អន្តរជាតិ
ស៊ី ជិន​ភីង ក្លាយជា​មេដឹកនាំ​មាន​ឥទ្ធិពល​ខ្លាំង​បំផុត​បន្ទាប់ពី ម៉ៅ សេទុង​
19, Oct 2017 , 11:19 pm        
រូបភាព
រូបភាព៖ AP
រូបភាព៖ AP
​លោក ស៊ី ជិន​ភីង ក្លាយជា​ប្រធានាធិបតី ចិន​នៅក្នុង​ឆ្នាំ ២០១២​។ នៅក្នុង​មហាសន្និបាត​បក្ស​កុម្មុយនីស្ត​លើក​ទី ១៩ ថ្ងៃ ១៨ ខែតុលា​សប្តាហ៍​នេះដែរ លោក ស៊ី ជិន​ភីង ដែល​បច្ចុប្បន្ន​ជា​អគ្គលេខាធិការ​បក្ស​ផង និង​ជា​ប្រធានាធិបតី​ផង​នោះ​នឹង​ត្រូវគេ​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​ឲ្យ​បន្ត​ដឹកនាំ​មួយ​អាណត្តិ​ទៀត​សម្រាប់​រយៈពេល​ប្រាំ​ឆ្នាំ ។



​ក្រោយ​ដឹកនាំ​មហា​យក្ស​ចិន អស់​ប្រាំ​ឆ្នាំ លោក ស៊ី ជិន​ភីង ត្រូវបាន​គេ​ចាត់ទុកជា​មេដឹកនាំ​ដែលមាន​ឥទ្ធិពល​បំផុត​លើ​ពិភពលោក​នេះ និង​ជាម​នុស្ស​ដែលមាន​ឥទ្ធិពល​បំផុត​ក្នុង​បក្ស​បន្ទាប់ពី​លោក​ប្រធាន ម៉ៅ សេទុង ផង​នោះ​។​

​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​មកនេះ លោក​យក​គោលនយោបាយ​កណ្តាប់ដៃ​ដែក​កម្ចាត់​ពុករលួយ​ទៅ​បោសសម្អាត​រាល់​គូបដិបក្ខ​នយោបាយ​ទុក​តែ​មនុស្ស​មាន​ភក្តីភាព និង​មោះមុត​ចំពោះ​លោក​និង​បក្ស​។ ក្រៅពីនេះ លោក​បិទមាត់​រាល់​អ្នក​រិះគន់ ឬ​ប្រឆាំង និង​ប្រឹងប្រែង​ទាញយក​ប្រជាប្រិយភាព​ពី​ពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ ក៏ដូចជា​ពង្រឹង​អំណាច​ផង​។  អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នៅពេលនេះ លោក ស៊ី ជិន​ភីង ប្រហែលជា​នឹង​ជំរុញ​ការកែ​រដ្ឋធម្មនុញ្ញ​បក្ស និង​បញ្ចូល​ឈ្មោះ និង​គំនិត​នយោបាយ​របស់លោក​ផ្ទាល់​ក្នុង​លិខិតបទដ្ឋាន​កំពូល​របស់​បក្ស​ផង​។



​បញ្ចូល​ឈ្មោះ​ខ្លួន​ក្នុង​រដ្ឋធម្មនុញ្ញ​បក្ស​នេះ គឺជា​យុទ្ធសាស្ត្រ​សំខាន់​ក្នុងការ​ពង្រឹង​អំណាច ហើយ វា​នឹងធ្វើ​ឲ្យ​លោក​ស្ថិតក្នុង​ឋានៈ​ដែល​ស្មើមុខ ស្មើ​មាត់​ស្ថាបនិក និង​ជា​អ្នក​កសាង​ប្រទេស​ចិន​កន្លងមក​ដូចជា​លោក ម៉ៅ សេទុង និង​លោក តេង ស៊ា​វ​ភីង​ផងដែរ​។  ទាំង​ម៉ៅ សេទុង និង តេង ស៊ា​វ​ភីង​សុទ្ធ​តែមាន​ទ្រឹស្តី​នយោបាយ​និង​ឈ្មោះ​របស់ខ្លួន​ក្នុង​រដ្ឋធម្មនុញ្ញ​បក្ស ប៉ុន្តែ អតីត​ប្រធានាធិបតី​លោក ចាង ជេ​មីន និង​លោក ហ៊ូ ជិន​តាវ មិនមាន​ឈ្មោះ​ផ្ទាល់​ឡើយ​។​

​ខាងក្រោម​នេះ​ជា​ជីវប្រវត្តិ​សង្ខេប​របស់​មេដឹកនាំ​កំពូល​របស់​ចិន ស៊ី ជិន​ភីង នេះ​៖
 
​លោក ស៊ី ជិន​ភីង កើត​នៅក្នុង​ឆ្នាំ ១៩៥៣ នៅក្នុង​រដ្ឋធានី​ប៉េកាំង ត្រឹម​បួន​ឆ្នាំ​ប៉ុណ្ណោះ​ក្រោយ​ការប្រកាស​សាធារណរដ្ឋ​ចិន​ជា​ផ្លូវការ​ដោយ​លោក ម៉ៅ សេទុង​។ លោក​ជា​កូនប្រុស​របស់​អតីត​សមាជិក​ស្ថាបនិក​បក្ស​កុម្មុយនីស្ត និង​ជន​បដិវត្តន៍​ជាន់ខ្ពស់​ដ៏​ស្មោះស្ម័គ្រ​ម្នាក់​នៃ​បក្ស​កុម្មុយនីស្ត​លោក Xi Zhongxun​។

​យ៉ាងណាមិញ​ក្រុមគ្រួសារ​លោក​ចាប់ផ្តើម​ប្រែប្រួល​នៅក្នុង​ឆ្នាំ ១៩៦២ មុន​ពេលដែល​បដិវត្ត​ន៍​វប្បធម៌​កើតឡើង​។​ឪពុក​របស់លោក​ត្រូវបាន​គេ​ចាប់ខ្លួន និង ដាក់ពន្ធនាគារ​ផងដែរ​។ នៅ​អាយុ ១៥ ឆ្នាំ លោក​ស៊ី ជិន​ភីង បាន​ទៅ​រៀនសូត្រ​នៅ​តំបន់​ដាច់ស្រយាល និង​ក្រីក្រ ភូមិ Liangjiahe ក្នុង​រយៈពេល​ប្រាំពីរ​ឆ្នាំ​ឯណោះ​។​


​បើទោះជា​ក្រុមគ្រួសារ​លោក​ក្លាយជា​ជនរងគ្រោះ​ក្នុង​ជំនាន់​បដិវត្តន៍វប្បធម៌​ដោយសារ​បក្ស​កុម្មុយនីស្ត​ក្តី លោក ស៊ី  ជិន​ភីង មិនមាន​គំនិត​ប្រឆាំង​គណបក្ស​នេះឡើយ​។ លោក​នៅតែ​បន្ត​គាំទ្រ និង​ឈានទៅ​ចូលក្នុង​បក្ស​ថែមទៀត បើទោះជា​សំណើរ​របស់លោក​ត្រូវគេ​បដិសេធ​ច្រើនដង​ដោយសារ​ប្រវត្តិ​ឪពុក​របស់លោក​ក្តី​។

​ព្រោះ​មិន​បោះបង់​មហិច្ឆតា​ចូលរួម​ជាមួយ​បក្ស លោក ស៊ី បាន​ក្លាយជា​សមាជិក​ប​ក្ស​ជា​ផ្លូវការ​នៅ​ឆ្នាំ ១៩៧៤ និង​បន្ត​ប្រឹងប្រែង​រហូត​ឡើង​តំណែង​ជា​បន្តបន្ទាប់​។ ក្រោយពេល​ក្លាយជា​សមាជិក​បក្ស​កុម្មុយនីស្ត លោក ស៊ី បានចាប់ផ្តើម​បន្ត​ការសិក្សា​ផ្នែក​វិស្វករ​គីមី​នៅ​សាកលវិទ្យាល័យ Tsinghua និង​ទទួលបាន​សញ្ញាបត្រ​បរិ​ញ្ញាប​ត្រ​ជា​ផ្លូវការ​នៅ​ឆ្នាំ ១៩៧៩​។

​ចន្លោះ​ពី​ឆ្នាំ ១៩៧៩ ដល់​ឆ្នាំ ១៩៨២ លោក ស៊ី បាន​បម្រើ​ការងារ​ក្នុង​អនុប្រធាន​ទីបញ្ជាការ​យោធា​មជ្ឈិម ហើយ​លោក​បាន​រៀនសូត្រ និង​ទទួលបាន​ពិសោធន៍​ច្រើន​ពាក់ព័ន្ធ​បញ្ហា​យោធា​។ ក្នុងពេល​បំពេញការងារ​ក្នុង​វិស័យ​កងទ័ព លោក ស៊ី ជិន​ភិ​ង បាន​ស្គាល់ និង​ឈានទៅ​រៀបការ​ជាមួយ​ភរិយា​ទីមួយ​របស់ខ្លួន​លោកស្រី Ke Lingling ជា​កូនស្រី​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ចក្រភព​អង់គ្លេស​។ ប៉ុន្តែ​ចំណងអាពាហ៍ពិពាហ៍​នោះ​ត្រូវ​បញ្ចប់​ត្រឹម​ពីរ​បី​ឆ្នាំក្រោយ​ការរៀប​អាពាហ៍ពិពាហ៍​ប៉ុណ្ណោះ​។

​ចាប់ពី​ឆ្នាំ ១៩៨៣ ដល់​ឆ្នាំ ២០០៧ លោក ស៊ី ជិន​ភីង​ចាប់ផ្តើម​កាន់កាប់​ការងារ​ខ្ពស់ៗ​ក្នុង​បក្ស​កុម្មុយនីស្ត​ប្រចាំខេត្ត​។ លោក​ចាប់ផ្តើម​ការងារ​ដឹកនាំ​ក្នុង​បក្ស​ដំបូង​នៅ​ខេត្ត Hebei ។ បន្ទាប់មក​លោក​បាន​ទៅកាន់​តំណែង​ជា​អភិបាលរងក្រុង Xiamen នៃ​ខេត្ត Fujian ហើយ​ក្នុងពេលនោះ​លោក​បាន​រៀបការ​ជាមួយ​តារាចម្រៀង​លោកស្រី Peng Liyuan​។ ក្រោយ​រៀប​អាពាហ៍ពិពាហ៍ អ្នក​ទាំងពីរ​បានកូន​ស្រី​ម្នាក់​ឈ្មោះ Xi Mingze ហើយ​នាង​បានទទួល​ការរៀនសូត្រ​នៅ​សាកលវិទ្យាល័យ Harvard ផងដែរ ប៉ុន្តែ​នាង​មិនសូវ​ចេញមុខ​ជា​សាធារណៈ​និង​ត្រូវបាន​គេ​ស្គាល់​ច្រើន​ឡើយ​។​

​តម​កទៀត លោក​ស៊ី ជិន​ភីង ត្រូវបាន​គេ​ដំឡើង​តំណែង​ទៅជា​អភិបាលខេត្ត និង​ជា​លេខាធិការ​បក្ស​ខេត្ត Fujian និង​ខេត្ត Zhejiang ផងដែរ​។ ឆ្នាំ ២០០៧ លោក​បាន​ឡើង​តំណែង​ទៅជា​លេខាធិការ​បក្ស​កុម្មុយនីស្ត​ក្រុង​សៀង​ហៃ ខណៈពេលដែល​ការដឹក​នាំនៅ​ក្រុង​នេះ​ប្រឈម​រឿងអាស្រូវ និង​រង្គោះរង្គើរ​ខ្លាំង​។ ក្រោម​ការដឹកនាំ​របស់​លោក ក្រុង​សៀង​ហៃ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី ដែល​សមិទ្ធផល​នេះ​បានធ្វើ​ឲ្យ​លោក​មានឱកាស​ក្លាយជា​សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​នៃ​ការិយាល័យ​នយោបាយ​។ ដើមឆ្នាំ ២០០៨ លោក ស៊ី ជិន​ភីង ត្រូវបាន​គេ​បោះឆ្នោត​ជ្រើសរើស​ឲ្យ​ធ្វើជា​អនុ​ប្រធានាធិបតី​ចិន​ជា​ផ្លូវការ និង​ជា​អ្នកទទួលខុសត្រូវ​ដឹកនាំ​និង​រៀបចំ​ទទួល​កីឡា​អូឡាំពិក​រដូវក្តៅ​ឆ្នាំ ២០០៨​។ 

​រហូតដល់​ចុងឆ្នាំ ២០១២ អ្នកនយោបាយ​រូបនេះ​ត្រូវបាន​គេ​បោះឆ្នោត​ជ្រើសរើស​ជា​អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​ចិន និង​ជា​ប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈិម​ដែលជា​ស្ថាប័ន​កំពូល​របស់​បក្ស​ផង​។ បន្ទាប់មកទៀត​នៅ​ខែមីនា​ឆ្នាំ ២០១៣  លោក ស៊ី ត្រូវបាន​គេ​បោះឆ្នោត​ជ្រើសរើស​ឲ្យ​ធ្វើជា​ប្រធានាធិបតី ឬ​ប្រមុខរដ្ឋ​ចិន ហើយ​ក្នុងពេល​នោះដែរ​លោក​បាន​ថ្លែង​សុន្ទរកថា​ផ្លូវការ​មួយ​ដែល​ផ្តោត​សំខាន់​លើ​ការកសាង​ប្រជា​ជាតិចិន​សម័យ​ទំនើប និង​ធ្វើយ៉ាងណា​កសាង​មុខមាត់​ចិន​លើ​ឆាក​អន្តរជាតិ​ឲ្យ​បាន​ខ្លាំងក្លា​ផង​។​



​ក្រោម​ការដឹកនាំ​របស់​លោក ស៊ី ជិន​ភីង ចិន​បាន​ផ្លាស់ប្តូរ​មុខមាត់​របស់ខ្លួន​ជាពិសេស​លើ​ឆាក​អន្តរជាតិ លើ​ការកសាង​អំណាច​ទន់ និង ពង្រីក​តួនាទី​របស់​មហា​យក្ស​ចិន​ក្នុង​ឆាក​អន្តរជាតិ​ឲ្យ​ស្មើមុខស្មើមាត់​មហាអំណាច​ឯទៀត​ផងដែរ​។ ដូច​ឃើញស្រាប់ ដាក់ចេញ​«​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​មួយ​វិថី​មួយ​» (BRI) របស់លោក ស៊ី ជិន​ភីង នៅ​ឆ្នាំ ២០១៣ ដើម្បី​ប្រមែរ​ប្រមូល​ប្រទេស​នានា​ឲ្យ​ចូលរួម​ក្នុងការ​ជំរុញ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជួយ​ដល់​ការផ្សាភ្ជាប់​និង​ជំរុញ​ពាណិជ្ជកម្ម​ជាដើម​។ ដើម្បី​ធានា​ការអនុវត្ត​គម្រោង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នេះ ចិន​បាន​បង្កើត​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី (AIIB)​ឆ្នាំ ២០១៥ ថែម​ទៀតផង​។​

​មហា​យក្ស​ចិន​បន្ត​ប្តេជ្ញា​បើកចំហ​ទីផ្សារ និង គាំទ្រ​ពាណិជ្ជកម្ម​សេរី​ដែល​ជួយ​ជំរុញ​ឲ្យ​សេដ្ឋកិច្ចពិភពលោក​រីក​ចម្រើន​ទៅមុខ​។  មួយទៀត ចិន​បន្ត​បង្កើន​តួនាទី និង​ការចូលរួម​របស់​ចិន​ក្នុងការ​ដោះស្រាយ​បញ្ហា​បរិស្ថាន​ពិភពលោក​ដូចជា​ការប្រែប្រួល​អាកាសធាតុ លើកកម្ពស់​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព ស្រប​ពេលដែល​មហាអំណាច​ដូចជា​អាមេរិក​ដកខ្លួន​ចេញ​ឈប់​ចូលរួម​ដោះស្រាយ​បញ្ហា​ពិភពលោក​នោះ​។

​ចំណែក​សមិទ្ធផល​ក្នុងស្រុក​វិញ លោក ស៊ី ជិន​ភីង បាន​ពង្រឹង​ការកែទម្រង់​ការដឹកនាំ​តាមរយៈ​ការ​បោសសម្អាត​អំពើពុករលួយ និង​ធ្វើយ៉ាងណា​ធាន​ការរីកចម្រើន និង​អភិវឌ្ឍ​សេដ្ឋកិច្ច​ចិន​ជា​លំដាប់​។  លោក ស៊ី ជិន​ភីង បន្ត​អនុវត្ត​គោលនយោបាយ​កណ្តាប់ដៃ​ដែក​ធានា​បោសសម្អាត​អំពើពុករលួយ​ដែលជា​ឧបសគ្គ​នៃ​ការអភិវឌ្ឍ​ប្រទេស ដោយ​ចាប់ចង កាត់ទោស និង​ដាក់​ពន្ធ​ធានា​គារ​មន្ត្រី​ជាន់​ទាប​ដល់​កំពូល​អស់ ១,៣​លាន​នាក់​ឯណោះ​។​

​រដ្ឋាភិបាល​ចិន​បន្ត​កាត់បន្ថយ​ភាពក្រីក្រ​បាន​យ៉ាង​រហ័ស​តាមរយៈ​ការអនុវត្ត​គោលនយោបាយ​កែទម្រង់សេដ្ឋកិច្ច និង​របប​គ្រប់គ្រង​សង្គម​បែប​ប្រជាធិបតេយ្យ​ដែល​ពឹង​លើ​នយោបាយ​សេដ្ឋកិច្ច​ទីផ្សារសេរី​។ សមិទ្ធផល​សំខាន់​មួយទៀត​នោះ​គឺ​លោក​បានសម្រេច​បញ្ចប់​គោលនយោបាយ​កូន​មួយ​ដែល​បាន​អនុវត្ត​ក្នុងសង្គម​ចិន​អស់​ជាច្រើន​ទសវត្ស៍​មក​នោះ​។   

​បន្ថែម​ពីនេះ រដ្ឋាភិបាល​លោក ស៊ី ជិន​ភីង បាន​ប្រឹងប្រែង​កែទម្រង់​ស្ថាប័ន​កងទ័ព និង​កសាង​កម្លាំង​ទ័ព​ឲ្យ​ខ្លាំង​ស័ក្តិ​សមជា​មហាអំណាច​ពិភពលោក​ជាពិសេស​កងទ័ពជើងទឹក និង​ជើង​អាកាស​។ នេះ​ក៏​ចំពេល​ដែល​ចិន​បន្ត​មាន​ជម្លោះ​ដែនទឹក​នៅ​សមុទ្រ​ចិន​ខាងកើត​ជាមួយ​ជប៉ុន និង​សមុទ្រ​ចិន​ខាងត្បូង​ជាមួយ​ប្រទេស​ផ្សេង​នៅ​តំបន់​អាស៊ាន​ផង​៕


Tag:
 ស៊ី ជិន​ភីង​
  ចិន​
  បក្ស​កុម្មុយនីស្ត​ចិន
© រក្សាសិទ្ធិដោយ thmeythmey.com