អន្តរជាតិ
លោក ស៊ី ជិន​ពីង​៖ ចិន មាន​ទាំង​ឆន្ទៈ និង​កងទ័ព បំបែក​ការប៉ុនប៉ង​ប្រកាស​ឯករាជ្យ​របស់​តៃវ៉ាន់​
19, Oct 2017 , 10:59 pm        
រូបភាព
ដោយ:
​ក្នុង​មហាសន្និបាត​បក្ស​កុ​ម្មុយ​នី​ស​ចិន លោក​ប្រធាន​ធិបតី ស៊ី ជិន​ពីង មិន​ព្រងើយកន្តើយ​បញ្ហា​កោះ​តៃវ៉ាន់​ឡើយ ។ ប្រធានាធិបតី​រូបនេះ បាន​ព្រមាន​ត្រង់ៗ និង​ធ្ងន់ៗ​ទៅកាន់​កោះ​តៃវ៉ាន់ ដោយ​អះអាងថា ចិន នឹង​ចាត់​វិធាន​គ្រប់បែបយ៉ាង​ដើម្បី​កម្ទេច និង​បញ្ឈប់​ចលនា​និង​ការប៉ុនប៉ង​ប្រកាស​ឯករាជ្យ​ពី​ចិន​នោះ ។​



​លោក​ប្រធានាធិបតី ស៊ី ជិន​ភីង នៅ​ថ្ងៃ​១៨ តុលា បាន​ថ្លែង​ក្នុង​មហាសន្និបាត​បក្ស​កុម្មុយនីស្ត​ដូច្នេះ​ថា​៖ ចិន មាន​ទាំង​ដំណោះស្រាយ ទំនុកចិត្ត និង​សមត្ថភាព ក្នុងការ​ទប់ទល់​ក្រុម​ផ្តាច់ខ្លួន ដែល​បាន​ប៉ុនប៉ង​ប្រកាស​ឯករាជ្យ​កោះ​តៃវ៉ាន់​ពី​ការគ្រប់គ្រង​របស់​ចិន​គ្រប់​ទម្រង់​។

​ក្នុងនាម​ជា​អគ្គលេខាធិការ​បក្ស ដែលជា​តួអង្គ​ស្នូល នៃ​មហាសន្និបាត លោក ស៊ី ជិន​ភីង បាន​បន្ថែមទៀតថា ចិន នឹងមិន​អនុញ្ញាត​ឲ្យ​ជន​ណា ស្ថាប័ន​ណា ឬ​បក្ស​ណាមួយ បំបែក ឬ​ផ្តាច់ខ្លួន​ផ្នែក​ណាមួយ​នៃ​អធិបតេយ្យ​ពី​ចិន​ឡើយ ។ នេះ​បើ​យោងតាម ប្រភពព័ត៌មាន​ដដែល ។

​សូម​ជម្រាប​ផងដែរ​ថា ទំនាក់ទំនង​ចិន និង​កោះ​តៃវ៉ាន់ បាន​មាន​ភាព​តានតឹង​ខ្លាំង ក្រោយពី​ប្រធានាធិបតី តៃវ៉ាន់​ថ្មី លោកស្រី Tsai Ing-wen បាន​ឡើងកាន់តំណែង ។ នោះ ក៏​ព្រោះតែ​មេដឹកនាំ​តៃវ៉ាន់​រូបនេះ មាន​និន្នាការ​ចង់​ប្រកាស​តៃវ៉ាន់​ជា​រដ្ឋ​ឯករាជ្យ ។

​យ៉ាងណាក៏ដោយ គិត​ចាប់ពី​ឆ្នាំ​១៩៤៩ មក ចិន មិនដែល​បណ្តែតបណ្តោយ​ឲ្យ​តៃវ៉ាន់ មានលទ្ធភាព​និង​សមត្ថភាព​លើ​ប​លុប​ដើម្បី​ប្រកាស​ឯករាជ្យ​បានឡើយ ។ តាមរយៈ​គោលនយោបាយ​ចិន​តែមួយ ក្រុង​ប៉េកាំង បានដាក់ សម្ពាធ​ប្រឆាំង​តៃវ៉ាន់​ទាំង​តាមរយៈ​គោលនយោបាយ​ការទូត និង​យោធា​តែម្តង ៕


Tag:
 ចិន​
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com