កីឡាជាតិ
ជាតិ
កីឡាហែលទឹក​រៀបចំ​ប្រកួត​ជើងឯក​ដើម្បី​ពង្រឹងសមត្ថភាព​ត្រៀម​ព្រឹត្តិការណ៍​អាស៊ាន​នៅ​ព្រុយ​ណេ​
20, Oct 2017 , 9:28 am        
រូបភាព
កីឡាការិនីហែលទឹកជម្រើសជាតិ ហែមថុន វិទិនី ពេលចូលរួមប្រកួតពានរង្វាន់ព្រឹទ្ធាចារ្យ ហែម ថុន កាលពីពេលកន្លងទៅនៅអាងហែលទឹកក្នុងពហុកីឡដ្ឋានជាតិ
កីឡាការិនីហែលទឹកជម្រើសជាតិ ហែមថុន វិទិនី ពេលចូលរួមប្រកួតពានរង្វាន់ព្រឹទ្ធាចារ្យ ហែម ថុន កាលពីពេលកន្លងទៅនៅអាងហែលទឹកក្នុងពហុកីឡដ្ឋានជាតិ
ដោយ:
​អត្ត​ព​លិ​ក​ប្រមាណ​ជា​១០០​នាក់​មកពី​៧​ក្លិប​សមាគម​ត្រូវ​ប្រកួតប្រជែង​គ្នា​ដើម្បី​ដណ្តើម​ជើងឯក​ប្រចាំ​ព្រឹត្តិការណ៍​ប្រកួត​កីឡាហែលទឹក​ជ្រើសរើស​ជើងឯក​អេស​ស៊ីជី​ប្រចាំឆ្នាំ​២០១៧ ចាប់ពី​ថ្ងៃទី​២១​ដល់​២២ តុលា នៅ​អាង​ហែល​ទឹក​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​។ ការប្រកួត​នេះ​ធ្វើឡើង​ដើម្បី​អបអរ​ពិធី​បុណ្យអុំទូក​បណ្តែតប្រទីប​អកអំបុក និង​សំពះ​ព្រះ​ខែ និង​ដើម្បី​ធ្វើតេស្ត​សមត្ថភាព​កីឡាករ​កីឡាការិនី​ត្រៀម​ចូលរួម​ប្រកួត​ជើងឯក​យុវជន​អាស៊ាន​នៅ​ប្រទេស​ព្រុយ​ណេ​។



​បើ​យោងតាម​អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក លោក ហែម គី​រី ការប្រកួត​កីឡាហែលទឹក​ជ្រើសរើស​ជើងឯក​កំពត​ស៊ី​មេន​ដែល​ដូរ​ឈ្មោះ​ជា​ជើងឯក SCG លើក​ទី​៧ ធ្វើឡើង​ក្នុង​គោលបំណង​អបអរ​ពិធី​បុណ្យអុំទូក​បណ្តែតប្រទីប​អកអំបុក និង​សំពះ​ព្រះ​ខែ​ដែល​រៀបចំឡើង​ចន្លោះ​ពីថ្ងៃ​ទី​២ ដល់​ថ្ងៃទី​៤ វិច្ឆិកា ឆ្នាំ​២០១៧​។ លើសពីនេះ ដើម្បី​ពង្រឹងសមត្ថភាព​កីឡាករ​កីឡាការិនី​សម្រាប់​ត្រៀម​ចូលរួម​ប្រកួត​ជើងឯក​យុវជន​អាស៊ាន CH Swimming Championship នៅ​ប្រទេស​ព្រុយ​ណេ​។

​លោក ហែម គី​រី បាន​បញ្ជាក់ថា សម្រាប់​ការប្រកួត​ជើងឯក​យុវជន​អាស៊ាន​ដែល​រៀបចំ​រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១០​ដល់​១២ វិច្ឆិកា ឆ្នាំ​២០១៧ នៅ​ប្រទេស​ព្រុយ​ណេ សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​នឹង​បញ្ជូន​កីឡាករ​អាយុ​ក្រោម​១៣​ឆ្នាំ​១​រូប និង​កីឡាការិនី​អាយុ​ក្រោម​១៥​ឆ្នាំ​១​រូប​ឲ្យ​ចូលរួម​។ លោក​បាន​បន្តថា សហព័ន្ធ​គ្រោង​បញ្ជូន​អត្ត​ព​លិ​ក​ជាច្រើនរូប​ដើម្បី​ចូលរួម​ព្រឹត្តិការណ៍​នេះ ប៉ុន្តែ​ដោយសារ​មាន​បញ្ហា​ថវិកា​ទើប​សហព័ន្ធ​សម្រេច​បញ្ជូន​តែ​ពីរ​រូបនេះ​ឲ្យ​ចូលរួម​។


លោក ហែម គី​រី អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​ពេល​ផ្តល់​បទ​សម្ភាស​ដល់​សារព័ត៌មាន​ថ្មីៗ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​

​ទោះបី​យ៉ាងនេះ​ក្តី អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​បានដាក់​ក្តី​រំពឹង​៦០​ភាគរយ​សម្រាប់​ការ​ប្រជែង​ដណ្តើម​មេដាយ​ពី​ការប្រកួត​នេះ​។ ការរំពឹង​បែបនេះ ដោយសារ​កីឡាករ​កីឡាការិនី​ដែល​ត្រៀម​ចូលរួម​សុទ្ធសឹង​ជា​កីឡាករ​មាន​សមត្ថភាព និង​មាន​កំណត់ត្រា​ខ្ពស់​។ តែ​យ៉ាងណា លោក មិនទាន់​បង្ហាញ​ឈ្មោះ​កីឡាករ​កីឡាការិនី​ទាំង​ពីររូប​នោះទេ​។ 

​សម្រាប់​ការចូលរួម​លើក​នេះ​អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​នឹងចូលរួម​កិច្ចប្រជុំ​របស់​សហព័ន្ធ​កីឡាហែលទឹក​អាស៊ាន​ជា​បណ្តា​ថ្នាក់ដឹកនាំ​សហព័ន្ធ​ផ្សេងៗ​ទៀត ដើម្បី​ពិភាក្សា​ពាក់ព័ន្ធ​នឹង​ការប្រកួត​ជើងឯក​យុវជន​អាស៊ាន​។ ឆ្លៀត​ក្នុងឱកាស​នោះ​លោក​នឹង​ស្នើ​ដល់​ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡាហែលទឹក​អាស៊ាន​សុំ​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​ជើងឯក​យុវជន​អាស៊ាន​នៅ​ឆ្នាំ​២០១៨ ឬ​ឆ្នាំ​២០១៩ ខាងមុខ​ផងដែរ​។​

​ដោយឡែក ការប្រកួត​ជើងឯក​អេស​ស៊ីជី​(SCG)​លើក​ទី​៧​ឆ្នាំនេះ​មាន​អត្ត​ពលិកម​ក​ពី​៧​ក្លិប​-​សមាគម​ប្រមាណ​ជា​១០០​នាក់​ចូលរួម ហើយ​អត្ត​ព​លិ​ក​ទាំងនេះ​ត្រូវ​ប្រកួតប្រជែង​លើ​២៨​ប្រភេទ​វិញ្ញាសា​ចាប់ពី​ថ្ងៃទី​២១​ដល់​២២ តុលា នៅ​អាង​ហែល​ទឹក​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​។ ក្លិប​-​សមាគម​ទាំង​៧​នោះ​រួមមាន ក្លិប​ព្រឹទ្ធាចារ្យ​ហែម​ថុ​ន​, ក្រសួងមហាផ្ទៃ​, ក្រសួង​ព័ត៌មាន​, ជ្រោយចង្វា​, កា​រ៉ា​កុល​, មច្ឆា​នុប និង​ក្លិប​នាគរាជ​កំពង់ចាម​៕ 


Tag:
 ហែល​ទឹក​
  ហែម គី​រី​
  SCG
© រក្សាសិទ្ធិដោយ thmeythmey.com