កម្ពុជាគ្រោង​ប្រើ​ប្រព័ន្ធ​ផ្កាយរណប ដើម្បី​គ្រប់គ្រង​គម្រប​ព្រៃឈើ​
ជាតិ
សង្គមជាតិ
កម្ពុជាគ្រោង​ប្រើ​ប្រព័ន្ធ​ផ្កាយរណប ដើម្បី​គ្រប់គ្រង​គម្រប​ព្រៃឈើ​
17, Oct 2017 , 9:40 pm        
រូបភាព
រូបថតពីហ្វេកប៊ុកក្រសួងបរិស្ថាន
រូបថតពីហ្វេកប៊ុកក្រសួងបរិស្ថាន
​ភ្នំពេញ​៖​កម្ពុជា គ្រោង​ប្រើប្រាស់​ប្រព័ន្ធ​ផ្កាយរណប ដើម្បី​គ្រប់គ្រង​ទិន្នន័យ​គម្រប​ព្រៃឈើ​នៅ​កម្ពុជា​។  តាមមន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រាជរដ្ឋាភិបាល​ជប៉ុន ជា​អ្នក​ចេញថ្លៃ​ចំណាយ លើ​ការទិញ​ទិន្នន័យ​ដែល​ថត​បាន​ដោយ​ផ្កាយរណប​របស់​សហរ​ដ្ឋ​អាមេរិក​។



​រដ្ឋាភិបាល​កម្ពុជា គ្រោង​នឹង​ប្រើប្រាស់​ប្រព័ន្ធ​ផ្កាយរណប ដើម្បី​គ្រប់គ្រង​គម្រប​ព្រៃឈើ និង​អភិរក្ស​ព្រៃឈើ​នៅ​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​។ នេះ​បើតាម​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​ជាតិ  (AKP) ដែល​ស្រង់​សម្តី លោក ជា សំអាង អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ការពារ និង​អភិរក្ស​ធម្មជាតិ​នៃ​ក្រសួងបរិស្ថាន ថ្លែង​ក្នុង​សិក្ខាសាលា​បូកសរុប​លទ្ធផល នៃ​ជំនួយ​បច្ចេកទេស​របស់ JICA នៅ​ថ្ងៃទី​១៧ ខែតុលា​។
 
​បើតាម​AKP លោក ជា សំអាង បានបញ្ជាក់​ទៀតថា  ការប្រើ​ប្រព័ន្ធ​ផ្កាយរណប​នេះ នឹង​ទៅ​ជួយ​កាត់បន្ថយ ការបាត់បង់​ព្រៃឈើ​នៅ​កម្ពុជា​ខណៈ​រដ្ឋាភិបាល​ជ​ប៉ុន​ជា​អ្នកចេញ​ថ្លៃ​ចំណាយ​ទិញ​ទិន្នន័យ​ដែល​ថត​បាន ដោយ​ផ្កាយរណប​របស់​សហរ​ដ្ឋ​អាមេរិក សម្រាប់​ត្រួតពិនិត្យ​គម្រប​ព្រៃឈើ​នៅ​កម្ពុជា​។ លោក​បញ្ជាក់​ដូច្នេះ​៖«​ការត្រួតពិនិត្យ​គម្រប​ព្រៃឈើ​តាម​ប្រព័ន្ធ​ផ្កាយរណប នឹង​ជួយ​ឲ្យ​កម្ពុជា​ទទួលបាន​ទិន្នន័យ​ច្បាស់លាស់ ពិសេស​ឈានទៅ​ជួយ​កាត់បន្ថយ​ការបាត់បង់ រិចរឹល​ព្រៃឈើ រួមទាំង​គ្រប់គ្រង​ព្រៃឈើ នា​ថ្ងៃ​អនាគត​»​។ 
 
​សូមបញ្ជាក់ថា​កន្លងមក​អង្គការ JICA រួម​នឹង​អង្គការ​មួយចំនួនទៀត ក៏បាន​ជួយ​កសាង​សមត្ថភាព​បច្ចេកទេស ផ្ដល់​ឧបករណ៍​សម្រាប់​វាស់វែង ផ្ទៀងផ្ទាត់​ព្រៃឈើ និង​បង្កើត​ប្រព័ន្ធ​តាមដាន​ព្រៃឈើ​នៅ​កម្ពុជា​ដែរ​៕

Tag:
 ជា សំអាង
 បរិស្ថាន​
 ​ផ្កាយរណប​
 ​ព្រៃឈើ
 JICA
 
© រក្សាសិទ្ធិដោយ thmeythmey.com