អន្តរជាតិ
ក្រោយ​រំដោះ​ពី​ភេរវជន ក្រុង​ម៉ា​រ៉ាវី​នឹងត្រូវ​ស្ថាបនា​ឡើងវិញ​ដោយ​ចំណាយ​ទឹកប្រាក់​ច្រើនជាង ៥៨៤​លាន​ដុល្លារ
19, Oct 2017 , 9:39 pm        
រូបភាព
រូបភាព៖ ABS-CBN
រូបភាព៖ ABS-CBN
​រដ្ឋាភិបាល​ហ្វីលីពីន​បានប្រកាស​ពី​គម្រោង​សាងសង់​ទីក្រុង​ម៉ា​រ៉ាវី (Marawi) ដែល​រងគ្រោះ​ដោយសារ​ការប្រយុទ្ធ​គ្នា​រវាង​កម្លាំង​រដ្ឋាភិបាល​និង​ក្រុម​ភេរវជន​បណ្តាញ​ក្រុម​រដ្ឋ​ឥស្លាម​ឬ​ដែ​ស្ហ​ឡើងវិញ​។ គម្រោង​នឹង​ចាប់ផ្តើម​នៅ​ដើមឆ្នាំ​ក្រោយ​ដោយ​ចំណាយ​ទឹកប្រាក់​សរុប ៥៩៤ លាន​ដុល្លារ​អាមេរិក​ឯណោះ​។



​រដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការងារ​គ្រប់គ្រង​ថវិកា​ហ្វីលីពីន​លោក Benjamin Diokno បានប្រកាសថា គម្រោង​សាងសង់​ទីក្រុង​ម៉ា​រ៉ាវី​ឡើងវិញ​អាច​នឹងត្រូវ​អនុវត្ត​នៅ​ដើមឆ្នាំ ២០១៨ ខាងមុខនេះ​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters  មន្ត្រីជាន់ខ្ពស់​ខាងលើ​បាន​រៀបរាប់ថា រដ្ឋាភិបាល​ហ្វីលីពីន​កំពុង​ស្វះ​ស្វែងរក​ថវិកា​ឲ្យ​បាន ៣០​ពាន់​លាន​ប៉ឺ​សូ ដែល​ស្មើ ៥៨៤ លាន​ដុល្លារ​អាមេរិក​ដើម្បី​យកមកប្រើ​ប្រាស់​ក្នុង​គម្រោង​កសាង​ទីក្រុង​នេះ​ឡើងវិញ​ផងដែរ​។ ដើម្បី​រកបាន​លុយ​គ្រប់​ចំនួន​នេះ រដ្ឋាភិបាល​ហ្វីលីពីន​ក៏បាន​ប្រកាស​លក់​សញ្ញាប័ណ្ណ​ក្នុងស្រុក​រយៈពេល ២០​ឆ្នាំ​។ 

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​ខាងលើ​ដដែល ធនាគារពិភពលោក​បាន​ប្រកាស​សហការ​ជាមួយ​រដ្ឋាភិបាល​ហ្វីលីពីន​ដើម្បី​ជំរុញ​គម្រោង​សាងសង់​ទីក្រុង​ឡើងវិញ និង​ជំរុញ​ការកសាង​សន្តិភាព​នៅក្នុង​តំបន់​ភាគខាងត្បូង​ទាំងមូល​។ ធនាគារ​នេះ​អាច​នឹង​ជួយផ្តល់​ជំ​នួន​ជាពិសេស​ផ្នែក​បច្ចេកទេស​ដល់​ហ្វីលីពីន​ដើម្បី​កសាង​ទីក្រុង​នេះ​ឡើងវិញ​ដែរ​។​

​កន្លងមក លោក ឌូ​ទើ​តេ បាន​ថ្លែង​ការ​ដើម្បី​កសាង​ទីក្រុង​ទាំងមូល​បាន វា​ត្រូវ​ចំណាយ​យ៉ាងហោចណាស់​ក៏ ៥០​ពាន់​លាន​ប៉ឺ​សូ​ដែរ ព្រោះ​វា​មានការ​ខូចខាត​ធ្ងន់ធ្ងរ​នៅក្នុង​ទីក្រុង​ដែលមាន​ប្រជាជន​ម៉ូ​ស្លី​ម​រស់នៅ​ច្រើន​នា​កោះ មិន​ដា​ណាវ​នេះ​។

​ចំណែក​រដ្ឋមន្ត្រី​ការពារជាតិ​ហ្វីលីពីន បានលើកឡើង​ដែរ​ថា គេ​អាច​ចាប់ផ្តើម​គម្រោង​សាងសង់​ទីក្រុង​ម៉ា​រ៉ាវី​នៅ​ដើមខែ​មករា​បាន ព្រោះ​នៅពេលនេះ​ទីក្រុង​នេះ​នៅ​មិនទាន់មាន​ស្ថិរភាព ហើយ​ផ្នែក​ខ្លះ​នៅមាន​គ្រាប់បែក ឬ​គ្រឿងផ្ទុះ​នៅឡើយ​។
អត្ថបទទាក់ទង

​នៅ​ដើម​សប្តាហ៍​នេះ ប្រធានាធិបតី​ហ្វីលីពីនបានប្រកាស​ពិជ័យ​ជម្នះ​ក្នុងការ​ដណ្តើម​ទីក្រុង ម៉ា​រ៉ាវី​ពី​ក្រុម​ភេរវជន​វិញ ខណៈដែល​ការប្រយុទ្ធ​នៅ​បន្ត​នៅ​តំបន់​មួយចំនួន​តូច​។ ការ​ឈានទៅ​ប្រកាស​ពី​ការរំដោះ​ទីក្រុង​មកវិញ​របស់​រដ្ឋាភិបាល​ហ្វីលីពីន​នេះ កើតឡើង​ក្រោយ​ពេលដែល​រដ្ឋមន្ត្រី​ការពារជាតិ​ហ្វីលីពីន​ប្រកាសថា មេខ្លោង​ក្រុម​ភេរវជន និង​តំណាង​ក្រុម​ភេរវជន​ដែ​ស្ហ​ប្រចាំ​អាស៊ីអាគ្នេយ៍ Isnilon Hapilon ត្រូវបាន​យោធា​ហ្វីលីពីន​សម្លាប់​ដោយ​ជោគជ័យ​ហើយ​។

​សូម​រម្លឹក​ផងដែរ​ថា ថ្ងៃ​២៣ ខែឧសភា ក្រុម​ភេរវជន Maute ដែលមាន​ភក្តីភាព​ចំពោះ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម ឬ​ក្រុម​ដែ​ស្ហ​នោះបាន​វាយប្រហារ​និង​ដណ្តើម​កាន់កាប់​ទីក្រុង​ម៉ា​រ៉ាវី​ស្ថិតនៅ​កោះ​មិន​ដា​ណាវ​។ ក្រោយ​ការវាយប្រហារ កងកម្លាំង​សន្តិសុខ​ហ្វីលីពីន​បាន​បន្ត​ហ៊ុមព័ទ្ធ និង​ប្រយុទ្ធ​សស្រាក់សស្រាំ​ដើម្បី​កម្ចាត់​ក្រុម​ភេរវជន​។ គេ​ឃើញ​មានការ​ប្រើប្រាស់​ការបាញ់​ផ្លោង​កាំភ្លើង​ធំ និង​វាយប្រហារ​តាមផ្លូវ​អាកាស​រៀងរាល់​ថ្ងៃ​ផងដែរ​ចាប់ពីពេលនោះ​មក​ដើម្បី​បោសសម្អាត​ភេរវជន​។ មនុស្ស​មិនតិចជាង  ១០០០ នាក់​ឡើយ​ដែល​បាន​ស្លាប់​ក្នុងការ​ប្រយុទ្ធ​គ្នា ហើយ​ជាង​បួន​សែន​នាក់​បាន​បាត់បង់​ជម្រក​និង​រត់​ភៀសខ្លួន​៕


Tag:
 Marawi
  ហ្វីលីពីន​
  Benjamin Diokno
  រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ
© រក្សាសិទ្ធិដោយ thmeythmey.com