ជាតិ
យុវជន​ជាង​១០០​នាក់​នាំគ្នា​បោះជំរំ​នៅ​កំពង់ធំ ដើម្បី​បំផុស​ចលនា​ស្រឡាញ់​វប្បធម៌ និង​បរិស្ថាន​
21, Oct 2017 , 10:10 am        
រូបភាព
​ភ្នំពេញ​៖ ក្រុម​ចលនា​យុវជន «​អ្នក និង​ខ្ញុំ​» និង សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រៀបចំ​កម្មវិធី​បោះជំរំ​យុវជន ក្រោម​ប្រធានបទ «​បោះជំរំ វប្បធម៌ បរិស្ថាន​» នៅ​រមណីយដ្ឋាន​បឹង​សំរឹទ្ធិ ខេត្តកំពង់ធំ​។ កម្មវិធី​បោះជំរំ​នេះ ប្រព្រឹត្តទៅ​រយៈពេល​ពីរ​ថ្ងៃ ចាប់​ថ្ងៃទី ២១-២២ ខែតុលា ឆ្នាំ​២០១៧​។ ក្នុង​កម្មវិធី​បោះជំរំ​នេះ មាន​អ្នកចូលរួម​ជាង ១០០​នាក់ ដែលជា​យុវជន​ក្នុង​ខេត្តកំពង់ធំ និង​យុវជន​មកពី​តាម​បណ្ដា​ខេត្ត​មួយចំនួន​ផងដែរ​។​



កម្មវិធី​បោះជំរំ ក្រោម​ប្រធានបទ «​បោះជំរំ វប្បធម៌ បរិស្ថាន​» នៅ​រមណីយដ្ឋាន​បឹង​សំរឹទ្ធិ ខេត្តកំពង់ធំ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី ២១-២២ តុលា​នេះ​។ កម្មវិធី​នេះ មាន​អ្នកចូលរួម​ជាង ១០០​នាក់ ដែលជា​យុវជន ដើម្បី​ចូលរួម​លើក​តម្លៃ​វប្បធម៌ អរិយធម៌ និង​បរិស្ថាន​។ កម្មវិធី​ខាងលើ នឹងធ្វើ​ទស្សនកិច្ច​សិក្សា ស្វែងយល់​ពី​ប្រាសាទសំបូរព្រៃគុក ពិសេស​ការបោះ​ជំរំ និង​ចម្អិន​អាហារ​តាម​ក្រុម​នីមួយៗ​។



ការបោះ​ជំរំ​នេះ មាន​សកម្មភាព​កសាង​ក្រុម ចូលរួម​គិត រួម​ធ្វើ និង​ទទួលខុសត្រូវ ដើម្បី​បណ្ដុះ​ស្មារតី​ក្នុង​ភាពជា​អ្នកដឹកនាំ និង​សាមគ្គីភាព រវាង​យុវជន​ដទៃទៀត​។ ក្រៅពីនេះ ក្នុង​កម្មវិធី​នេះ នឹងមាន​ការដាំ​កូនឈើ នៅ​ទីតាំង​វិទ្យាល័យ​ហ៊ុនសែន​ស្រះ​បន្ទាយ​ផងដែរ​។​



នេះ​ជា​លើក​ទី​២ ដែល​ក្រុម​ចលនា​យុវជន  «​អ្នក និង​ខ្ញុំ​» បានរៀបចំ​កម្មវិធី​បោះជំរំ​យុវជន​នេះ​។ កម្មវិធី​នេះ ធ្វើឡើង​ដើម្បី​ពង្រីក​សាមគ្គីភាព លើកកម្ពស់​ការយល់ដឹង​អំពី​តម្លៃ​នៃ​វប្បធម៌ អរិយធម៌ និង​បរិស្ថាន ពិសេស​ចូលរួម​អបអរ ការដាក់​ប​ញ្ជូ​ល​ប្រាសាទសំបូរព្រៃគុក ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​។ ជាមួយគ្នានេះ កម្មវិធី​បោះជំរំ​យុវជន​ឆ្នាំ​២០១៧​នេះ  មានការ​ចូលរួម​សហកា​រ​ពី​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​គាំទ្រ​ដោយ​ក្រសួងបរិស្ថាន និង​មន្ទីរ​ស្ថាប័ន​នានា​។​



ទន្ទឹមនឹងនេះ អ្នកចូលរួម នឹង​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន ដូចជា បទពិសោធន៍​ថ្មី​ក្នុងការ​បោះជំរំ និង​សកម្ម​ភាពជា​ក្រុម​ផ្សេងៗ​។ ម្យ៉ាងទៀត ការចូល​ទស្សនា​ក្នុង​តំបន់​ប្រាសាទសំបូរព្រៃគុក និង​ការចូលរួមចំណែក​ក្នុងការ​ការពារ​បិ​រ​ស្ថាន​តាមរយៈ​ការដាំ​កូនឈើ​ផងដែរ​៕






© រក្សាសិទ្ធិដោយ thmeythmey.com