ជាតិ
​​​ន​យោ​បាយ​ជាតិ​
ព្រឹទ្ធសភា​គាំទ្រ​ច្បាប់ «​យក​អាសនៈ​នៃ​បក្ស ដែល​ត្រូវ​រំលាយ ទៅ​ឲ្យ​បក្ស​ផ្សេង​» ទាំងស្រុង​
20, Oct 2017 , 10:52 am        
រូបភាព
សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា (នៅកណ្តាល) ដឹកនាំកិច្ចប្រជុំពេញអង្គនៃព្រឹទ្ធសភា នៅថ្ងៃទី២0 ខែតុលា ឆ្នាំ២0១៧។ រូបភាពពីព្រឹទ្ធសភា
សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា (នៅកណ្តាល) ដឹកនាំកិច្ចប្រជុំពេញអង្គនៃព្រឹទ្ធសភា នៅថ្ងៃទី២0 ខែតុលា ឆ្នាំ២0១៧។ រូបភាពពីព្រឹទ្ធសភា
​ភ្នំពេញ​៖ ច្បាប់​ចំនួន​៤ ដែលមាន​ខ្លឹមសារ​ជារួម​ថា «​បើ​គណបក្ស​ណាមួយ ត្រូវបាន​រំលាយ រាល់​អាសនៈ​នៃ​គណបក្ស​នោះ ត្រូវ​បែងចែក​ទៅ​ឲ្យ​គណបក្ស​ដទៃ​» ត្រូវបាន​ព្រឹទ្ធសភា យល់ស្រប​ទាំងស្រុង ហើយ​បានអនុម័ត​ជា​ផ្លូវការ​តាមរយៈ​កិច្ចប្រជុំពេញអង្គ នា​ព្រឹក​ថ្ងៃទី​២0 ខែតុលា ឆ្នាំ​២0១៧​នេះ​។ កិច្ចប្រជុំ​នេះ មានតែ​សមាជិក​ព្រឹទ្ធសភា ពី​គណបក្ស​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ ឯ​សមាជិក​ព្រឺទ្ធសភា​ពី​គណបក្ស សម រង្ស៊ី ដែល​ទើបនឹង​ប្តូរ​ឈ្មោះ​ទៅជា​គណបក្ស​ភ្លើងទៀន  ពុំបាន​ចូលរួម​ឡើយ​។



​ជា​នីតិវិធី ខ្លឹមសារ​ថ្មី​នៃ​ច្បាប់​ទាំង​៤ នឹងត្រូវ​បញ្ជូន​ទៅកាន់​ក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បី​ពិនិត្យ​បន្ត​។ ពេល​ក្រុមប្រឹក្សាធម្មនុញ្ញ ពិនិត្យ​ចប់ ហើយ​បើ​មិន​ជំទាស់​អ្វី​នោះ ច្បាប់​ខាងលើ នឹង​ឈានដល់​ដំណាក់កាល​ចុងក្រោយ គឺ​ត្រូវ​ថ្វាយទៅ​ព្រះមហាក្សត្រ ដើម្បី​ព្រះអង្គ​ឡាយព្រះហស្ត​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​។

​ច្បាប់​ទាំង​៤ ដែល​ត្រូវបាន​កែប្រែ​ដោយ​ក្រុមតំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា រួមមាន ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​ក្រុមប្រឹក្សាឃុំ សង្កាត់ និង​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​។ 

​សមាជិក​ព្រឹទ្ធសភា និង​សមាជិក​រដ្ឋសភា​ពី​គណបក្សកាន់អំណាច យល់​ដូចគ្នា​ថា ខ្លឹមសារ​ថ្មី​នៃ​ច្បាប់​ទាំង​ទាំងនោះ អាច​យកមកអនុវត្ត​បាន ដើម្បី​ជា​ប្រយោជន៍​ប្រទេសជាតិ ដោយ​មិន​ប្រាសចាក​ពី​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ​ឡើយ​។ ប៉ុន្តែ សមាជិក​ព្រឹទ្ធសភា និង​សមាជិក​រដ្ឋសភា ពី​គណបក្សប្រឆាំង​វិញ ជំទាស់​យ៉ាងខ្លាំង ហើយ​រិះគន់ថា ការកែប្រែ​ច្បាប់​ខាងលើ គឺជា​ការរំលោភ​ឆន្ទៈ​រាស្ត្រ​និង​រដ្ឋធម្មនុញ្ញ​។

​សហគមន៍​អន្តរជាតិ​មួយចំនួន សម្តែង​ក្តីបារម្ភ ដែល​ច្បាប់​ខាងលើ ធៀប​នឹង​កើតឡើង​នៅ​កម្ពុជា  ស្របពេល​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ប្រឈម​នឹង​ការរំលាយ​។ ថ្មីៗ​នេះ សហភាព​អន្តរជាតិ (IPU) ដែល​បច្ចុប្បន្ន មាន​ប្រទេស​លើ​ពិភពលោក​ជាង​១៧0 ជា​សមាជិក ក៏បាន​ប្រតិកម្ម​ចំពោះ​ប្រទេស​កម្ពុជា​ដែរ ដែល​កំពុងដំណើរការ​នៃ​ការកែប្រែ​ច្បាប់​បែបនេះ​។ 

​ជាការ​ឆ្លើយតប​នឹង​សហគមន៍​អន្តរជាតិ មន្ត្រីជាន់ខ្ពស់​គណបក្ស​កាន់អំណាច ក៏ដូចជា​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល នៅតែ​ប្រកាន់​ជំហរ​ដដែល​ថា អ្វីដែល​ស្ថាប័ន​ជាតិ មានដូចជា រដ្ឋសភា ព្រឹទ្ធសភា និង​តុលាការ ជាដើម បានសម្រេច​ឬ​អនុម័ត គឺ​ស្ថិតក្នុង​ដែន​អធិបតេយ្យ​របស់​កម្ពុជា ដោយ​គ្មាន​បរទេស​ណាមួយ អាច​លូកដៃ​បានឡើយ​។ កន្លង ភាគី​រដ្ឋាភិបាល ថែមទាំង​ធ្លាប់​លើកឡើងថា សហគមន៍​អន្តរជាតិ​ខ្លះ ថ្តោ​ល​ទោស ដោយ​មិនបាន​យល់​ពី​ស្ថានភាព​ជាក់ស្តែង​របស់​ក​ម្ពុ​ជា ក៏មាន​៕ 


Tag:
 កែ​ច្បាប់បោះឆ្នោត​
  ការចែង​អាសនៈ​
  CNRP
  CPP
© រក្សាសិទ្ធិដោយ thmeythmey.com