ជាតិ
និយ័តករ ស្នើឲ្យប្រតិបត្តិកររៀបចំស្ថានីយទូរសព្ទចល័ត ក្នុងឱកាសបុណ្យអុំទូកដើម្បីធានាគុណភាពសេវា
× ភ្នំពេញ៖ និយ័តករទូរគមនាគមន៍កម្ពុជា (TRC) បានស្នើដល់ក្រុមហ៊ុនផ្ដល់សេវាទូរសព្ទចល័តទាំងអស់ រៀបចំស្ថានីយទូរសព្ទចល័ត ក្នុងឱកាសបុណ្យអុំទូក ដើម្បីធានាគុណភាពសេវាទូរសព្ទ។ នេះបើតាមលិខិតផ្លូវការមួយរបស់ TRC កាលពីសប្ដាហ៍មុន។
ដើម្បីធានានូវគុណភាពសេវា និងឆ្លើយតបតាមតម្រូវការប្រើប្រាស់របស់អតិថិជនឲ្យបានល្អ និយ័តករទូរគមនាគមន៍កម្ពុជា បានស្នើដល់ប្រតិបត្តិករផ្ដល់សេវាទូរសព្ទចល័តទាំងអស់ ត្រូវរៀបចំរថយន្តបំពាក់ស្ថានីយទូរសព្ទចល័ត (Mobile Tower-COW) និងដំឡើងនៅតាមបណ្ដាទីតាំងសំខាន់ៗក្នុងពិធីបុណ្យអុំទូក ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ខែវិច្ឆិកា។
និយ័តករបញ្ជាក់ថា មុននឹងដំឡើងស្ថានីយទាំងនោះ ក្រុមហ៊ុនត្រូវទាក់ទងគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ជាមុនសិន៕
© រក្សាសិទ្ធិដោយ thmeythmey.com