈ្នះ​មេដាយ​សរុប​១៧
17, Oct 2017 , 11:06 am        
រូបភាព
ដោយ:
​ក្លិប​ក្រសួងមហាផ្ទៃ​បាន​គ្រង​ជើងឯក​ពានរង្វាន់​សម្តេច ស ខេង ប្រចាំឆ្នាំ​២០១៧ ក្រោយ​ឆ្លងកាត់​ការប្រកួត​៣​ថ្ងៃ​នៅ​ទីលាន​នៃ​មជ្ឈមណ្ឌល​កីឡា​សូ​ហ្វ​តិ​ន្នី​ស​និង​វាយ​កូន​បាល់​កម្ពុជា​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​ក្រុម​អត្ត​ព​លិ​ក​ដណ្តើមបាន​មេដាយ​សរុប​ចំនួន​១៧​។ លោក ជា ប៊ុនហេង អគ្គលេខាធិការ​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា​ប្តេជ្ញា​ថា នឹង​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​កីឡា​សូ​ហ្វ​តិ​ន្នី​ស​ឲ្យ​កាន់តែ​រីកចម្រើន​ថែមទៀត ដើម្បី​ត្រៀម​ប្រជែង​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។​



​ក្រុម​អត្ត​ព​លិ​ក​កីឡា​សូ​ហ្វ​តិ​ន្នី​ស​ក្រសួងមហាផ្ទៃ​ឈ្នះ​មេដាយមាស​៨ ប្រាក់​៥ និង​សំរឹទ្ធ​៤ ក្រោយ​ប្រកួត​យ៉ាង​ស្វិតស្វាញ​រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៥ ខែតុលា នៅ​ទីលាន​សូ​ហ្វ​តិ​ន្នី​ស​នៃ​មជ្ឈមណ្ឌល​កីឡា​សូ​ហ្វ​តិ​ន្នី​ស និង​វាយ​កូន​បាល់​កម្ពុជា​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​។ ជ័យជម្នះ​ដ៏​ធំធេង​នេះ ជួយ​ឲ្យ​ក្លិប​ក្រសួងមហាផ្ទៃ​ឈរ​ចំណាត់ថ្នាក់​លេខ​១​ប្រចាំ​ពានរង្វាន់​សម្តេច ស ខេង លើក​ទី​៤​ក្នុងចំណោម​៧​ក្លិប​-​សមាគម​ចូលរួម​។



​នា​ពិធី​បិទ​ការប្រកួត​កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែតុលា អគ្គលេខាធិការ​ស​ព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា​លោក ជា ប៊ុនហេង បាន​វាយតម្លៃថា កីឡាករ​កីឡាការិនី​ចូលរួម​នៅ​ឆ្នាំនេះ​មាន​បច្ចេកទេស និង​សមត្ថភាព​រីកចម្រើន​ខ្លាំង​គួរ​ឲ្យ​កត់សម្គាល់​បើ​ធៀប​ទៅនឹង​ឆ្នាំមុនៗ​។ លោក​បាន​អះអាងថា តាមរយៈ​ការប្រកួត​នេះ​សហព័ន្ធ​ចម្រាញ់​បាន​កីឡាករ​កីឡាការិនី​ចំនួន​១៤​រូប សម្រាប់​ត្រៀម​ការប្រកួត​ជើងឯក​អាស៊ី​អាគេ្នយ៍​នៅ​ហ្វីលីពីន​នា​ខែវិច្ឆិកា ខាងមុខ​ផងដែរ​។



​តាមរយៈ​ភាព​រីកចម្រើន និង​ជោគជ័យ​លើ​ឆាក​អន្តរជាតិ​បាន​ជួយ​ឲ្យ​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា ដែល​បង្កើត​ក្នុងអំឡុង​ឆ្នាំ​២០១៤ ឈរ​លេខ​រៀង​ទី​១០​នៃ​ចំណាត់ថ្នាក់​ពិភពលោក​ក្នុងចំណោម​៤៥​ប្រទេស​។ ទន្ទឹមនឹងនេះ លោក ជា ប៊ុនហេង ប្រធាន​អង្គភាព​កីឡា​ក្រសួងមហាផ្ទៃ​បាន​ប្តេជ្ញា​ថា នឹង​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​កីឡា​នេះ​ឲ្យ​កាន់តែ​រីកចម្រើន​ថែមទៀត ដើម្បី​ត្រៀម​ប្រជែង​ដណ្តើម​ជើងឯក​លើ​ឆាក​អន្តរជាតិ ជាពិសេស​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។​

​គួរ​បញ្ជាក់ថា ការប្រកួត​កីឡា​សូ​ហ្វ​តិ​ន្នី​ស​ជ្រើសរើស​ជើងឯក​ពានរង្វាន់​សម្តេច ស ខេង ប្រចាំឆ្នាំ​២០១៧ មាន​អត្ត​ព​លិ​ក​១០១​រូប​មកពី​៧​ក្លិប​-​សមាគម​ចូលរួម ដោយ​អត្ត​ព​លិ​ក​ទាំងនេះ​ប្រកួត​លើ​៩​ប្រភេទ​វិញ្ញាសា​។ ជា​លទ្ធផល​ក្រសួងមហាផ្ទៃ​ដណ្តើមបាន​មេដាយមាស​៨ ប្រាក់​៥ និង​សំរឹទ្ធ​៤, កងយោធពល​ខេមរភូមិន្ទ​មាស​១ សំរឹទ្ធ​១, អគ្គស្នងការ​នគរបាល​ជាតិ​ប្រាក់​៣ សំរឹទ្ធ​៣, អង្គការ​មិត្តសំលាញ់​ប្រាក់​១ និង​ខេត្តកំពង់ស្ពឺ​បាន​សំរឹទ្ធ​១៕    








Tag:
 សូ​ហ្វ​តិ​ន្នី​ស​
  ជា ប៊ុនហេង​
  សម្តេច ស ខេង
© រក្សាសិទ្ធិដោយ thmeythmey.com