កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកជំនួញ​ស្ត្រី​ម្នាក់​ចង់​ទិញ Newcastle និង​ឲ្យ Benitez ជិត​៤០០​លាន​ដុល្លារ​ដោះដូរ​កីឡាករ
19, Oct 2017 , 10:19 pm        
រូបភាព
អ្នកស្រី Amanda Staveley អំឡុងពេលទៅទស្សនាការប្រកួតបាល់ទាត់នៅកីឡដ្ឋាន St James Park
អ្នកស្រី Amanda Staveley អំឡុងពេលទៅទស្សនាការប្រកួតបាល់ទាត់នៅកីឡដ្ឋាន St James Park
​អ្នកស្រី Amanda Staveley ដែលជា​អ្នកជំនួញ​ល្បីឈ្មោះ​ម្នាក់​បានដាក់​សំណើរ​ដេញថ្លៃ​តម្លៃ ៣០០ លាន​ផោន ប្រហែល​ជាង ៣៩៥​លាន​ដុល្លារ ដើម្បី​ទិញ​ក្លិប Newcastle United ដែល​បានប្រកាស​លក់​កាលពី​ប៉ុន្មាន​ថ្ងៃមុន​។



​ក្រោយ​ម្ចាស់​ក្លិប Newcastle United បានប្រកាស​ដាក់លក់​ក្លិប​នេះ​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​១៧ ខែតុលា​កន្លងមក នៅពេលនេះ​ស្ត្រី​អ្នកជំនួយ​ជនជាតិ​អង់គ្លេស និង​ជា​ម្ចាស់​ក្រុមហ៊ុន​វិនិយោគ PCP Capital Partners ដែល​គាំទ្រ​ដោយ​ក្រុមហ៊ុន​វិនិយោគ​ពី​មជ្ឈិមបូព៌ា និង​ចិន​ក្នុង​រង្វង់​ទឹកប្រាក់ ២៨ ពាន់​លាន​ផោន ប្រមាណ​ជិត ៣៧​ពាន់​លាន​ដុល្លារ ត្រូវបាន​គេ​យល់ថា​កំពុង​ចរចា​ជាមួយ​លោក Mike Ashley ដែលជា​ម្ចាស់​ក្លិប​។​

​សារព័ត៌មាន​អង់គ្លេស Telegraph ផ្សាយ​ថា ស្ត្រី​អ្នកជំនួយ​វ័យ​៤៤​ឆ្នាំនេះ ចង់​សម្រេច​ការផ្ទេរ​អោយបាន​ចប់សព្វគ្រប់​នៅ​ថ្ងៃ​ណូអែល​តែម្តង ក្នុង​រង្វង់​ទឹកប្រាក់ ៣៩៥​លាន​ដុល្លារ ដើម្បី​យក​ក្លិប Newcastle មកកាន់​កាប់​។ ប្រសិនបើ​ការផ្ទេរ​ជោគជ័យ អ្នកស្រី​នឹង​ផ្តល់ប្រាក់​ជិត​៤០០​លាន​ដុល្លារ​ដល់​អ្នកចាត់ការ​ទូ​ទៅ​ក្រុម​សារិកា​ព្រៃ​បច្ចុប្បន្ន​គឺ​លោក Rafa Benitez បន្ថែមទៀត​ដើម្បី​ទិញដូរ​កីឡាករ​។​



​អ្នកស្រី Staveley ក៏​ជា​បុគ្គល​សំខាន់​ម្នាក់​ដែល​ជួយ​សម្របសម្រួល​ឲ្យ​មានការ​ទិញយក​ក្លិប Manchester City របស់​ព្រះ​ចៅ​ស៊ុ​លត​ង់ Sheik Mansour នៃ​ប្រទេស​អារ៉ាប់​រួម​អេ​មេ​រ៉ា​ត​កាលពី​ឆ្នាំ​២០០៨​ផងដែរ​។​

​សូមបញ្ជាក់ថា លោក Mike Ashley បាន​ចំណាយ​ប្រាក់​១៣០​លាន​ផោន ប្រមាណ ១៧២​លាន​ដុល្លារ​ទិញយក​ក្លិប​ក្នុង​ក្របខណ្ឌ Premier League មួយ​នេះ​កាលពី​ឆ្នាំ​២០០៧​។ ក្រោម​ការកាន់កាប់​រប​ស់លោក​រយៈពេល​មួយ​ទសវត្សរ៍​មក Newcastle United ធ្លាប់​ធ្លាក់​ទៅកាន់​លី​ក​លំដាប់​ទី​២ Championship ២​ដង​៕


Tag:
 បាល់ទាត់​
  Newcastle United
  Amanda Staveley
© រក្សាសិទ្ធិដោយ thmeythmey.com