ពីនេះ ពីនោះ
អន្តរជាតិ
កូរ៉េខាងជើង​ព្រមាន​ប្រទេស​ដទៃ​៖«​បើ​ចង់​សុខ កុំ​ចូល​ដៃ​ជាមួយ​អាមេរិក​ប្រឆាំង​កូរ៉េខាងជើង​»
17, Oct 2017 , 11:46 am        
រូបភាព
​ក្នុង​វេទិកា​ប្រជុំ​គណៈកម្មការ​មហាសន្និបាត​អង្គការ​សហ​ប្រជា​តិ​ថ្ងៃ​ចន្ទ​ទី ១៦ ខែតុលា បេសកជន​កូរ៉េខាងជើង បាន​ព្រមាន​បណ្តា​ប្រទេស​នានា​សមាជិក​អង្គការសហប្រជាជាតិ​ថា បើ​ចង់​សុខ​ខ្លួន កុំ​ចូលរួម​ជាមួយ​សហរដ្ឋ​អាមេរិក​ប្រឆាំង​កូរ៉េខាងជើង​ឲ្យ​សោះ​។

 


«​អ្នកឯង​មាន​សុវត្ថិភាព ដរាបណា​អ្នក​មិន​ចូល​ជាមួយ​អាមេរិក​ក្នុង​សកម្មភាព​យោធា​ប្រឆាំង​កូរ៉េខាងជើង»​។ នេះ​ជា​សារ​ព្រមាន​ថ្លែង​ចេញពី​មាត់​អគ្គរដ្ឋទូត​រង​កូរ៉េខាងជើង​ប្រចាំ​អង្គការ​សហប្រជាជាតិ Kim In Ryong ដែលជា​តំណាង​មេដឹកនាំ​កំពូល គីម ជុង​អ៊ុន នា​ថ្ងៃ​ចន្ទ​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters  សារ​ព្រមាន​នេះ​ស្ថិតក្នុង​សំណេ​សុន្ទរកថា របស់​មន្ត្រី​ទូត​ជាន់ខ្ពស់​ក្រុង​ព្យុង​យ៉ាងនេះ ពេល​លោក​ចូលរួម​ក្នុង​កិច្ចពិភាក្សា​ស្តីពី​អាវុធ​នុយក្លេអ៊ែររបស់គណៈកម្មការ​មហាសន្និបាត​អង្គការសហប្រជាជាតិ​។

​ប៉ុន្តែ​លោក Kim In Ryong មិនបាន​អាន​ចំណុច​នេះ​លឺៗ​ឡើយ​ក្នុង​កិច្ចប្រជុំ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដដែល លោក Kim បាន​និយាយ​ដូច្នេះ​៖« ដរាបណា​ប្រទេស​នោះ​មិនបាន​ចូលរួម​ក្នុង​សកម្មភាព​យោធា​របស់​អាមេរិក​ប្រឆាំងនឹង​កូរ៉េខាងជើង យើង​គ្មាន​ចេតនា​ប្រើប្រាស់​ឬ​គំរាម​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​ដើម្បី​ប្រឆាំង​ពួកគេ​ឡើយ​»​។​

​មន្ត្រី​ទូត​កូរ៉េខាងជើង​រូបនេះ​បាន​បន្តថា ៖«​ទឹកដី​អាមេរិក​ទាំងមូល​ស្ថិតក្នុង​ទិសដៅ​ដែល​មី​ស៊ី​ល​របស់​យើង​អាច​ទៅដល់ ហើយ​បើសិនជា​អាមេរិក​ហ៊ាន​ឈ្លានពាន​ទឹកដី​របស់​យើង​សូម្បី​មួយ​ជំហាន អាមេរិក​មិនអាច​រត់​រួច​ពី​ការវាយប្រហារ​តប​វិញ​យ៉ាង​ចាស់ដៃ​របស់​យើង​ឡើយ​»​។​

​តំណាង​ក្រុង​ព្យុងយ៉ាង​ខាងលើ​បាន​ប្រាប់​ទៅកាន់​អង្គប្រជុំ​ផងដែរ​ថា បើសិនជា​អាមេរិក​មិន​ព្រម​បញ្ឈប់​គោលនយោបាយ​អរិភាព និង​គំរាមកំហែង​គេឯង​អាង​ខ្លួន​ជា​មហាអំណាច​ទេនោះ កូរ៉េខាងជើង​នឹងមិន​ព្រមយក​បញ្ហា​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​ខ្លួន​ដាក់ចូល​ក្នុង​ការចរចា​ជាដាច់ខាត​។​

​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​កាន់តែ​កើនឡើង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ ដោយមាន​ការបន្ត​សង្គ្រាម​ពាក្យសម្តី​វាង​ក្រុង​ព្យុងយ៉ាង និង​ក្រុង​វ៉ាស៊ីនតោន​។ អ្វីដែល​គួរ​ឲ្យ​ព្រួយបារម្ភ​នោះ​គឺ ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ គំរាម​ប្រើប្រាស់​កម្លាំង​ទ័ព​ជា​ច្រើនដង​កន្លងមក​ផង​។ ប៉ុន្តែ​មកដល់​សប្តាហ៍​មុន រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក រិច ធី​ល័​រ​សិន បាន​អះអាងថា អាមេរិក​នឹង​បន្ត​ប្រើប្រាស់​វិធាន​ការទូត​រហូតដល់​គ្រាប់បែក​កូរ៉េខាងជើង​ធ្លាក់​ចុះមក​សិន​។ វា​មានន័យថា​អាមេរិក​នៅ​បន្ត​ចរចា និង​អត់ធ្មត់ ទាល់តែ​កូរ៉េខាងជើង​ធ្វើសង្គ្រាម​មុន​។
អត្ថបទទាក់ទង

​បច្ចុប្បន្ននេះ​សហគមន៍​អន្តរជាតិ​បន្ត​ដាក់​សម្ពាធ និង​ព្យាយាម​កាត់ផ្តាច់​ចរន្ត​ហិរញ្ញវត្ថុ​របស់​កូរ៉េខាងជើង​ដើម្បី​បង្ខំ​ឲ្យ​រដ្ឋ​នេះ​ផ្លាស់ប្តូរ​ឥរិយាបទ និង​ត្រឡប់មក​ចូល​តុ​ចរចា​វិញ​ដើម្បី​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​។ រយៈពេល​ពីរ​បី​សប្តាហ៍​ចុងក្រោយ​នេះ កូរ៉េខាងជើង​ហាក់ដូច​ជា​រក្សា​ភាព​ស្ងៀមស្ងាត់ និង​មិន​បង្ករឿង​ដោយ​បាញ​សាកល្បង​មី​ស៊ី​ល​ឬ​នុយក្លេអ៊ែរ​ទៀតឡើយ​សូម្បីតែ​ក្នុង​ពិធី​ខួប​លើក​ទី ៧២ នៃ​ការបង្កើត​បក្ស​ពលករ​ក្តី​៕


Tag:
 កូរ៉េខាងជើង​
  អង្គការសហប្រជាជាតិ​
  Kim In Ryong
© រក្សាសិទ្ធិដោយ thmeythmey.com