អន្តរជាតិ
លោក ស៊ី ជិន​ភីង ៖ ចិន​ប្រឆាំង​ជានិច្ច​ទម្លាប់ «​អ្នកខ្លាំង​គំរាមកំហែង​អ្នកខ្សោយ​»
19, Oct 2017 , 8:39 pm        
រូបភាព
រូបភាព៖ xinhua
រូបភាព៖ xinhua
​ប៉េកាំង​៖ អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​ចិន​លោក ស៊ី ជិន​ភីង នៅ​ថ្ងៃទី​១៨ ខែតុលា បានប្រកាសថា បក្ស​កុម្មុយនីស្ត​ចិន​ខិតខំ​យ៉ាងខ្លាំង​ដើម្បី​សុ​ខុ​មា​ភាព​របស់​ប្រជាជន​ចិន និង​ប្រជាជន​ទូទាំង​ពី​ភព​លោក ព្រោះ​ការរួមចំណែក​ដើម្បី​ពិភពលោក ជា​បេសកកម្ម​មួយ​របស់​បក្ស​។ បើតាម​សម្ដី​លោក ស៊ី ជិន​ភីង ចិន​ប្រកាន់​នយោបាយ​កាបរទេស​ឈ្នះ​-​ឈ្នះ ដើម្បី​ប្រយោជន៍​ប្រទេស​ទាំងអស់ ហើយ​ចិន​ប្រឆាំង​ដាច់ខាត​ការប្រើប្រាស់​កម្លាំង​ពី​ប្រទេសមួយ​ដើម្បី​ធ្វើបាប​ប្រទេស​មួយទៀត​។​



​ក្នុង​របាយការណ៍​ទៅកាន់​មហាសន្និបាត​លើក​ទី​១៩ នៃ​បក្ស​កុម្មុយនីស្ត​ចិន លោក ស៊ី ជិន​ភីង និយាយថា មនុស្សជាតិ​ទាំងអស់​បាន​ជួប​បញ្ហា​ប្រឈម​រួមគ្នា​ជាច្រើន​ដូចជា​គម្លាត​រវាង​អ្នកមាន និង​អ្នកក្រ បញ្ហា​សន្តិសុខ ភេរវកម្ម​និយម និង​បម្រែបម្រួល​អាកាសធាតុ​ជាដើម​។ យ៉ាងណា ចិន​នឹង​នៅតែ​បន្ត​គាំទ្រ​សន្តិភាព ការអភិវឌ្ឍ កិច្ចសហប្រតិបត្តិការ ការរក្សា​ប្រយោជន៍​ទៅវិញទៅមក​ក្នុងចំណោម​ប្រទេស​នានា​ជុំវិញ​ពិភពលោក​។​

​ជាមួយ​បញ្ហា​ទាំងអស់នេះ អគ្គលេខាធិការ​បក្ស​រូបនេះ​បានស្នើ​ឲ្យ​ពិភពលោក​ទាំងមូល​ធ្វើ្វ​ការរួម​គ្នា​ដើម្បី​កសាង​សហគមន៍​ដែល​ចែករំលែក​អនាគត​រួមគ្នា ក៏ដូចជា​កសាង​ពិភពលោក​មួយ​ដែល​ស្រស់ស្អាត បើកចំហរ ស្មើមុខស្មើមាត់ មាន​សន្តិភាព និង​ការគោរព​គ្នា​ទៀតផង​។ លោក​បន្តថា ក្នុង​ទំនាក់ទំនង​រវាង​ប្រទេស​នានា ទំនាស់​គួរ​ជំនួស​ដោយ​ការរៀន​ពីគ្នា ហើយ​ប្រទេស​តូចធំ​គួរ​ជំនួស​ដោយ​ការរស់នៅ​ជាមួយគ្នា​ដោយ​សហ​វិជ្ជមាន​វិញ​។  

​ក្នុង​សុន្ទរកថា​បី​ម៉ោង​កន្លះ​នៅ​ថ្ងៃទី​១៨ ខែតុលា លោក ស៊ី ជិន​ភីង អះអាងថា ចិន​នៅតែ​រក្សា​ជំហរ​ម៉ឺងម៉ាត់​ក្នុងការ​អនុវត្ត​នយោបាយ​ការបរទេស​សន្តិភាព គោរព​សិទ្ធិ​ប្រជាជន​ប្រទេស​ផ្សេង​ក្នុងការ​ជ្រើសរើស​ផ្លូវ​អភិវឌ្ឍ​ប្រទេស​រៀងៗ​ខ្លួន​។ លើសពីនោះ ក្រុង​ប៉េកាំង​ក៏​គោរព​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​ការ​ស្មើភាព និង​យុត្តិធម៌ ប្រឆាំង​ដាច់​ការ​លូកលាន់​កិច្ចផ្ទៃក្នុង​ប្រទេស​ផ្សេង ព្រមទាំង​ប្រឆាំង​ទម្លាប់​អ្នកខ្លាំង​ធ្វើបាប ឬ​សម្លុត​កំហែង​អ្នកខ្សោយ​ដែរ​។​

​ទោះជា​ចិន​ប្រកាន់​នយោបាយ​ការបរទេស​ឯករាជ្យ មិន​កេងចំណេញ​ប្រទេស​ផ្សេង​ក្ដី លោក ស៊ី ជិន​ភីង ក៏​សង្កត់ធ្ងន់​ដែរ​ថា ចិន​ក៏​បោះបង់​សិទ្ធិ​ស្របច្បាប់ និង​ផលប្រយោជន៍​របស់ខ្លួន​ដែរ​។ លោក​ថ្លែង​បែប​ព្រមាន​ប្រទេស​ដទៃ​ថា កុំ​រំពឹង​ចិន​សុខចិត្ត​លេប​ថ្ម​លេប​គ្រួស​ដែល​ប៉ះពាល់​ប្រយោជន៍​ខ្លួនឯង​ឲ្យ​សោះ ហើយ​ការអភិវឌ្ឍ​របស់​ចិន ក៏​មិនមែនជា​ការគំរាមកំហែង​ប្រទេស​ណា​ដែរ ឯ​ការអភិវឌ្ឍ​វិស័យ​ការពារជាតិ​វិញ គឺជា​ការការពារ​ខ្លួន​សុទ្ធសាធ​។​

​ឆ្លៀតឱកាស​នោះដែរ មេដឹកនាំ​ចិន​រូបនេះ​ក៏​សន្យា​បង្កើន​ជំនួយ​បន្ថែមទៀត​ទៅកាន់​ប្រទេស​កំពុង​អភិវឌ្ឍ ជាពិសេស​ប្រទេស​ដែល​អភិវឌ្ឍ​តិចតួច និង​បំពេញ​តួនាទី​របស់ខ្លួន​ដើម្បី​បង្រួម​គម្លាត​រវាង​ប្រទេស​លោក​ខាងជើង និង​ក្រុម​ប្រទេស​លោក​ខាងត្បូង​ដែរ​។ សម្រាប់​កិច្ចការ​ពិភពលោក ចិន​គោរព​គោលការណ៍​ប្រជាធិបតេយ្យ និង​គោលការណ៍៍​ស្មើភាព​គ្នា មិន​ថា​ប្រទេស​តូច​ឬ​ធំ ប្រទេស​ក្រីក្រ​ឬ​មាន ប្រទេស​ខ្លាំង​ឬ​ខ្សោយ​អ្វី​ឡើយ​៕ 


Tag:
 19thCPC
  ចិន​
  ស៊ី ជិន​ភីង
© រក្សាសិទ្ធិដោយ thmeythmey.com