ជាតិ
គ្រាប់បែក​នៅ​ស្វាយ​វៀង កម្ពុជា​ថា​ជា​គ្រាប់បែក​គីមី ខណៈ​អាមេរិក​ថា​គ្រាប់បែក​បង្ហូរទឹកភ្នែក​
20, Oct 2017 , 4:02 pm        
រូបភាព
រូបពីហ្វេសប៊ុកមជ្ឈមណ្ឌលបោសសំអាត និងកម្ចាត់មីនកម្ពុជា
រូបពីហ្វេសប៊ុកមជ្ឈមណ្ឌលបោសសំអាត និងកម្ចាត់មីនកម្ពុជា
​វត្តមាន​គ្រាប់បែក​នៅក្នុង​ខេត្តស្វាយរៀង កំពុង​បង្ក​ឲ្យ​កាន់តែ​ចម្រូងចម្រាស​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​សហរដ្ឋអាមេរិក​។ កម្ពុជា បាន​អះអាងថា វត្តមាន​គ្រាប់បែក​នៅ​ខេត្តស្វាយរៀង ជា​គ្រាប់បែក​គីមី​ដែល​ទម្លាក់​ដោយ​អាមេរិក​នា​ទសវត្ស​១៩៧០ ខណៈ​អាមេរិក បញ្ជាក់ថា ជា​គ្រាប់បែក​បង្ហូរទឹកភ្នែក​។​



​កម្ពុជា និង​អាមេរិក កំពុង​ខ្វែង​សម្តី​គ្នា វត្តមាន​គ្រាប់បែក​នៅក្នុង​ខេត្តស្វាយរៀង​។ រាជរដ្ឋាភិបាល​កម្ពុជា បាន​អះអាងថា វត្តមាន​គ្រាប់បែក​ដែល​កម្ពុជា​ទើប​រកឃើញ ក្នុង​ឃុំ​គគីរ និង​ទីតាំង​ជាច្រើន​ទៀត គឺជា​គ្រាប់បែក​គីមី​ដែល​ទម្លាក់​ដោយ​អាមេរិក​នា​ទសវត្ស​១៩៧០ ខណៈ​អាមេរិក បញ្ជាក់​នៅ​ថ្ងៃទី​១៩ ខែតុលា​ថា ជា​គ្រាប់បែក​បង្ហូរទឹកភ្នែក​។ សេចក្តីថ្លែងការណ៍​ស្ថាន​ទូត​អាមេរិក​ប្រចាំ​កម្ពុជា បានបញ្ជាក់​ទៀតថា អាជ្ញាធរ​កម្ពុជា ក៏បាន​ដឹង​ពី​វត្ត​មាននៃ​គ្រាប់បែក​បង្ហូរទឹកភ្នែក​នេះ​យូរ​ឆ្នាំ​មកហើយ​ដែរ ហើយ​ភាគី​កម្ពុជា ថែមទាំង​ទទួលបាន​ការបណ្តុះបណ្តាល​បច្ចេកទេស​ដោះ​គ្រាប់​នេះ​ចេញ ដល់​ទៅ​២​លើក​ទៀតផង​។​

​អាជ្ញាធរ​មីន​កម្ពុជា បាន​ថ្កោលទោស​ចំពោះ​ការលើកឡើង​ដូច្នេះ​របស់​ស្ថានទូត​អាមេរិក និង​ចាត់ទុកថា អាមេរិក មាន​ចេតនា​គេចវេស​ពី​ការទទួលខុសត្រូវ​។ អាជ្ញាធរ​មីន​បន្ត​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​ថា អាជ្ញារ​មីន ទើបតែ​បានដឹង​ព័ត៌មាន​នេះ​កាលពី​អំឡុង​ខែមករា ឆ្នាំ​២០១៧​នេះ ដោយសារ​មានការ​ណ៍​ពី​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​។ ក្រោយមក អាជ្ញាធរ​មីន និង​ស្ថាប័ន​ពាក់ព័ន្ធ បានដាក់​ស្លាក​សញ្ញា​សម្គាល់ ហ៊ុំព័ទ្ធ​ទីតាំង​សង្ស័យ និង​ហាមប្រាម​ប្រជាពលរដ្ឋ​កុំ​ឲ្យ​ទៅ​ប៉ះពាល់​ទីតាំង​នោះ ទន្ទឹមនឹង​ការ​ស្វះ​ស្វែងរក​ការសហការ​ពី​ស្ថានទូត​អាមេរិក​នៅ​ក្រុងភ្នំពេញ   ប៉ុន្តែ​មិនដែល​ទទួលបាន​ការឆ្លើយ​តប​។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​របស់​អាជ្ញាធរ​មីន​កម្ពុជា ដែល​បន្តទៀតថា រាជរដ្ឋាភិបាល​កម្ពុជា មិនអាច​រង់ចាំ​ការឆ្លើយតប​បាន ហើយក៏​សម្រេច​បោសសម្អាត ចាប់ពី​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៧ ហើយ​ក៏បាន​រកឃើញ​ទីតាំង​ផ្សេងៗ​ជាច្រើន​ទៀត​ក្នុងភូមិ​សាស្ត្រ​ដដែល ដោយសារ​ប្រជាពលរដ្ឋ​១៩​នាក់ ដែល​រង​ផលប៉ះពាល់​ពីសារ​ធាតុគីមី​ទាំងនោះ​។​

​ទោះជា​យ៉ាងណាក្តី អាជ្ញាធរ​មីន ក៏​នៅតែ​អំពាវនាវ​ឲ្យ​សហរដ្ឋអាមេរិក​ចូលរួម​បោសសម្អាត​បំផ្លាញ​គ្រាប់បែក​ដែល​ភាគី​កម្ពុជា អះអាងថា​ជា​គ្រាប់បែក​គីមី​ទាំងនោះ​ចេញ និង​បន្ត​បោសសម្អាត​នៅ​កន្លែង​ផ្សេងទៀត​ផងដែរ​។

​ទាក់ទង​នឹង​ឥទ្ធិពល​គ្រាប់បែក​នេះ កាលពី​ថ្ងៃទី​១២ ខែតុលា​កន្លងទៅ ក្រសួងសុខាភិបាល​កម្ពុ​ជា បាន​រកឃើញ​ក្មេង​៣​នាក់ នៅក្នុង​ឃុំ​គគីរ ស្រុក​រមាសហែក ខេត្តស្វាយរៀង កើតមក​មាន​ភាពមិន​ប្រក្រតី​។ នៅមុន​ការរកឃើញ​នេះ ក៏មាន​ពលរដ្ឋ​១០​នាក់ មាន​អាការ​រមាស់ ហើម​ស្បែក និង​ក្អួតចង្អោរ​ផងដែរ​។​
អត្ថបទទាក់ទង

​សូមបញ្ជាក់ថា អាមេរិក​បាន​ទម្លាក់​គ្រាប់បែក​ប្រមាណ ២​លាន ៧​សែន​តោន ក្នុងអំឡុង​សង្គ្រាម​នា​ទសវត្ស​១៩៧០ រវាង​កងទ័ព​សាធារណរដ្ឋ​កម្ពុជា ដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក និង​កងទ័ព​តស៊ូ​រប​ស់​ខ្មែរក្រហម ក្រោយពេល​ពួកគេ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​សម្តេច នរោត្តម សីហនុ នា​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​១៩៧០៕


Tag:
 គ្រាប់បែក​គីមី​
 ​ កម្ពុជា​
 ​ អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com