ជាតិ
ពីនេះ ពីនោះ
ចាស់ៗ​មិន​យល់​ពាក្យ «៤១ ៤១» ?
19, Oct 2017 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
«៤១ ៤១» គឺជា​ពាក្យថ្មី​ដែល​យុវជន​សម័យ​បច្ចេកវិទ្យា​បាន​ប្រើប្រាស់​វា​នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​និយាយ​តៗ​គ្នា​។ ការប្រើ​ពាក្យ​បង្កើត​ថ្មី «៤១ ៤១» ដែល​ពុំមាន​នៅក្នុង​វចនានុក្រម​ខ្មែរ​សម្តេច ជួន ណាត នោះ បានធ្វើឱ្យ​យុវជនមួយចំនួន និងជាពិសេស មនុស្ស​ចាប់ពី​វ័យ​ចំណាស់​ឡើងទៅ​ស្ទើរតែ​ទាំងអស់ មិន​យល់​អំពី​អត្ថន័យ​នៃ​ការប្រើប្រាស់​ពាក្យ​ដែល​បង្កើត​ដោយ​យុវជន​សម័យ​ឌីជីថល​នេះឡើយ​។



​ពាក្យ «៤១ ៤១» ដែល​កំពុង​ពេញនិយម​នៅក្នុង​ស្រទាប់​យុវវ័យ​នេះ គឺ​កើតចេញពី​យុវជន​ខ្មែរ​មួយក្រុម​បាន Live វីដេអូ​តាម​ហ្វេ​ស​ប៊ុ​ក​កាលពីពេល​ថ្មីៗ​នេះ ដែល​ពួកគេ​ចង់​និយាយថា Share មួយ Share មួយ តែ​និយាយ​មិន​ច្បាស់​ឮថា «៤១ ៤១» ។ ដូច្នេះ ពាក្យ «៤១ ៤១» គឺ​មានន័យថា «Share មួយ Share មួយ​» ដែល​ពួកគេ​ចង់​សំដៅ​ទៅលើ​មិត្តភក្តិ​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​ដែល​កំពុង​មើល​ពួកគេ Live វីដេអូ ឱ្យជួយ​ចែកចាយ​វីដេអូ​នេះ​ម្នា​ក់មួយៗ​។

​ក្រៅពីនេះ​ មាន​ពាក្យថ្មីៗ​មួយចំនួនទៀត ដែល​យុវជន​សម័យ​ទំនើប​នេះ បាន​បង្កើត​វា​ឡើង​ដោយ​ពុំមាន​នៅក្នុង​វចនានុក្រម​ខ្មែរ​សម្តេច ជួន ណាត ដែលជា​វចនានុក្រម​គោល​សម្រាប់​ប្រើប្រាស់​នៅក្នុង​ភាសា​ខ្មែរ​ឡើយ​។ ពាក្យ​ទាំងនោះ​មានដូចជា​៖ ចុ​ម​, សាំ JM (​សាំ​ចុយ​ម្រា​យ​), ចាក់ដោត, បែក​ស្លុយ​, ទាល់តែ​យូរ​, ឡូយ​អស់​ស្ទះ​, Bro and Sis (បងប្រុស ឬប្អូនប្រុស និងបងស្រី ឬប្អូនស្រី​) ឡូយ​កប់​លូ​, ឌឺ​ប្រាំបួន​, ឡូយ​ប្រាំបួន​, ឃ្យូ​ត​កិប​, ឃ្យូ​តណ​ប់​, ឃ្យូ​ត​សន្លប់​, Th​x q nob, All nob jub jub, Honey bu kuk (​ហា​នី​ប៊ូគូក​) ។​ល​។

​ពាក្យ​ប្លែកៗ​ដែល​មិនមែនជា​ពាក្យ​ដើម​របស់​ខ្មែរ​ខាងលើនេះ ខ្លះ​នៅតែ​ជា​ពាក្យ​ដ៏ពេញ​​និយម​របស់​យុវជន​ក្នុងសម័យ​ឌីជីថល សម្រាប់​ប្រើប្រាស់​នៅក្នុង​ការសរសេរ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​ការនិយាយ​គ្នាដដែល រីឯ​ពាក្យ​ខ្លះទៀត ​បាន​ស្លាប់​(​លែង​ប្រើ​)​ទៅវិញក៏មាន ដោយ​ពួកគេ​យល់ថា វា​ជា​ពាក្យ​ហួស​សម័យ​ទៅហើយ​៕  


© រក្សាសិទ្ធិដោយ thmeythmey.com