ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អ្វីដែលអ្នកចង់ដឹងអំពីការបង្កើនមុខងារប្រព័ន្ធភាពស៊ាំ
× ជាទូទៅ ប្រព័ន្ធភាពស៊ាំរបស់មនុស្សយើងម្នាក់ៗដើរតួនាទីដ៏សំខាន់មួយក្នុងការការពាររាងកាយពីមេរោគទាំងឡាយដែលបង្កជំងឹ។ ប៉ុន្តែពេលខ្លះ ការការពាររបស់វាក៏បរាជ័យដែរ មានន័យថា មេរោគមួយអាចចូលទៅក្នុងខ្លួនបានយ៉ាងជោគជ័យ និងធ្វើឲ្យយើងមានជំងឺបាន។ ដូច្នេះតើមានវិធីបែបណាអាចបង្កើនមុខងារប្រព័ន្ធភាពស៊ាំរបស់មនុស្សយើងបានទេ? តើមានអ្វីកើតឡើងទៅបើសិនជាអ្នកពង្រឹងដល់ការញ៉ាំអាហារដែលត្រឹមត្រូវ? តើគួរលេបថ្នាំវីតាមីន ឬថ្នាំប៉ូវអ្វីបានបន្ថែមដែរទេ? តើគួរតែផ្លាស់ប្តូររបៀបរស់នៅដែរទេដើម្បីទទួលបានការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំយ៉ាងល្អ?
គំនិតក្នុងការបង្កើនប្រព័ន្ធភាពស៊ាំគឺជារឿងមួយគួរឲ្យចាប់អារម្មណ៍ណាស់ ប៉ុន្តែបើយើងយកមកអនុវត្តន៍នោះទំនងជាពិបាកណាស់ដោយសារតែហេតុផលជាច្រើន។ បច្ចុប្បន្ននេះ វាមិនទាន់មានការស្រាវជ្រាវ ឬបង្ហាញតាមបែបវិទ្យាសាស្ត្រដោយផ្ទាល់មួយនៅឡើយទេទាក់ទងនឹងទំនាក់ទំនងរវាងរបៀបរស់នៅ និងការបង្កើនមុខងារប្រព័ន្ធភាពស៊ាំ។ អ្នកស្រាវជ្រាវបានស្រាវជ្រាវទៅលើឥទ្ធិពលនៃរបបអាហារ ការហាត់ប្រាណ អាយុ ភាពស្ត្រេសខាងចិត្តសាស្ត្រ និងកត្តាផ្សេងៗទៀតទៅលើការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំទាំងលើសត្វ និងមនុស្ស។
វិធីសាស្ត្រស្រប់ខ្លួនរស់នៅបែបផ្តល់សុខភាពល្អ
ជម្រើសការពារខ្លួនដំបូងគេដែលយើងអាចធ្វើបាននោះគឺជ្រើសរើសរបៀបរស់នៅដែលផ្តល់សុខភាព។ កាលណាយើងអនុវត្តនូវក្បួនណែនាំដែលធ្វើឲ្យមនុស្សម្នាក់មានសុខភាពល្អ នោះវានឹងធ្វើឲ្យប្រព័ន្ធភាពស៊ាំរឹងផងដែរ។ គន្លឹះទាំងនេះមានដូចជា៖
• កុំជក់បារី
• ញ៉ាំរបបអាហារដែលមានជាតិផ្លែឈើ បន្លែ និងគ្រាប់ធញ្ញជាតិខ្ពស់ តែខ្លាញ់ Saturated Fat ទាប
• ហាត់ប្រាណទៀងទាត់
• រក្សាទម្ងន់ឲ្យមានសុខភាពល្អ
• គ្រប់គ្រងសម្ពាធឈាម
• បើសិនជាអ្នកញ៉ាំគ្រឿងស្រវឹង ចូរញ៉ាំវាតែក្នុងកម្រិតមធ្យមបានហើយ
• គេងគ្រប់គ្រាន់
• ចៀសវាងការបង្ករោគតាមរយៈការលាងសម្អាតដៃជាញឹកញាប់ និងចម្អិនអាហារឲ្យបានឆ្អិនល្អមុននឹងញ៉ាំ
• សម្រាប់អ្នកដែលមានការប្រឈមមុខនឹងជំងឺគួរតែទៅពិនិត្យសុខភាពជាទៀតទាត់
អាយុ និងប្រព័ន្ធភាពស៊ាំ
ភាពចាស់ទៅតាមអាយុអាចជាហេតុផលមួយនាំឲ្យប្រព័ន្ធភាពស៊ាំថយចុះ ដូច្នេះក៏ជារឿងមួយងាយធ្វើឲ្យអ្នកមានការបង្ករោគច្រើន មានជំងឺរលាកច្រើន និងមហារីកដែរ។
យោងទៅតាមសេចក្តីសន្និដ្ឋាននៃការសិក្សាជាច្រើនបានឲ្យដឹងថា បើយើងប្រៀបធៀបនឹងមនុស្សវ័យក្មេងនិងមនុស្សចាស់ ឃើញថា មនុស្សចាស់ទំនងជាមានជំងឺឆ្លងច្រើន ហើយក៏ទំនងជាឆាប់ស្លាប់ផងដែរ។ ជំងឺទាំងនោះមានដូចជា ការបង្ករោគនៅផ្លូវដង្ហើម ជំងឺផ្តាសាយធំ ជាពិសេសជំងឺរលាកសួតតែម្តង។ គ្មាននរណាម្នាក់ដឹងថាហេតុអ្វីបានជាជំងឺទាំងនេះច្រើនតែធ្វើឲ្យមនុស្សចាស់ឆាប់ស្លាប់នោះទេ ប៉ុន្តែអ្នកវិទ្យាសាស្ត្រខ្លះសង្កេតឃើញថា វាអាចដោយសារតែការថយចុះរបស់កោសិកាប្រព័ន្ធភាពស៊ាំ T ដែលផលិតចេញពីក្រពេញ Thymus ដែលវាត្រូវបានទ្រោមស្វិតនៅពេលអាយុកាន់តែច្រើន ដូច្នេះវាក៏មិនងាយទប់ស្កាត់ការបង្ករោគបានយ៉ាងមានប្រសិទ្ធភាពដែរ។
ការថយចុះនៃការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំទៅនឹងការបង្ករោគត្រូវបានគេរកឃើញតាមរយៈឆ្លើយតបចំពោះការចាក់វ៉ាក់សាំងលើមនុស្សចាស់តែម្តង។ ឧទាហរណ៍ ការសិក្សាទៅលើវ៉ាក់សាំងការពារជំងឺផ្តាសាយធំត្រូវបានគេបង្ហាញថា សម្រាប់មនុស្សចាស់អាយុចាប់ពី ៦៥ឆ្នាំឡើងទៅ វ៉ាក់សាំងនេះមិនសូវមានប្រសិទ្ធភាពដូចចាក់លើក្មេងអាយុចាប់ពី ២ឆ្នាំឡើងទៅទេ។
ទោះបីជាយ៉ាងណាក៏ដោយ វាមានទំនាក់ទំនងមួយរវាងជីវជាតិ និងប្រព័ន្ធភាពស៊ាំលើមនុស្សចាស់។ ក្នុងទម្រងមួយនៃជំងឺកង្វះអាហារូបត្ថម្ភ ច្រើនតែត្រូវបានគេរកឃើញច្រើនលើមនុស្សចាស់តែម្តង។ រឿងនេះដោយសារតែពួកគេទំនងជាមិនសូវញ៉ាំអាហារបានច្រើន និងច្រើនតែមានរបបអាហារតិចតួចក្នុងការទទួលទានផង។
របបអាហារអាចជួយអ្វីខ្លះបានទៅ?
ប្រព័ន្ធភាពស៊ាំប្រៀបដូចជាកងទ័ពអញ្ចឹង ដូច្នេះដើម្បីឲ្យប្រព័ន្ធភាពស៊ាំខ្លាំង គឺត្រូវការអាហារមានជីវជាតិចិញ្ចឹមកងទ័ពទាំងនេះ។ អ្នកវិទ្យាសាស្ត្របានកត់សម្គាល់យូរហើយថា អ្នកដែលរស់នៅក្នុងជីវិតក្រីក្រ និងកង្វះអាហារូបត្ថម្ភទំនងជាងាយមានជំងឺឆ្លងខ្លាំងណាស់។ ទោះបីជាយ៉ាងណាក៏ដោយ មិនខ្វល់ថា ការកើនឡើងនៃអត្រាជំងឺទាំងនេះបង្កឡើងដោយឥទ្ធិពលកង្វះអាហារូបត្ថម្ភឬអត់ឡើយ វានៅតែមិនមែនជាអ្វីដែលយើងត្រូវខ្វល់ឡើយ ព្រោះមានការសិក្សាតិចតួចណាស់ដែលនិយាយថា កត្តាជីវជាតិជាប់ទាក់ទងគ្នាដោយផ្ទាល់ទៅនឹងការកើតជំងឺនោះទេ។
ប៉ុន្តែមានអំណះអំណាងមួយចំនួនដែលបញ្ជាក់ថា ការកង្វះជីវជាតិ ឬអាហារូបត្ថម្ភដូចជា ជាតិស័ង្គសី សេឡេញ៉ូម ជាតិដែក ទងដែង វីតាមីន B9 និងវីតាមីន A, B6, C និង E បានធ្វើឲ្យមានការប្រែប្រួលលក្ខណៈឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំលើសត្វ។ ប៉ុន្តែពេលយើងសិក្សានៅលើមនុស្សវិញ គឺមិនទាន់មានការវាយតម្លៃអ្វីច្បាស់លាស់នៅឡើយទេ។
ឬសឈើ និងថ្នាំបំប៉នផ្សេងៗទៀត
បើយើងដើរនៅតាមហាងទំនើប ឬឱសថដ្ឋាន អ្នកអាចនឹងមើលឃើញថ្នាំកំប៉ុង ឬជាប្រភេទឬសឈើដែលនិយាយថា វាអាចជួយទ្រទ្រង់ដល់សុខភាពប្រ័ពន្ធភាពស៊ាំ។ ថ្វីបើថ្នាំទាំងនេះនិយាយបែបនេះមែនក៏ដោយ តែគេមិនមានអំណះអំណាងណាមួយដែលបញ្ជាក់ថា វាពិតជាមានប្រសិទ្ធភាពដូចអ្វីដែលគេពពាយនាយនោះទេ ជាពិសេសជួយប្រឆាំងនឹងការបង្ករោគ និងជំងឺតែម្តង។ អ្នកវិទ្យាសាស្ត្រជាច្រើននៅតែមិនទាន់ដឹងថា ថ្នាំឬសឈើអាចបង្កើនចំនួនអង់ទីគ័រក្នុងឈាម ដែលមានប្រយោជន៍ដល់ប្រព័ន្ធភាពស៊ាំទាំងមូល ឬអត់ទេ។
ការទំនាក់ទំនងលើភាពស្ត្រេស
តាមទិដ្ឋភាពភាគច្រើនឃើញថា មានអ្នកជំងឺច្រើនណាស់ដែលមានលក្ខណៈឈឺក្រពះ អាឡែហ្ស៊ី និងជំងឺបេះដូង គឺមានជាប់ទាក់ទងនឹងភាពស្ត្រេសខាងផ្លូវចិត្តទៅវិញទេ។ ប៉ុន្តែថ្វីបើទំនាក់ទំនងរវាងភាពស្ត្រេស និងមុខងារប្រព័ន្ធភាពស៊ាំកំពុងតែស្ថិតក្នុងការសិក្សានៅឡើយនោះ ដូច្នេះវានៅតែស្ថិតក្នុងសភាពស្រពិចស្រពិលនៅឡើយទេ។
ពាក្យថាស្ត្រេសអាចជាពិបាកនឹងយល់អត្ថន័យរបស់វាណាស់ ព្រោះថាអ្វីដែលអាចធ្វើឲ្យមនុស្សម្នាក់ស្ថិតក្នុងស្ថានភាពមួយស្ត្រេសខ្លាំង តែវាមិនអាចកើតឡើងលើមនុស្សម្នាក់ផ្សេងទៀតឡើយ។ អ្វីដែលសំខាន់យើងក៏មិនអាចវាស់ដឹងថាមនុស្សម្នាក់មានភាពស្ត្រេសខ្លាំងប៉ុណ្ណាដែរ។ អ្នកវិទ្យាសាស្ត្រគ្រាន់តែអាចវាស់ដឹងនូវអ្វីដែលជាការឆ្លើយតបពីភាពស្ត្រេសនោះប៉ុណ្ណោះដូចជា ចំនួនដងដែលបេះដូងលោតក្នុងមួយនាទីជាដើម។
ថ្វីបើភាពពិបាកនេះកំពុងតែកើតឡើងចំពោះទំនាក់ទំនងរបស់ស្ត្រេស និងប្រព័ន្ធភាពស៊ាំក៏ដោយតែអ្នកវិទ្យាសាស្ត្រនៅតែព្យាយាមធ្វើការពិសោធន៍ដដែលៗច្រើនដងទៀតជាមួយនឹងសត្វខុសៗគ្នា ឬមនុស្សស់ដើម្បីទទួលបានលទ្ធផលដ៏ល្អមួយដែលមានហេតុផលត្រឹមត្រូវ។
តើការផ្តាសាយធ្វើឲ្យអ្នកឈឺមែនទេ?
គ្រូពេទ្យជំនាញៗជាច្រើនយល់ស្របថា រដូវរងារគឺជារដូវដែលងាយនឹងកើតជំងឺផ្តាសាយ ហើយកាលណាពួកគេស្ថិតក្នុងរដូវនេះ គឺមិនសូវចេញទៅខាងក្រៅផ្ទះទេ ហើយក៏ព្យាយាមនៅក្នុងផ្ទះកាន់តែច្រើន ដែលជាហេតុនាំឲ្យអាចចម្លងជំងឺពីមនុស្សម្នាក់ទៅម្នាក់ទៀតក្នុងផ្ទះបាន។
តាមការពិសោធន៍មួយចំនួនជាមួយនឹងសត្វកណ្តុរបានឲ្យដឹងថា កាលណាសត្វនេះប៉ះពាល់នឹងភាពត្រជាក់ច្រើន គឺមានការថយចុះសមត្ថភាពទប់ស្កាត់ការបង្ករោគ។ ប៉ុន្តែដល់ពេលធ្វើការពិសោធន៍ទៅលើមនុស្សវិញ បែរជាលទ្ធផលមានភាពច្របូកច្របលច្រើនទៅវិញ ដោយក្នុងនោះមានអ្នកខ្លះមានការបង្ករោគនៅផ្លូវដង្ហើមខាងលើ និងផ្តាសាយ ដែលអាចដោយសារតែការហាត់ប្រាណខ្លាំងពេក ឬរស់នៅក្នុងខ្យល់អាកាស់ដែលស្ងួត។
តើការហាត់ប្រាណល្អ ឬអាក្រក់ចំពោះប្រព័ន្ធភាពស៊ាំ?
ការហាត់ប្រាណទៀងទាត់គឺជាគន្លឹះដ៏ល្អមួយក្នុងការរស់នៅប្រកបដោយសុខភាពល្អ។ វានឹងពង្រឹងដល់សុខភាពប្រព័ន្ធបេះដូងសរសៃឈាម បន្ថយសម្ពាធឈាម គ្រប់គ្រងទម្ងន់រាងកាយ និងប្រឆាំងជំងឺជាច្រើន។ ប៉ុន្តែតើវាអាចជួយបង្កើនមុខងារប្រព័ន្ធភាពស៊ាំឲ្យមានសុខភាពកាន់តែល្អដែរទេ? រឿងនេះគឺមិនខុសគ្នានឹងរបបអាហារផ្តល់សុខភាពល្អនោះទេ។ ការហាត់ប្រាណអាចជំរុញដល់របត់ឈាមរត់កាន់តែល្អដោយផ្ទាល់ តាមរយៈអនុញ្ញាតិឲ្យកោសិកា និងសារធាតុរបស់ប្រព័ន្ធភាពស៊ាំធ្វើចលនាពេញរាងកាយយ៉ាងសេរី និងធ្វើការងាររបស់វាកាន់តែមានប្រសិទ្ធភាព៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com