អន្តរជាតិ
សភា​អាមេរិក ទទូច​ឲ្យ​រដ្ឋបាល​ត្រាំ ពិចារណា​ដាក់ទណ្ឌកម្ម​យោធា​មី​យ៉ាន់​ម៉ា​ឡើងវិញ​
20, Oct 2017 , 8:59 am        
រូបភាព
រូបភាព៖ NBC
រូបភាព៖ NBC
ដោយ:
​សមាជិកសភា​អាមេរិក បាន​ទទូច​ឲ្យ​រដ្ឋបាល​របស់លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ ចាត់វិធានការ​ម៉ឺងម៉ាត់​ប្រឆាំង​យោធា​ជាន់ខ្ពស់​មី​យ៉ាន់​ម៉ា ដែល​ពាក់ព័ន្ធ​នឹង​វិបត្តិ​ជនភៀសខ្លួន​នៅក្នុង​រដ្ឋ Rakhine ។ ការពិចារណា​ដាក់ទណ្ឌកម្ម​ឡើងវិញ ក៏​ស្ថិតនៅក្នុង​សំណើ​របស់​សមាជិកសភា​ផងដែរ ។​



​តំណាងរាស្ត្រ​បក្ស​សាធារណរដ្ឋ និង​បក្ស​ប្រជាធិបតេយ្យ​របស់​អាមេរិក​ជាង​៤០​នាក់ នៅ​ថ្ងៃ​១៨ តុលា បាន​ទទូច​ឲ្យ​រដ្ឋបាល​លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ដាក់ទណ្ឌកម្ម​ដោយ​ហាម​ការធ្វើដំណើរ​មេដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា​មកកាន់​អាមេរិក និង​រៀបចំ​ទណ្ឌកម្ម​ប្រឆាំងនឹង​រាល់​បុគ្គល​ដែល​ទទួលខុសត្រូវ​លើ​ការវាយប្រហារ​ទៅលើ​ជនជាតិភាគតិច​ម៉ូ​ស្លី​ម​រ៉ូ​ហ៊ីង​យ៉ា ។

​បើតាម​ភ្នាក់ងារ​ព័ត៌មាន Reuters ញត្តិ​ដែល​ក្រុម​តំណាង​បាន​ផ្ញើ​ទៅកាន់​លោក​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក Rex Tillerson បានសរសេរថា​៖« អាជ្ញាធរ​មី​យ៉ាន់​ម៉ា ហាក់ដូចជា​មិន​ទទួល​លើ​ហេតុការណ៍​ដែល​បាន​កើតឡើង​នៅក្នុង​ប្រទេស​ឡើយ ។ ដូច្នេះ យើង ទទូច​ឲ្យ​អ្នក​(​រដ្ឋបាល​លោក​ត្រាំ​) ធ្វើ​គ្រប់បែបយ៉ាង ដើម្បី​ធានា​ឲ្យ​បានការ​ការពារ និង​សន្តិសុខសម្រាប់ ជន​ទាំងឡាយណា​ដែល​កំពុង​គាំង​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ឬ​អ្នក​ទាំងឡាយណា ដែលមាន ឆន្ទៈ​ត្រលប់មក​ប្រទេស​ដើម ។​»

​តាម​របាយការណ៍​អង្គការសហប្រជាជាតិ មាន​ជនភៀសខ្លួន ដែលជា​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ជាង​៥០​ម៉ឺន​នាក់ បាន​ចាក​ចេញពី​រដ្ឋ Rakhine ទៅកាន់​បង់​ក្លា​ដែ​ស ដោយសារតែ​ការប៉ះទង្គិច​នៅ​ចុង​ខែសីហា​កន្លងទៅ ។ របាយការណ៍​ដដែល​ក៏បាន​អះអាង​ដែរ​ថា ជនភៀសខ្លួន​នៅតែ​បន្ត​ចាកចេញ ដោយ​អះអាងថា ពួកគេ​ត្រូវបាន​គំរាម​សម្លាប់​ឲ្យ​ចាកចេញ និង​កាន់តែ​ធ្ងន់ធ្ងរ​នោះ ភូមិ​និង​ផ្ទះសម្បែង របស់​ពួកគេ ត្រូវបាន​ដុត​កម្ទេច​ទៀតផង ។

​អ្វី​គួរកត់សម្គាល់​នោះ ការលេចឡើង​នៃ​សំណើ​ទណ្ឌកម្ម​របស់​សមាជិក​សភា​អាមេរិក កើតឡើង​ស្របពេល ដែល​សហភាព​អឹ​រ៉ុ​ប បានប្រកាស​ចេញ​គោលនយោបាយ​ប្រឆាំងនឹង​យោធា​ជាន់ខ្ពស់​មី​យ៉ាន់​ម៉ា ដែល​ទទួលខុស​លើ​ហិង្សា​នោះ ។ លើសពីនេះទៅទៀត​នោះ សហភាព​អឹ​រ៉ុ​ប ក៏​ពិចារណា​ផ្អាក​កិច្ចការ​សហប្រតិបត្តិកា​រលើ​វិស័យ​ការពារជាតិ​ជាមួយ​មី​យ៉ាន់​ម៉ា​ផងដែរ​៕


Tag:
 អាមេរិក​
  មី​យ៉ាន់​ម៉ា​
  រ៉ូ​ហ៊ីង​យ៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com