កីឡាជាតិ
ជាតិ
លោក អូស្មាន ហាស្សាន់​៖ នឹងមាន​ក្រុមកីឡា​បាល់ទាត់​អាជីព​ពី​សហគមន៍​ខ្មែរឥស្លាម​
18, Oct 2017 , 7:59 am        
រូបភាព
លោក អូស្មាន ហាស្សាន់ ផ្តល់បទសម្ភាសដល់អ្នកអ្នកសារព័ត៌មានក្រោយចប់ការប្រកួតនៅពហុកីឡដ្ឋានជាតិកាលពីពេលកន្លងទៅ
លោក អូស្មាន ហាស្សាន់ ផ្តល់បទសម្ភាសដល់អ្នកអ្នកសារព័ត៌មានក្រោយចប់ការប្រកួតនៅពហុកីឡដ្ឋានជាតិកាលពីពេលកន្លងទៅ
ដោយ:
​រដ្ឋលេខាធិការ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​គូសបញ្ជាក់ថា យុវជន​ខ្មែរឥស្លាម​ក៏ដូចជា​យុវជន​កម្ពុ​ជាទូទៅ សុទ្ធតែ​កម្លាំង​ដ៏​រឹងមាំ​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ​។ លោក អូស្មាន ហាស្សាន់ បាន​ថ្លែង​បែបនេះ នា​ពិធី​បិទ​ការប្រកួត​កីឡាបាល់ទាត់​ដណ្តើមពានរង្វាន់​សម្តេច ហេង សំរិន កន្លងមក ដោយ​អះអាងថា សហគមន៍​មូស្លីម​នឹងមាន​ក្រុមបាល់ទាត់​អាជីព​មួយ​នៅ​កម្ពុជា​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខ​។​



​យុវជន​ខ្មែរឥស្លាម​បាននិងកំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​រួមចំណែក​អភិវឌ្ឍ​ប្រទេស​ឆ្ពោះទៅរក​វឌ្ឍនភាព ដោយ​ពួកគេ​កំពុង​បម្រើ​ការងារ​នៅតាម​ស្ថាប័នរដ្ឋ និង​ឯកជន​ក្នុងប្រទេស​កម្ពុជា​។ នេះ​បើតាម​ការបញ្ជាក់​របស់​រដ្ឋលេខាធិការ​ក្រសួង​ការងារ លោក អូស្មាន ហាស្សាន់​។ ចំពោះ​វិស័យ​កីឡា លោក​ក៏បាន​មើលឃើញ​ពី​ការរួមចំណែក​ដ៏​ធំធេង​ពី​សំណាក់​យុវជន​ក្នុង​សហគមន៍​ខ្មែរឥស្លាម​ផងដែរ​។​

​កាលពី​ថ្ងៃទី​៨ ខែតុលា នៅ​ពហុ​កីឡដ្ឋាន​ជាតិ ក្រុមបាល់ទាត់​សម្ព័ន្ធ​យុវជន​មុ​ស្លី​ម​កម្ពុជា បាន​ប្រកួត​ចាញ់​ក្រុម​អាណាចក្រ​បៃតង ២-១ យ៉ាង​ប្រផិតប្រផើយ និង​បាន​ក្លាយជា​ក្រុម​ជើងឯក​រង​នៃ​ពានរង្វាន់​សម្តេច ហេង សំរិន ប្រចាំឆ្នាំ​២០១៧ ។​


ក្រុម​សម្ព័ន្ធ​យុវជន​មុ​ស្លី​ម​ថត​ជុំគ្នា​ជាមួយ​ថ្នាក់ដឹកនាំ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ក្រោយ​ទទួលបាន​ជើងឯក​រង​ពានរង្វាន់​សម្តេច ហេង សំរិន លើក​ទី​១​

​ទោះបី​ក្រុម​សម្ព័ន្ធ​យុវជន​មូស្លីម​កម្ពុជា​មិនបាន​គ្រង​ជើងឯក​ពានរង្វាន់​សម្តេច ហេង សំរិន លើក​ទី​១​ក៏ដោយ តែ​តាមរយៈ​ការឡើង​មកដល់​វគ្គ​ផ្តាច់ព្រ័ត្រ​សម្រាប់​ក្រុម​ដែល​ទើប​បង្កើត​ត្រឹម​១​ឆ្នាំ​មួយ​នេះ​ត្រូវបាន​លោក អូស្មាន ហាស្សាន់ ចាត់ទុកជា​ជោគជ័យ​មួយ​ដ៏​ធំធេង​សម្រាប់​យុវជន​មូស្លីម​។ លោក​រំពឹងថា ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខ ពោលគឺ​ពី​២​ទៅ​៣​ឆ្នាំ​ទៀត​សហគមន៍​ខ្មែរ​អ៊ីស្លាម​និង​មាន​ក្រុមបាល់ទាត់​អាជីព​មួយ​របស់ខ្លួន​។​

​លោក អូស្មាន ហាស្សាន់ បាន​បន្ថែមថា​៖«​យុវជន​មូស្លីម​ភាគច្រើន​ស្ទើរ​ជាង​ពាក់កណ្តាល​សុទ្ធសឹង​ជា​យុវជន​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​(​ស​.​ស​.​យ​.​ក​)​ក្រោម​ការគ្រប់គ្រង​រប​ស់លោក ហ៊ុន ម៉ា​នី ដែល​ភាគច្រើន​ក្នុងចំណោម​ពួកគេ​មកពី​ខេត្តកំពង់ចាម កំពត និង​កំពង់ឆ្នាំង​ជាដើម​»៕


Tag:
 បាល់ទាត់​
  អូស្មាន ហាស្សាន់​
© រក្សាសិទ្ធិដោយ thmeythmey.com