ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុន​ចាប់ផ្ដើម​សង់​ឃ្លាំង​ស្តុក​ស្រូវ និង​ឡស​ម្ងួ​ត​៣​កន្លែង ក្នុង​ទឹកប្រាក់​១៥​លាន​ដុល្លារ​
20, Oct 2017 , 3:37 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រុមហ៊ុន Amru Rice និង​ក្រុមហ៊ុន Khmer Food ដែល​ឈ្នះ​ការដេញថ្លៃ​ទទួល​ទុន​ពី​រដ្ឋាភិបាល នឹង​ចាប់ផ្ដើម​សាងសង់​ឃ្លាំង​ស្តុក និង​ឡស​ម្ងួ​ត នៅ​ខេត្តកំពង់ធំ ព្រៃវែង និង​ខេត្តតាកែវ បន្ទាប់ពី​ក្រុមហ៊ុន​ទាំងនេះ​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​សាងសង់ និង​ផ្គត់ផ្គង់ នៅ​ថ្ងៃទី​២០​ខែតុលា​។​



​ឃ្លាំង​ស្តុក និង​ឡស​ម្ងួ​ត ដែល​ស្ថិតក្នុង​គម្រោង​នេះ​មាន​សមត្ថភាព​ស្តុក​បាន ៥​ម៉ឺន​តោន និង​ស​ម្ងួ​ត​បាន ១៥០០​តោន​ក្នុង​មួយថ្ងៃ សម្រាប់​ទី​តាម​នីមួយៗ​។ គម្រោង​ក្នុង​ទីតាំង​នីមួយៗ​នឹង​ស្រូបយក​ស្រូវ​ក្នុង​ខេត្ត​នៃ​ទីតាំង​នោះ រួមទាំង​តំបន់​ជុំវិញ​។ ឡស​ម្ងួ​ត​ទាំងនេះ​ត្រូវបាន​គ្រោង ដាក់​ឲ្យ​ដំណើរការ​ចាប់ពី​ខែមករា​ឆ្នាំ​២០១៨ ខាងមុខនេះ ខណៈ​ឃ្លាំង​ស្តុក​នឹងត្រូវ​បញ្ចប់​ការសាងសង់​នៅពេល​ក្រោយ​នោះ​។ ក្រុមហ៊ុន Amru Rice អនុវត្ត​គម្រោង​នេះ​នៅ​ខេត្តកំពង់ធំ  រីឯ​គម្រោង​នៅ​ពីរ​ខេត្ត​ទៀត​ជា​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន Khmer Food ។​

​លោក កៅ ថាច អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ (RDB) ដែល​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះ​កិច្ចព្រមព្រៀង​ខាងលើនេះ បាន​ឲ្យ​ដឹងថា គម្រោង​ឃ្លាំង​ស្តុក និង​ឡស​ម្ងួ​ត​ទាំងនេះ ក្នុង​មួយ​ទីតាំង​មានតម្លៃ ៥​លាន​ដុល្លារ ដែល​សរុប​ទាំងអស់​គឺ ១៥​លាន​ដុល្លារ​។ ហិរញ្ញប្បទាន​នេះ គឺ​ក្រុមហ៊ុន​ទទួលបាន​ឥណទាន​ពី​រដ្ឋាភិបាល​។​

​នេះ​ជា​គម្រោង​ទី​២​របស់​រដ្ឋាភិបាល​ដែល​ចាប់​ដៃគូ​ជាមួយ​ផ្នែក​ឯកជន លើ​ការកសាង និង​ប្រតិបត្តិការ​ឃ្លាំង​ស្តុក និង​ឡស​ម្ងួ​ត​។ រីឯ​គម្រោង​ទី​១ គឺមាន​ទីតាំងនៅ​ខេត្តបាត់ដំបង ដែល​អនុវត្ត​ដោយ​ធនាគារ​ស្រូវ​របស់លោក ភូ ពុ​យ ដែល​អាច​ស្តុក​ស្រូវ​បាន ២០​ម៉ឺន​តោន និង​ស​ម្ងួ​ត​ស្រូវ ៣០០០​តោន​ក្នុង​មួយថ្ងៃ​។​

​ការបង្កើត​ឲ្យ​មាន​ឃ្លាំង​ស្តុក និង​ឡស​ម្ងួ​ត​ទាំងនេះ ត្រូវបាន​អ្នកជំនាញ​អះអាងថា​វា​ជា​ឆន្ទៈ​របស់​រដ្ឋាភិបាល​ក្នុងការ​ដោះស្រាយ​បញ្ហា​តម្លៃ​ស្រូវ​របស់​កសិករ ដោយ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនេះ​នឹង​ជួយ​បញ្ចៀស​ការបញ្ចេញ​ស្រូវ​លក់​លើស​តម្រូវការ ឬ​ធ្វើ​ឲ្យ​ជន់​ទីផ្សារ​ក្នុងពេល​ព្រមៗ​គ្នា​។

​ទោះយ៉ាងណា​ឃ្លាំង​ស្តុក និង​ឡស​ម្ងួ​ត​ទាំងនេះ មិនទាន់​អាចឆ្លើយតប​តម្រូវការ​ក្នុង​វិស័យ​ស្រូវ​អង្ករ​របស់​កម្ពុជា​ទាំងស្រុង​នៅឡើយ​នោះទេ​។ លោក កៅ ថាច ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖«​ឃ្លាំង​ស្តុក​បួន​ទីតាំង​អាច​ស្តុក​ស្រូវ ៣៥​ម៉ឺន​តោន មិនទាន់​អាច​ដោះស្រាយ​បញ្ហា​អស់​នោះទេ ព្រោះ​នៅ​ច្រើន​ដែរ តែ​យើង​ដោះស្រាយបាន​មួយចំនួនធំ​ហើយ ទោះបី​ស្រូវ​ត្រូវធ្វើ​ពាណិជ្ជកម្ម​មាន​បួន​លាន​តោន តែ​មិនមែន​បួន​លាន​តោន​ក្នុងពេល​តែមួយ​នោះទេ គឺមាន​ដំណាក់កាល​»៕


Tag:
 អង្ករ​
  ឃ្លាំង​ស្តុក​
© រក្សាសិទ្ធិដោយ thmeythmey.com