កីឡាជាតិ
ជាតិ
ជម្រាបលា Leo! លោក ម៉ៃ តុលា អះអាង​ពី​ការបញ្ចប់​កិច្ចសន្យា​គ្រូបង្វឹក​ប្រេ​ស៊ី​ល​រូបនេះ​
20, Oct 2017 , 11:34 am        
រូបភាព
​ដំណើរ​របស់លោក Leonardo Vitorino ជាមួយ​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា ត្រូវបាន​បញ្ចប់​ត្រឹម​រយៈពេល​៨​ខែ បើ​គិត​ចាប់តាំងពី​ខែមីនា មក​។ តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន គ្រូបង្វឹក​ជនជាតិ​ប្រេ​ស៊ី​ល​រូបនេះ បានប្រកាស​ពី​ការចែក​ផ្លូវ​ពី​ក្រុម​ជម្រើសជាតិ​កម្ពុជា ខណៈ​អគ្គលេខាធិការ​ស្តីទី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) ក៏បាន​អះអាងថា សហព័ន្ធ​ពិតជា​បានបញ្ចប់​កិច្ចសន្យា​របស់លោក Leonardo ពិតប្រាកដ​មែន​។



«​ខ្ញុំ​លែងមាន​តួនាទី​ជា​គ្រូបង្វឹក​ជម្រើសជាតិ​កម្ពុ​ជា​ទៀតឡើយ​»​។ លោក Leonardo Vitorino បាន​សរសេរ​បែបនេះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ ខែតុលា ឆ្នាំ​២០១៧ បន្ទាប់ពី​លោក​បាន​ដឹកនាំ​ក្រុម​ជម្រើសជាតិ​បន្ត​ពី​គ្រូបង្វឹក​កូរ៉េខាងត្បូង លោក Lee Tae Hoon បាន​រយៈពេល​៨​ខែ​។​

​គ្រូបង្វឹក​ប្រេ​ស៊ី​លវ័យ​៤៣​ឆ្នាំ​រូបនេះ មិនបាន​បញ្ជាក់​ពី​ហេតុផល​នៃ​ការចាកចេញ​នោះឡើយ​។ ឆ្លើយតប​សារព័ត៌ មាន​ថ្មីៗ​តាម​ទូរ​សព្ទ លោក ម៉ៃ តុលា អគ្គលេខាធិការ​ស្តីទី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) បានបញ្ជាក់​ពី​ការបញ្ចប់​កិច្ចសន្យា​ជាមួយ​លោក Leonardo​។​

​លោក ម៉ៃ តុលា បាន​ពន្យល់ថា​៖ «​យើង​បានបញ្ចប់​កិច្ចសន្យា​ជាមួយ​គាត់ [Leonardo] ពិតប្រាកដ​មែន ដោយ​យើងទាំងអស់គ្នា​ដឹង​ពី​មូលហេតុ​ជាទូទៅ​ហើយ​។ ពិតណាស់ យើង​មិន​អាចដាក់​គោលដៅ​ឲ្យ​គាត់​ដឹកនាំ​ឈ្នះ​រាល់​ការប្រកួត​នោះឡើយ ប៉ុន្តែ​លទ្ធផល​កន្លងមក មិន​ដូច​នូវ​អ្វីដែល​យើង​រំពឹងទុក​»​។​

​នៅក្នុង​សារ​របស់ខ្លួន លោក Leonardo បាន​អរគុណ​ដល់​ប្រជាជន​កម្ពុជា ជាពិសេស អ្នកគាំទ្រ​ទាំងអស់ រួមទាំង​សហព័ន្ធ​ដែល​បានផ្តល់​ឱកាស​ដល់​លោក​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា​។ ជាមួយគ្នានេះ​ផងដែរ គ្រូបង្វឹក​បង្ហាញថា​សោកស្តាយ​ថា​៖«​សូម​អភ័យទោស​ចំពោះ​ការមិនអាច​ផ្លាស់ប្តូរ​អ្វីមួយ​បាន​»​។​

​ក្រោយ​ចុះកិច្ចសន្យា​រយៈពេល​១​ឆ្នាំ​ដំបូង លោក Leonardo បានបញ្ជាក់​យ៉ាង​ម៉ឺងម៉ាត់​ថា​៖ «​ខ្ញុំ​មក​ទីនេះ ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​បាល់ទាត់​នៅ​កម្ពុជា​។ ខ្ញុំ​នៅ​កម្ពុជា​ដើម្បី​ធ្វើ​ការជូន​កម្ពុជា មិនមែន​ដើម្បី​ប្រទេស​ប្រេ​ស៊ី​ល ឬ​ប្រទេស​ណាមួយ​ផ្សេង​ទៀតឡើយ​»​។​

​ក្នុងតួនាទី​ជា​គ្រូបង្វឹក លោក Leonardo បានធ្វើការ​ផ្លាស់ប្តូ​រស​មាស​ភាពជា​ច្រើន​នៅក្នុង​ក្រុម​ជម្រើសជាតិ ក៏ដូចជា​ឈុត​ស៊ី​ហ្គេម​។ លោក​តែងតែ​អះអាង​ពី​ការ​ខំប្រឹង​បណ្តុះបណ្តាល និង​ពង្រឹង​ធនធាន​សម្រាប់​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ។

​ចំពោះ​បញ្ហា​វិន័យ គ្រូបង្វឹក​ប្រេ​ស៊ី​ល បាន​បណ្តេញ​កីឡាករ​សំខាន់ៗ​ពីររូប​ពី​ឈុត​ស៊ី​ហ្គេម និង​ក្រុម​ជម្រើសជាតិ ហើយ​បាន​បន្ត​ផ្លាស់ប្តូរ​សមាសភាព​មួយចំនួន​។ ចំណាត់ការ​របស់លោក Leo ទទួលបាន​ការគាំទ្រ និង​ការរិះគន់​ដំណាលគ្នា​។​

​លោក ម៉ៃ តុលា បាន​សម្តែង​ការគាំទ្រ​យ៉ាង​ពេញទំហឹង​លើ​ចំណាត់ការ​នានា​ដែល​រួមចំណែក​ក្នុងការ​ពង្រឹង​វិន័យ​កីឡាករ​។ លោក​លើកឡើងថា​៖ «​គ្រូបង្វឹក​មាន​តួនាទី​យ៉ាងខ្លាំង​ក្នុងការ​ពង្រឹង​វិន័យ​កីឡាករ ដើម្បី​ឲ្យ​ពួកគេ​គោរព​អាជីព តម្លៃ និង​កាតា​ព្វ​កិច្ច​របស់ខ្លួន ហើយ​នេះ​ជា​អ្វីដែល​ឯកឧត្តម​ប្រធាន [​លោក សៅ សុខា​] យកចិត្តទុកដាក់​បំផុត​»​។​

​អគ្គលេខាធិការ​ស្តីទី FFC ក៏បាន​កត់សម្គាល់ឃើញ​កីឡាករ​មួយចំនួន​ដែល​ត្រូវ​ការពង្រឹង​ផ្នែក​វិន័យ ជាពិសេស​ដែលមាន​ជំងឺ​ជា Star [​តារា​] ប៉ុន្តែ​លោក​ចង់ឃើញ​ចំណាត់ការ​នានា​ឈរលើ​គោលការណ៍​ច្បាស់លាស់ ដោយ​មិន​ធ្វើ​ឲ្យ​អ្នកណាម្នាក់​បាក់មុខ​។

​បើ​គិត​ចាប់តាំងពី​ខែមីនា​មក លោក Leonardo បាន​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ប្រកួត​ផ្លូវការ​បាន​៧​លើក ក្នុងនោះ​មាន​ជំនួប​មិត្តភាព​អន្តរជាតិ និង​ជំនួប​វគ្គ​ជម្រុះ AFC Asian Cup ឆ្នាំ​២០១៩  ដោយ​ចាញ់​៦​លើក និង​ឈ្នះ​តែ​១​លើក​គត់​។ នា​ការដឹកនាំ​ចុងក្រោយ​របស់លោក កម្ពុជា​បាន​ចាញ់​វៀតណាម ៥-០ នា​វគ្គ​ជម្រុះ AFC Asian Cup ឆ្នាំ​២០១៩​។​

​ចំពោះ​ការដឹកនាំ​ឈុត​ស៊ី​ហ្គេម​នៅ​ម៉ាឡេស៊ី កាលពី​ខែសីហា កន្លងមក ក្រុម U22 កម្ពុជា ទទួលបាន​លទ្ធផល​ដ៏​ខកចិត្ត​ដោយ​ចាញ់​ទាំង​៥​ប្រកួត​នៅក្នុង​ពូ​ល B ក្នុងនោះ​ចាញ់​ហ្វីលីពីន ២-០ ចាញ់​វៀតណាម ៤-១ ចាញ់​ថៃ ៣-០ ចាញ់​ទី​ម័​រ​ខាងកើត ១-០ និង​ចាញ់​ឥណ្ឌូណេស៊ី ២-០ ។​

​ក្រៅពី​គ្រូ​ជំនួយ​ជនជាតិខ្មែរ លោក Leonardo មាន​សហការី​ប្រេ​ស៊ី​ល​២​រូប​ទៀត គឺ លោក Willander Fonseca  និង​លោក Fernando  Vitorino ប្អូនប្រុស​បង្កើត​របស់​លោក ដែល​កាន់តំណែង​ជា​គ្រូបង្វឹក​ផ្នែក​ចាំទី​។ កម្ពុជា​នៅសល់​បេសកកម្ម​បន្តទៀត​ក្នុង​វគ្គ​ជម្រុះ AFC Asian Cup ឆ្នាំ​២០១៩ ដោយ​ត្រូវ​ប៉ះ​ជា​បន្តបន្ទាប់​ជាមួយ​ក្រុម​ហ្ស៊​កដា​នី និង​អា​ហ្វ​ហ្គា​នី​ស្ថាន​។ ទំព័រ​ហ្វេ​ស​ប៊ុ​ក BTV Cambodia បាន​ដកស្រង់​សម្តី​លោក ខៀវ សា​ម៉េ​ត អនុប្រធាន FFC ដែល​បាន​អះអាងថា គ្រូបង្វឹក​ជប៉ុន លោក Kazunori Ohara នឹង​ទទួល​ភារកិច្ច​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា​បណ្តោះអាសន្ន​។​

​ទោះបីជា​យ៉ាងណាក៏ដោយ លោក ម៉ៃ តុលា មិនទាន់​ហ៊ាន​អះអាង​ផ្លូវការ​លើ​ការតែងតាំង​លោក Ohara ជំនួស​លោក Leonardo ឡើយ​។ លោក Ohara ជា​នាយក​បច្ចេកទេសរ​បស់ FFC និង​ធ្លាប់​កាន់តំណែង​ជា​គ្រូបង្វឹក​ជម្រើសជាតិ​កម្ពុ​ជា​រយៈពេល​ខ្លី​ផងដែរ​៕



Tag:
 បាល់ទាត់​
  ជម្រើសជាតិ​
  Leonardo Vitorino
© រក្សាសិទ្ធិដោយ thmeythmey.com