អន្តរជាតិ
ស្ត្រី​វៀតណាម​ម្នាក់​បង្កើតបាន​កូនប្រុស​ដែលមាន​ទម្ងន់​ជាង​៧​គីឡូក្រាម​
19, Oct 2017 , 7:39 pm        
រូបភាព
ដោយ: ធីតា
​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់ ប្រសូត​បានកូន​ប្រុស​ទ​ម្ង​ន់ ៧.១​គីឡូក្រាម ដែល​ត្រូវបាន​ចាត់ទុកថា ជា​ទារក​ដ៏​ធ្ងន់​ម្នាក់​ដែល​បានកើត​នៅ​តំបន់​អាស៊ីអាគ្នេយ៍​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP​។



«​នៅពេលដែល​គ្រូពេទ្យ​បាន​ប្រាប់​ខ្ញុំ​ថា កូនប្រុស​ខ្ញុំ​មាន​ទម្ងន់ ៧.១​គីឡូ យើងទាំងអស់គ្នា​មិន​ជឿ​ឡើយ​»​។ លោក Tran Van Quan ឪពុក​របស់​ទារក​ឈ្មោះ Quoc និយាយ​យ៉ាង​ដូច្នេះ​ក្នុង​បទ​សម្ភាស​មួយ​ជាមួយ AFP ដោយ​បញ្ជាក់ថា ការ​ប្រសូត​ធ្វើឡើង​តាមរយៈ​ការវះកាត់​នៅក្នុង​មន្ទីរពេទ្យ​មួយ​ក្នុង​ខេត្ត Vinh Phuc របស់​វៀតណាម​។​

​នៅមុន​ប្រសូត ក្រុមគ្រូពេទ្យ បាន​ប្រាប់​អ្នកស្រី Nguyen Kim Lien ថា កូន​របស់គាត់​អាចមាន​ទម្ងន់​ប្រមាណ​៥​គីឡូក្រាម ប៉ុន្តែ​ខុសស្រឡះ និង​ធ្វើ​ឲ្យ​ម្តាយ​រូបនេះ ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។ លោក Tran Van Quan បាន​បញ្ជាក់ថា​៖ «​កូន​ខ្ញុំ​មាន​ទម្ងន់ ៧.២​គីឡូក្រាម បើ​បូក​ទាំង​ទម្ងន់​សម្លៀកបំពាក់​បន្តិច​ច​ន្តួ​ច​»​។​



​បុគ្គលិក​មន្ទីរពេទ្យ អះអាងថា ទារក​ពិត​ជាមាន​ទម្ងន់​មិនធម្មតា ប៉ុន្តែ​គាត់​មិនបាន​រៀបរាប់​អ្វី​បន្ថែម​ទៀតឡើយ​។ Quoc មាន​សុខ​ភាពល្អ​ធម្មតា ហើយ​ទារក​នេះ​ជា​កូន​ទី​ពីរ​នៅក្នុង​គ្រួសារ ដោយ​បង​របស់គេ ដែល​បានកើត​កាលពី​ឆ្នាំ​២០១៣ មាន​ទម្ងន់​តែ​៤.២​គីឡូក្រាម​ប៉ុណ្ណោះ​។​

​កាសែត​ជាច្រើន​នៅ​វៀតណាម បាន​ចុះ​ព័ត៌មាន​របស់ Quoc នៅលើ​ទំព័រមុខ​របស់ខ្លួន​។ កាលពី​ឆ្នាំ​២០០៨ ទារិកា​ម្នាក់​បាន​កើតមក​ដោយមាន​ទម្ងន់​ជិត​៧​គីឡូក្រាម​។ ទោះបីជា​យ៉ាងណាក៏ដោយ Quoc មិនអាច​ស្ថិតក្នុង​សៀវភៅ​កំណត់ត្រា Guinness World Records បានឡើយ ដោយ​កំណត់ត្រា​នេះ ធ្លាក់​ទៅលើ​ទារក​អ៊ីតាលី​ម្នាក់​កាលពី​ឆ្នាំ​១៩៥៥ ដែល​កើតមក​ក្នុង​ទម្ងន់​១០.២​គីឡូក្រាម​៕


© រក្សាសិទ្ធិដោយ thmeythmey.com