អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក លី សៀន​ឡុង នឹង​ចេញពី​តំណែង ក្រោយ​បណ្តុះបណ្តាល​អ្នក​បន្តវេន​ឲ្យ​ខ្លាំង​
20, Oct 2017 , 10:42 am        
រូបភាព
រូបភាព៖ ហ្វេសប៊ុកនាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនឡុង
រូបភាព៖ ហ្វេសប៊ុកនាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនឡុង
ដោយ: ថ្មីៗ
​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​ឡុង បាន​បញ្ជាក់ថា លោក​ត្រៀមខ្លួន​ចុះ​ចេញពី​តំណែង​រួចរាល់​ហើយ​ក្រោយ​ការបោះឆ្នោត​សភា​ខាងមុខ​។ លោក​បន្ថែមថា អ្នក​បន្ត​តំណែង​ពី​លោក​មាន​វត្តមាន​ក្នុង​គណៈរដ្ឋមន្ត្រី​រួចហើយ ប៉ុន្តែ​លោក​ត្រូវ​ធានាថា អ្នក​បន្ត​ដឹកនាំ​នោះ​ត្រៀមខ្លួន​រួចរាល់​។



«​ខ្ញុំ​ត្រៀមខ្លួន​រួចរាល់​ហើយ​»​។ នេះ​ជាស​ម្តី​របស់​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​ឡុង ពេល​អ្នកសារព័ត៌មាន​សាកសួរ​លោក​ពី​ការចុះ​ចេញពី​តំណែង​ជា​មេដឹកនាំ​រដ្ឋ​សិង្ហ​បុរី​មុន​ឈានដល់​វ័យ ៧០​នោះ ក្នុង​បទសម្ភាសន៍​មួយ​សារព័ត៌មាន CNBC នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ១៩ ខែតុលា​មុន​លោក​បំពេញ​ទស្សនកិច្ច​នៅ​អាមេរិក​។

​លោក លី បាន​បន្ត​ដូច្នេះ​ថា​៖ អ្វីដែល​ខ្ញុំ​ត្រូវ​ធានា​មុន​ចាកចេញ​នោះ​គឺ អ្នក​ដែល​បន្តវេន​ដឹកនាំ​បន្ទាប់​ខ្ញុំ​ត្រៀមខ្លួន​រួចរាល់​ដើម្បី​កាន់កាប់​ការងារ​នេះ​»​។ 

-​អ្នក​បន្តវេន​ពី លោក លី សៀន​ឡុង មាន​វត្តមាន​ក្នុង​គណៈរដ្ឋមន្ត្រី​រួចហើយ​

​ជា​ច្រើនដង​មកហើយ លោក លី សៀន​ឡុង បានបង្ហាញ​ពី​ភាពចាំបាច់​ក្នុងការ​រៀបចំ​ផ្លូវ​សម្រាប់​ដាក់​បេក្ខជន​ថ្មី​សម្រាប់​បន្ត​ដឹកនាំ​ប្រទេស​ទៅមុខ​ក្នុង​គណបក្ស​សកម្មភាព​ប្រជាជន​ដែលជា​បក្ស​កាន់អំណាច​នោះ​។ ការគិតគូរ​រឿង​រើស​អ្នក​បន្តវេន​នេះ​កាន់តែ​កើនឡើង នៅពេលដែល​លោក លី ដួល​នៅពេលដែល​លោក​កំពុង​ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​បុណ្យជាតិ​កាលពី​ឆ្នាំមុន​នោះ​។ 


                                             រូបភាព៖ AFP

​លោក លី ខ្លួនឯង​ធ្លាប់​ព្រលយ​ថា ការរៀបចំ​ឲ្យ​មាន​ថ្នាក់ដឹកនាំ​ថ្មី​នេះ​នឹងត្រូវ​ធ្វើឡើង​យ៉ាងយូរ​ត្រឹម​បន្ទាប់ពី​ការបោះឆ្នោត​លើក​ក្រោយ​(២០២១) ពោលគឺ​មុនពេល​ដែល​លោក​ឈានដល់​វ័យ ៧០​ឆ្នាំ​។​

​ក្នុង​បទសម្ភាសន៍​ដដែល អ្នកសារព័ត៌មាន​បាន​សាកសួរ​លោក លី សៀន​ឡុង ពី​ការជ្រើសរើស​អ្នក​បន្តវេន​ដែរ​។  លោក​បាន​ឆ្លើយតប​វិញ​ថា មនុស្ស​ដែលមាន​សមត្ថភាព​អាច​បន្តវេន​នោះ​មាន​វត្តមាន​ក្នុង​គណៈរដ្ឋមន្ត្រី​រួចទៅហើយ ប៉ុន្តែ​បក្ស​មិនទាន់​សម្រេចចិត្ត​នៅឡើយ​ទេ​។​

«​ដូច​ខ្ញុំ​បាន​និយាយ​ខាងដើម វា​មាន​មនុស្ស​នៅក្នុង​គណៈរដ្ឋមន្ត្រី​រួចហើយ​។ សំណួរ​នៅពេលនេះ​គឺថា តើ​គេ​នោះ​ជា​អ្នកណា ហើយ​វា​ចាំបាច់​ត្រូវមាន​ការសម្រេចចិត្ត​ទៀត​»​។ នេះ​បើតាម​ការ​បញ្ជាក់​របស់​នាយករ​ដ្ឋ​មន្ត្រី​សិង្ហ​បុរី​វ័យ ៦៥​ឆ្នាំ​រូបនេះ​។​

-​រៀបចំ​ក្រុម​ខ្លាំង ការផ្ទេរអំណាច​នឹង​កើតឡើង​ដោយ​រលូន

​ទាក់ទិន​នឹង​ការជ្រើសរើស​និង​រៀបចំ​អ្នក​បន្តវេន លោក លី ពន្យល់​បន្ថែម​ផងដែរ​ថា ការផ្ទេរអំណាច​និង​ការដឹកនាំ​នេះ​អាចធ្វើ​ទៅបាន​ដោយ​រលូន ដរាបណា​វា​មានការ​បង្កើត​ក្រុម​ដែល​ខ្លាំង និង​អាច​សហការគ្នា​បាន​ជិតស្និទ្ធ រួមទាំង​អាច​ទទួលខុសត្រូវ​លើ​គោលនយោបាយ​សំខាន់ៗ និង​ដឹកនាំ​ក្រសួង​ស្ថាប័ន​ធំៗ​បាន​។​

​លោក លី សៀន​ឡុង​បានលើកឡើង​ដូច្នេះ​៖«​វា​អាច​សម្រេចបាន​ដោយ​កសាង​ក្រុម​មួយ​។ នៅពេល​ខ្ញុំ​ចាកចេញ អ្នកដទៃ​ក្នុង​ក្រុម​នឹង​អាច​ធ្វើការរួម​គ្នា និង​ដឹកនាំ​ប្រទេស​ទៅមុខទៀត​។ ពួកគេ​ធ្វើ​ការងារ​នេះ​ដោយ​ប្រឹងប្រែង មាន​ទំនួល​ខុសត្រូវ​ចំពោះ​រាល់​គោលនយោបាយ​ធំៗ​របស់​ជាតិ និង​ដឹកនាំ​គ្រប់គ្រង​ក្រសួង​ធំៗ​ដែល​ស្មុគស្មាញ​ផង​នោះ​»៕


Tag:
 លី សៀន​ឡុង​
 ​ សិង្ហ​បុរី​
© រក្សាសិទ្ធិដោយ thmeythmey.com