ជាតិ
បណ្តឹងសុំ​ឲ្យ​រំលាយ​បក្ស ឈានទៅរក​ការជំនុំជម្រះ ខណៈ CNRP មិន​អើពើ​
20, Oct 2017 , 5:15 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ គណបក្ស​សង្គ្រោះ​ជាតិ ដែល​ក្លាយជា​ចុងចោទ ក្រោម​បណ្តឹង​របស់​ក្រសួងមហាផ្ទៃ ធ្វើ​មិនដឹងមិនឮ ចំពោះ​ចំណាត់ការ​របស់​តុលាការ​កំពូល​។ យ៉ាងណា ភាព​ស្ងៀមស្ងាត់​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​បែបនេះ មិនមាន​អ្វី ដែល​ពាក់ព័ន្ធ​នឹង​នីតិវិធី​ឡើយ​។​



​ភាព​ព្រងើយកន្តើយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចំពោះ​ការបង្គាប់​របស់​តុលាការ​កំពូល មិនអាច​ប៉ះពាល់​ដល់​នីតិវិធី​នោះទេ​។ នេះ​ជាការ​អះអាង​របស់​អ្នកនាំពាក្យ​តុលាការ​កំពូល លោក នៅ មុនី​ជោ​ត ដែល​ប្រាប់​សារព័ត៌មាន​ថ្មីៗ ដោយ​លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​មិនមាន​បញ្ហា​ទេ​។ តុលាការ​កំពូល នៅតែ​បន្ត​នី​វិធី​ដដែល​»​។​

​លោក នៅ មុនី​ជោ​ត អះអាងថា រហូតមកដល់​ពេលនេះ តុលាការ​កំពូល មិនទាន់​កំណត់​កាលបរិច្ឆេទ ដើម្បី​បើកសវនាការ​លើ​បណ្តឹង​របស់​ក្រសួងមហាផ្ទៃ ដែល​សុំ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ​។ ប៉ុន្តែ លោក​បន្ថែមថា តុលាការ​កំពូល​នៅតែ​បន្ត​នីតិវិធី​ឆ្ពោះទៅ​ជំនុំជម្រះ​នាពេលខាងមុខ​។  

​លោក នៅ មុនី​ជោ​ត បន្តទៀតថា បើ​តុលាការ​កំពូល បើកសវនាការ​នាពេល​ខាងមុខ តែ​ភាគី​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ចូលរួម ឬ​មិន​ពឹងពាក់​មេធាវី ដើម្បី​ការពារ​សិទ្ធិ ក៏​សវនាការ​នោះ អាច​ប្រព្រឹត្តទៅ​បានដែរ​។ អ្នកនាំពាក្យ​តុលាការ​កំពូល​រូបនេះ បកស្រាយ​ថា​៖«​ចូល​ឬ​មិន​ចូល ជា​សិទ្ធិ​របស់គេ​។ តែ​មិនអាច​បង្អង់ [​សវនាការ​] បានទេ​»​។

​កាលពី​១0​ថ្ងៃមុន តុលាការ​កំពូល បាន​បង្គាប់​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ដាក់​ភស្តុតាង​និង​ឯកសារ​ផ្សេងៗ ដើម្បី​ជា​ប្រយោជន៍​របស់ខ្លួន ក្នុងការ​តតាំង​ជាមួយ​ក្រសួងមហាផ្ទៃ ដែល​ដើរតួ​ជាដើម​បណ្តឹង​។ ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ មិនបាន​ធ្វើតាម​បង្គាប់​ឡើយ​។

​សារព័ត៌មាន​ថ្មីៗ មិនអាច​សុំ​ការឆ្លើយតប​ពី​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បានទេ ដោយសារតែ​ហៅ​ទូរ​សព្ទ​មិន​ចូល​។ ប៉ុន្តែ លោក ម៉ៅ មុនី​វណ្ណ តំណាងរាស្ត្រ និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​ប្រតិបត្តិ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ កាលពី​កន្លងទៅ យ៉ាង​ដូច្នេះ​ថា​៖«​យើង មិន​ដាក់​ភស្តុតាង​ឬ​ឯកសារ​ទេ​។ យើង គ្មាន​ឯកសារ​អ្វី​ត្រូវដាក់​ផង​។ យើង​ដឹង​ហើយ ទោះ​យើង​ដាក់​ឯកសារ ឬ​មាន​មេធាវី ក៏​គ្មាន​ប្រយោជន៍​ដែរ​។ បណ្តោយ ឲ្យ​ដំណើរការ​តាម​ហ្នឹង​ចុះ​..»​។

​រីឯ​ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ស្ថិតក្នុង​ពន្ធនាគារ ក្រោម​ការសង្ស័យ​របស់​សមត្ថកិច្ច​និង​តុលាការ​ថា ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ក្បត់ជាតិ ក៏​មិន​ប្រតិកម្ម​នឹង​ចំណាត់ការ​របស់​តុលាការ​កំពូល​ដែរ​។ លោក សំ សុ​គង់ មេធាវី​មួយរូប​របស់​ឯកឧត្តម កឹម សុខា ធ្លាប់​អះអាងថា ឯកឧត្តម កឹម សុខា ហាក់​មិន​ភ្ញាក់ផ្អើល​ឬ​ព្រួយបារម្ភ​អ្វី​ឡើយ ចំពោះ​បណ្តឹង​របស់​ក្រសួងមហាផ្ទៃ ដែល​សុំ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។

​លោក​មេធាវី​រូបនេះ ធ្លាប់​និយាយថា​៖«​យើង បាន​ប្រាប់​ឯកឧត្តម កឹម សុខា ដែរ ពី​រឿង​គេ​ប្តឹង​ឲ្យ​រំលាយ​គណបក្ស​។ តែ​គាត់ មើលទៅ​ធម្មតា​។ គាត់ អត់​ប្រតិកម្ម​អ្វី​ទេ ហើយក៏​មិន​សួរនាំ​ច្រើន​ដែរ​។ គាត់ ដូច​អត់​តក់ស្លុត​ចំពោះ​រឿង​ហ្នឹង​ផង​»​។

​ខណៈ​បណ្តឹងសុំ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កំពុងស្ថិត​ក្នុង​ចំណាត់ការ​របស់​តុលាការ​កំពូល ក្រុមតំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ស្រាប់តែ​កែប្រែ​ច្បាប់​ចំនួន​៤ ដែល​រួមមាន ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​ក្រុមប្រឹក្សាឃុំ សង្កាត់ និង​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​។ មាត្រា​ថ្មី​នៃ​ច្បាប់​ខាងលើ មាន​ខ្លឹមសារ​ជារួម​ថា បើ​គណបក្ស​ណាមួយ ត្រូវបាន​រំលាយចោល រាល់​អាសនៈ​ឬ​ភាពជា​តំណាង​របស់​គណបក្ស​នោះ ត្រូវ​បែងចែក​ទៅ​ឲ្យ​គណបក្ស​ដទៃ​។

​ការកែប្រែ​ច្បាប់​ខាងលើ បណ្តឹងសុំ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ រួមទាំង​ការចាប់​ឯកឧត្តម កឹម សុខា ត្រូវបាន​សហគមន៍​អន្តរជាតិ​មួយចំនួន ចេញមក​ប្រតិកម្ម​ជា​បន្តបន្ទាប់​នឹង​រដ្ឋាភិបាល​កម្ពុជា​។ ប៉ុន្តែ ការ​ប្រតិកម្ម​របស់​សហគមន៍​អន្តរជាតិ​ទាំងនោះ ហាក់​មិនមាន​ឥទ្ធិពល​អ្វី​លើ​រដ្ឋាភិបាល​កម្ពុជា​ឡើយ​។ ភាគី​រដ្ឋាភិបាល ចាត់ទុក​ប្រតិកម្ម​របស់​សហគមន៍​អន្តរជាតិ ថា​ជាការ​លូកដៃ​ចូល​ដែន​អធិបតេយ្យ​របស់​កម្ពុជា​៕


Tag:
 CNRP
  បណ្តឹងសុំ​រំលាយ
© រក្សាសិទ្ធិដោយ thmeythmey.com