អន្តរជាតិ
ប្រមុខ​អាស៊ាន​បំពេញ​ទស្សនកិច្ច​នៅ​បារាំង​ដើម្បី​ផ្សព្វផ្សាយ​ពី​«​អាស៊ាន​៥០​ឆ្នាំ​»
20, Oct 2017 , 10:39 pm        
រូបភាព
រូបភាព៖ NDH
រូបភាព៖ NDH
ដោយ:
​ប្រមុខ​អាស៊ាន លោក លី ឡុង​មិញ (Le Luong Minh )​បាន​បំពេញ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​បារាំង​ដើម្បី​ជួបពិភាក្សា​ជាមួយនឹង​ដៃគូ​កិច្ចសហប្រតិបត្តិការ និង​ជាពិសេស​នោះ​ដើម្បី​ផ្សព្វផ្សាយ​ពី​ស្ថាប័ន​អាស៊ាន​ក្នុង​រយៈកាល​៥០​ឆ្នាំ ។



​អគ្គលេខាធិការ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ឬ​ហៅ​កាត់​ថា​អាស៊ាន លោក លី ឡុង​មិញ នៅ​ថ្ងៃ​១៦ តុលា បាន​បំពេញ​ទស្សនកិច្ច​ទៅកាន់​បារាំង ដោយ​រៀបចំ​ដោយ​គណៈកម្មាធិការ​អាស៊ាន​ប្រចាំ​ប្រទេស​បារាំង និង​មានការ​ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​ការទូត​បា​រាំង​ផងដែរ ។

​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក​អគ្គលេខាធិការ​អា​ស៊ាន បានលើកឡើង​ពី​ព្រឹត្តិការណ៍​ពិសេស​របស់​អាស៊ាន ដែល​បាន​ឈានដល់​អាយុកាល ៥០​ឆ្នាំ ។ លោក ក៏បាន​ជួបពិភាក្សា​ជាមួយនឹង​សហគមន៍​ធុរកិច្ច តាមរយៈ​វេទិកា​ធុរៈកិច្ច​អាស៊ាន ដើម្បី​ចែករំលែក និង​ផ្លាស់ប្តូរ​បទពិសោធន៍​ពាក់ព័ន្ធ​ដំណើរ​សមា​រណ​កម្ម​សេដ្ឋកិច្ច និង​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​តំបន់​ប្រទេស​អាស៊ាន និង​សហភាព​អឺរ៉ុប ។​

​បើ​យោងតាម​គេហទំព័រ​ផ្លូវការ​របស់​អាស៊ាន ប្រមុខ​អាស៊ាន ក៏បាន​ឆ្លៀតឱកាស​អះអាង​ជាថ្មី​ជាមួយនឹង​បារាំង​លើ​ទំនាក់ទំនង​រឹងមាំ​រវាង​អាស៊ាន និង​សហភាព​អឺរ៉ុប ។ ភាគី​ទាំងពីរ បានផ្តល់​តម្លៃ​ខ្ពស់​លើ​សមិទ្ធផល​ដែល​បង្កើត​មក ខណៈពេលដែល​ទំនាក់ទំនង​ស្ថាប័ន​ទាំងពីរ ក៏បាន​ឈាន​មកដល់​អាយុកាល​៤០​ឆ្នាំ​នោះ ។​

​សូម​ជម្រាប​ផងដែរ​ថា មកដល់​ឆ្នាំ​២០១៧​នេះ អាស៊ាន បាន​មាន​អាយុកាល ៥០​ឆ្នាំ​ហើយ ។ សហភាព​អឺរ៉ុប​ជា​ដៃគូ​ដ៏​សំខាន់​មួយ​របស់​អាស៊ាន ដ្បិត​ទម្រង់​នៃ​ការដឹកនាំ និង​ដំណើរការ​ផ្សេងៗ​របស់​អាស៊ាន បាន​យក​គំរូ​តាម​សហភាព​អឺរ៉ុប​ដែរ​៕


Tag:
 អាស៊ាន​
  លី ឡុង​មិញ
© រក្សាសិទ្ធិដោយ thmeythmey.com