កីឡាអន្តរជាតិ
អន្តរជាតិ
ពូ​ទីន​ថា IOC ស្ថិតក្រោម​សម្ពាធ​អាមេរិក​ដើម្បី​រារាំង​វត្តមាន​រុស្ស៊ី​ក្នុង​អូឡាំពិក​នៅ​កូរ៉េខាងត្បូង​
20, Oct 2017 , 9:59 pm        
រូបភាព
​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្លា​ឌី​មៀ ពូ​ទីន (Vladimir Putin) កាលពី​ថ្ងៃទី​១៩ ខែតុលា​បាន​និយាយថា​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC) កំពុងស្ថិត​ក្រោម​សម្ពាធ​របស់​សហរដ្ឋអាមេរិក​ដើម្បី​រារាំង​អត្ត​ព​លិ​ក​រុស្ស៊ី​ពី​ការចូលរួម​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​រដូវរងា​ឆ្នាំ ២០១៨ នាទី​ក្រុង​ព្យុង​ឆាង (Pyeongchang) ប្រទេស​កូរ៉េខាងត្បូង​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន Reuters​។​



«​យើង​កំពុង​មើលឃើញថា IOC ស្ថិតនៅក្រោម​សម្ពាធ​យ៉ាងខ្លាំង​។ វា​ពឹង​ផ្អែកលើ​អ្នក​ផ្សាយពាណិជ្ជកម្ម​បណ្តាញ​ទូរទស្សន៍ និង​អ្នក​ឧបត្ថម្ភ​ជាដើម​។ ហើយ​អ្នក​ឧបត្ថម្ភ​ទាំងនោះ​ត្រូវ​បានទទួល​សញ្ញា​ច្បាស់លាស់​ពី​ស្ថា​ប័ណ​អាមេរិក​មួយចំនួន​។ លោកពូ​ទីន​បាន​និយាយ​បែបនេះ​នៅក្នុង​វេទិកា​មួយ​ជាមួយ​មន្ត្រី​ខ្លួន​។​

​រុស្ស៊ី​បាន​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​យ៉ាងខ្លាំង​ក្លា​ពី​ស្ថា​ប័ណ​កីឡា​ពិភពលោក​ចាប់តាំងពី​របាយការណ៍​ឆ្នាំ ២០១៥ របស់​ភ្នាក់ងារ​ប្រឆាំង​ការប្រើប្រាស់​សារធាតុ​ញៀន​ពិភពលោក (WADA) បាន​រកឃើញ​ភ័ស្តុតាង​ដែល​បង្ហាញថា​អត្ត​ព​លិ​ក​រុស្ស៊ី​បាន​ប្រើប្រាស់​សារធាតុ​ប៉ូវ​កំលាំង (doping) នៅពេល​ប្រកួត​កីឡា​អូឡាំពិក​រដូវរងា​នៅ Sochi កាលពី​ឆ្នាំ ២០១៤​។​



​រឿងអាស្រូវ​ខាងលើនេះ​កំពុង​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ការចូលរួម​របស់​រុស្ស៊ី​នៅក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​នៅ​ខែកុម្ភៈ​ឆ្នាំក្រោយ ដែល​កូរ៉េខាងត្បូង​ធ្វើជា​ម្ចាស់ផ្ទះ​នោះ​។ លើសពីនេះ​ទៀត កាលពី​ខែ​មុន​ប្រមុខ​នៃ​ភ្នាក់ងារ​ប្រឆាំង​សារធាតុ​ប៉ូវ​កំលាំង​ថ្នាក់ជាតិ (NADOs) ក៏បាន​អំពាវនាវ​ឲ្យ​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ ដក​រុស្ស៊ី​ចេញពី​ការប្រកួត​អូឡាំពិក​ឆ្នាំក្រោយ​ផងដែរ​។

​ប៉ុន្តែ​យ៉ាង​ក៏ដោយ បច្ចុប្បន្ន IOC កំពុង​ធ្វើតេស្ត​ឡើងវិញ​ទៅលើ​អត្ត​ព​លិ​ក​រុស្ស៊ី​ដែល​ធ្លាប់មាន​វត្ត​មាននៅ Sochi ហើយ​រំពឹងថា​នឹងមាន​ការសម្រេចចិត្ត​មួយ​នៅ​ចុង​ឆ្នាំនេះ​៕


Tag:
 កីឡា​អូឡាំពិក​
  រុស្ស៊ី​
  ពូ​ទីន​
  IOC
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com