អន្តរជាតិ
លោក​លី សៀន​ឡុង​៖« ទោះ​គ្មាន​កិច្ចព្រមព្រៀង TPP ពាណិជ្ជកម្ម​សេរី​នៅ​បន្ត​រីក​ធំធាត់​
20, Oct 2017 , 4:23 pm        
រូបភាព
រូបភាព៖ គណនី twitter របស់លោកនាយករដ្ឋមន្ត្រី លី សៀនឡុង
រូបភាព៖ គណនី twitter របស់លោកនាយករដ្ឋមន្ត្រី លី សៀនឡុង
ដោយ: ថ្មីៗ
​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លោក លី សៀន​ឡុង សង្ឃឹមថា ទោះជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក (TPP) មិនអាច​ចេញ​រូបរាង​ក្តី ទំហំ​ពាណិជ្ជ​រវាង​សិង្ហ​បុរី​ជាមួយ​ដៃគូ​នានា​នៅ​បន្ត​រីក​ធំធាត់​។ ប៉ុន្តែ​បច្ចុប្បន្ន សមាជិក​នៅសល់​ទាំង ១១ កំពុង​បន្ត​ពិភាក្សាគ្នា​ដើម្បី​ឲ្យ​កិច្ចព្រមព្រៀង​នេះ​អាច​អនុវត្តបាន ទោះ​គ្មាន​អាមេរិក​ផង​។



​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​ឡុង នឹង​បំពេញ​ទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក​ចាប់ពី​ថ្ងៃ ២២ ខែតុលា​នេះ​។  មុន​ទស្សនកិច្ច​នេះ​លោក​បានផ្តល់​ទស្សនាទាន​ពាក់ព័ន្ធ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ស្តង់ដា​មាស​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក ដែល​អាមេរិក​បោះបង់ចោល ហើយ​សិង្ហ​បុរី​ជា​សមាជិក​ដែរ​។​

​ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន CNBC ថ្ងៃ​ព្រហស្បតិ៍ ទី ១៩ តុលា លោក លី សៀន​ឡុង បានបង្ហាញ​ការយល់ឃើញថា បោះ​ទោះជា​កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្មនេះ​មិន​ចេញ​រូបរាង​ក្តី ក៏​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​សិង្ហ​បុរី​និង​ប្រទេស​ដទៃ​ទូទាំង​ពិភពលោក​នៅ​បន្ត​រីក​ធំធាត់​ដដែល​។

​លោក លី បានបញ្ជាក់​បែបនេះ​៖ «​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម TPP ជួយ​ឲ្យ​ទំនាក់ទំនង​រវាង​ប្រទេស​នានា​តំបន់​ប៉ាស៊ីហ្វិក ជាពិសេស​រវាង​សមាជិក​កិច្ចព្រមព្រៀង​នេះ ដែលមាន​ទាំង​មហាអំណាច​សេដ្ឋកិច្ច​ដូចជា​ជប៉ុន អូស្ត្រាលី អាមេរិក កាណាដា និង​ម៉ិ​ក​ស៊ិ​ក​ជាដើម​។ ពេល​គ្មាន​កិច្ចព្រមព្រៀង TPP ក្តី ទំហំ​ពាណិជ្ជកម្ម​យើង​នៅ​នៅតែ​សំខាន់ ហើយ​យើង​សង្ឃឹមថា វា​នឹង​បន្ត​រីក​ធំធាត់​ទៀត​»​។​

​តាមពិតទៅ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក ត្រូវបាន​បង្កើតឡើង​នៅក្នុង​ខែតុលា ឆ្នាំ​២០១៥ ដោយមាន​សមាជិក ១២ ក្នុងនោះ​មាន កាណាដា​, ព្រុយ​ណេ​, ម៉ាឡេស៊ី​, ស៊ី​លី​, ម៉ិ​ក​ស៊ិ​ក​, នូ​វែ​ល​សេ​ឡង់​. ប៉េ​រូ​, ជប៉ុន​, សិង្ហ​បុរី​, វៀតណាម អូស្ត្រាលី និង​សហរដ្ឋអាមេរិក​។

​លោក ដូ​ណា​ល់ ត្រាំ បានសម្រេច​ទាញ​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក (TPP) បន្ទាប់ពី​លោក​ស្បថ​ចូលកាន់​តំណែង​ចុងខែ​មករា​ឆ្នាំនេះ​។ ក្រោយ​អាមេរិក​ចាក​ចេញទៅ សមាជិក​នៅ​សេសសល់​បាន​សន្យា​បន្តដំណើរ​ទៅមុខ និង​ធ្វើ​ឲ្យ​កិច្ចព្រមព្រៀង​នេះ​ចេញ​រូបរាង​ជា​ផ្លូវការ​ផងដែរ​។

​ក្នុងនាម​ជា​សមាជិក​មួយ​ក្នុងចំណោម ១១​ដែល​នៅសល់ សិង្ហ​បុរី​បានបង្ហាញ​អារម្មណ៍​ខកចិត្ត​ខ្លាំង​ចំពោះ​កាយវិការ​របស់​សហរ​ដ្ឋ​អាមេរិក​ដែរ​។ ប៉ុន្តែ​លោក លី សៀន​ឡុង​បាន​បញ្ជាក់ថា សិង្ហ​បុរី​គោរព​ការសម្រេចចិត្ត​របស់​មេ​ដឹកនាំ​អាមេរិក ហើយ​សមាជិក​នៅសល់​ទាំង ១១​នឹង​បន្ត​ពិភាក្សាគ្នា និង​ស្វែងរក​វិធី​ដើម្បី​ឲ្យ​កិច្ចព្រមព្រៀង​នេះ​អាចអនុវត្ត​ទៅបាន​។​

​ពាក់ព័ន្ធ​នឹង​ការបន្ត​ពិភាក្សាគ្នា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នេះដែរ លោក លី សៀន​ឡុង បាន​អះអាងថា  សមាជិក​ទាំង ១១ ត្រៀមខ្លួន​ដឹកនាំ​កិច្ចព្រមព្រៀង​នេះ​រៀងខ្លួន​ដោយ​គ្មាន​វត្តមាន​អាមេរិក​។ លោក​ក៏​សង្ឃឹមថា ក្រោយ​កិច្ចប្រជុំ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក (APE) នៅ​វៀតណាម វា​នឹងមាន​ការវិវត្ត​ច្រើន​ទៀត​ប្រកបដោយ​ភាព​វិជ្ជមាន​ផងដែរ​៕


Tag:
 លី សៀន​ឡុង​
  សិង្ហ​បុរី​
  TPP
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com