ជាតិ
កម្ពុជា ប្ដេជ្ញាពង្រឹងសន្តិសុខដល់ជនបរទេស
× ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ ប្ដេជ្ញាពង្រឹងសន្តិសុខដល់ជនបរទេស ដែលកំពុងរស់នៅប្រទេសកម្ពុជា។ ការប្ដេជ្ញារបស់អគ្គស្នងការដ្ឋាននគរបាលជាតិនេះ ធ្វើឡើងនៅក្នុងជំនួបជាមួយអង្គទូតប្រចាំកម្ពុជា នៅថ្ងៃទី២០ តុលា នាទីស្តីការក្រសួងមហាផ្ទៃ ។
លោក ថោង លីម អគ្គស្នងការរងនគរបាលជាតិ បាននិយាយថា បញ្ហាចោរកម្ម (ឆក់) គឺជារឿងចម្បង ដែលកំពុងបង្កក្តីព្រួយបារម្ភមកលើសន្តិសុខភ្ញៀវបរទេស និងពលរដ្ឋខ្មែរ។ ប៉ុន្តែបញ្ហានេះអគ្គស្នងការនគរបាលជាតិ កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង តាមរយៈការប្រើប្រាស់ប្រព័ន្ធ Hotline ដើម្បីបង្ក្រាបបានភ្លាមៗក្រោយកើតហេតុ ។
ថ្លែងក្រោយកិច្ចប្រជុំស្តីពីរបាយការណ៍លទ្ធផលកិច្ចសហប្រតិបត្តិការប្រចាំត្រីមាសទី៣ របស់ក្រុមHotline ជាមួយជនបរទេសប្រចាំកម្ពុជា លោក ថោង លីម បានបញ្ជាក់ដូច្នេះថា៖«ផ្ដើមចេញពីបញ្ហាឆកនេះ បានជាអគ្គស្នងការនគរបាលជាតិ បានចេញសេចក្តីណែនាំមួយ ដើម្បីមានវិធានការបង្ក្រាបទប់ស្កាត់អំពើឆក់នៅទូទាំងប្រទេស។ ដូច្នេះវិធានការកន្លងមកនេះ យើងឃើញថាមានប្រសិទ្ធិភាព ដែលយើងបានស្រាវជ្រាវរកឃើញ និងបង្ក្រាប ដែលធ្វើឲ្យចំនួននៃអំពើឆក់នេះបានថយចុះ»។
កន្លងមកជនបរទេស ដែលរងគ្រោះដោយសារករណីចោរកម្មនេះ មានចំនួន១២៩ករណី ដោយក្នុងនោះករណីអំពើលួច-ឆក់ទ្រព្យសម្បត្តិ មានចំនួន១១០ករណី រួមមានជនជាតិសិង្ហបុរី២នាក់ ,ចិនហុងកុង២នាក់ ,ចិនតៃវ៉ាន់២នាក់ ,ម៉ាឡេស៊ី៣នាក់ ,កូរ៉េខាងត្បូង៩នាក់ ,បារាំង១០នាក់ ,ចិន៣៨នាក់ ,អូស្ត្រាលី៧នាក់ ,អាល្លឺម៉ង់៣នាក់ ,ហូឡង់៣នាក់ ,ន័រវេស២នាក់ ,អេស្ប៉ាញ១នាក់ ,ថៃ២នាក់ ,កាណាដា៥នាក់ ,កេនយ៉ា១នាក់ ,វៀតណាម១នាក់ ,អាមេរិក៥នាក់ ,អង់គ្លេស៧នាក់ ,ជប៉ុន៥នាក់ និងញូហ្សឺឡែន២នាក់។ ចំណែកជនបរទេសរងគ្រោះដោយអំពើឆបោក មានចំនួន៦ករណី និងរងគ្រោះដោយហិង្សា និងការបំផ្លាញទ្រព្យសម្បត្តិ១៣ករណី។ នេះបើតាមរបាយការណ៍ប្រើប្រាស់ប្រព័ន្ធ Hotline ត្រីមាសទី៣ របស់អគ្គស្នងការនគរបាលជាតិ ។
ទាក់ទងនឹងបញ្ហាចោរកម្មនេះ ភាគីខាងទូតឥណ្ឌូនេស៊ី បានលើកឡើងពីក្តីព្រួយបារម្ភដល់ជនជាតិឥណ្ឌូនេស៊ី ដែលបានមករស់នៅប្រទេសកម្ពុជា ហើយរងគ្រោះដោយសារត្រូវបានចោរឆក់យកសម្ភារៈមានតម្លៃរបស់ពួកគេ។ ឆ្លើយតបនឹងភាគីខាងទូតឥណ្ឌូនេស៊ី អគ្គស្នងការរងនគរបាលជាតិរូបនេះ បានសន្យាពង្រឹងការទប់ស្កាត់ និងការបង្ក្រាបលើបញ្ហាចោរកម្មនេះ ដើម្បីផ្ដល់សេចក្តីទុកចិត្តដល់អ្នកវិយោគ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ។
កាលពីពេលថ្មីនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ លោក នេត សាវឿន ជំរុញឲ្យស្នងការរាជធានី-ខេត្តទាំងអស់ បង្កើនការទប់ស្កាត់បានខ្ពស់ចំពោះអំពើឆក់ ដែលនៅតែបន្តកើតមានជាញឹកញាប់នាបច្ចុប្បន្ន រហូតមានករណីបណ្តាលឲ្យជនរងគ្រោះ បាត់បង់ជីវិត។ លោក នេត សាវឿន ក៏ស្នើឲ្យតុលាការ ដាក់ទោសឲ្យធ្ងន់ធ្ងរលើជនដែលធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិនេះដែរ។ «ចោរឆក់ គួរតែត្រូវបានចោទពីបទ «ប៉ុនប៉ងមនុស្សឃាត» មួយបន្ថែមទៀត ក្រៅតែពីការដាក់ទោស ពាក់ព័ន្ធនឹងការឆក់»។ នេះការលើកឡើងរបស់លោក នេត សាវឿន៕
Tag:
ថោង លីម
អន្តោប្រវេសន៍
ជនបរទេស
© រក្សាសិទ្ធិដោយ thmeythmey.com