ពីនេះ ពីនោះ
«ប្រព័ន្ធធារាសាស្ត្រក្នុងរបបខ្មែរក្រហមភាគច្រើនត្រូវបានបោះបង់ចោល»
× ប្រទេសកម្ពុជា ជាប្រទេសកសិកម្ម។ ប្រជាជនកម្ពុជា ៨៥ភាគរយជាកសិករ ប្រកបរបរកសិកម្ម។ ដូនតាខ្មែរ ក្នុងសម័យមហានគរដ៏រុងរឿង ជាពិសេសនៅក្នុងទីក្រុងអង្គរ បានសាងសង់ប្រព័ន្ធធារាសាស្ត្រ ទាំងធំទាំងតូចច្រើនឥតគណនា ដើម្បីធ្វើកសិកម្ម និងការធ្វើចរាចរ ដឹកជញ្ជូន។ ដោយយកប្រភពពីតំបន់ក្បាលស្ពាន ភ្នំគូលែន ទឹកបានហូរឆ្លងកាត់តាមប្រព័ន្ធព្រែកជីកជាច្រើនខ្វែងខ្វាត់ក្នុងទីក្រុងអង្គរ ដែលបានសាងសង់ឡើងដោយកម្លាំងមនុស្ស រូចក៏ហូរចាក់បន្តទៅក្នុងបឹងទន្លេសាប។
មានអ្នកជំនាញផ្នែកបរិស្ថាន ក្នុងនាយកដ្ឋានភូមិសាស្ត្រ នៃសាកលវិទ្យាល័យស៊ីដនី បានប្រសិទ្ធនាមទីក្រុងអង្គរថាជាទីក្រុងប្រព័ន្ធទឹក «Hydraulic City» ។ សម័យកាលក្រោយមក ពិតជាគួរឲ្យស្តាយ មានការប្រើប្រាស់កម្លាំងមនុស្សដូចគ្នានឹងសម័យអង្គរដែរ ដើម្បីសាងសង់ទ្វារទឹក និងប្រព័ន្ធធារាសាស្ត្រផ្សេងៗ ជាច្រើន ប៉ុន្តែមិនអាចប្រើប្រាស់ជាប្រយោជន៍បាន។ ជាឧទាហរណ៍ ទ្វារទឹកដូចបានបង្ហាញក្នុងរូបភាពនេះ គឺស្ថិតនៅក្នុងឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពុងចាម បានសាងសង់ឡើង ក្នុងសម័យកាលមហាលោតផ្លោះមហាអស្ចារ្យ នៃរបបខ្មែរក្រហម។ មិនដឹងថា មានជីវិតមនុស្សប៉ុន្មាននាក់ដែលបានបាត់បង់ ក្នុងពេលនៃការសាងសង់ ដែលជាទូទៅគឺធ្វើឡើងដោយបង្ខំ តែបែជាមិនអាចប្រើជាប្រយោជន៍បាននេះឡើយ។ (អត្ថបទ និងរូបភាពដោយ Chhut Chheana / USAID Wonders of the Mekong).
© រក្សាសិទ្ធិដោយ thmeythmey.com