ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ការប្រែប្រួល​អាកាសធាតុ​ធ្វើ​ឲ្យ​កម្ពុជា​ប្រឈម​នឹង​កង្វះ​អាហារូបត្ថម្ភ​ខ្លាំង​
21, Oct 2017 , 11:35 am        
រូបភាព
លោក ជឿង ណេត កសិករវ័យ ៣៩ឆ្នាំដែលរស់នៅឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ
លោក ជឿង ណេត កសិករវ័យ ៣៩ឆ្នាំដែលរស់នៅឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ
ជា​ប្រទេស​កំពុង​អភិវឌ្ឍ កម្ពុជា​ក្លាយជា​ប្រទេស​រងគ្រោះ​ខ្លាំងជាងគេ​មួយ​នៅក្នុង​តំបន់​ពី​ការប្រែប្រួល​អាកាសធាតុ​។ ប្រជាជន​កម្ពុជា​បាន​ទទួលរង​ផលប៉ះពាល់​រួចទៅហើយ​ដូចជា​ការកើនឡើង​នៃ​គ្រោះមហន្តរាយ​ទឹកជំនន់ គ្រោះរាំងស្ងួត និង​ការកើនឡើង​កម្តៅ​ជាដើម​។ ឆ្នាំ ២០១៥ និង ២០១៦ កន្លងទៅ ការប្រែប្រួល​អាកាសធាតុ​ក៏បាន​ធ្វើ​ឲ្យ​កម្ពុជា​ប្រឈម​វិបត្តិ​ខ្លាំង ដោយ​ផលដំណាំ​កសិកម្ម​ជាច្រើន​រង​ការខូចខាត​ផង​។ កង្វះ​អាហារូបត្ថម្ភ​ក្លាយជា​បញ្ហា​ប្រឈម​ធំ​របស់​ប្រជាជន​កម្ពុជា​ដែល​ភាគច្រើន​ជា​កសិករ បើសិន​ការប្រែប្រួល​អាកាសធាតុ​នៅ​បន្ត​ទៅមុខ​។



​ខេត្តកំពង់ស្ពឺ បាន​ក្លាយជា​ខេត្ត​មួយ​ក្នុងចំណោម​ខេត្ត​នៅ​កម្ពុជា​ដែល​រងគ្រោះ​ខ្លាំងជាងគេ​ដោយសារ​គ្រោះរាំងស្ងួត​។ ប្រជាជន​ខេត្ត​នេះ​រងគ្រោះ​ដោយសារ​ការថយចុះ​នៃ​ទិន្នផល​កសិកម្ម​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះដែរ ដោយសារ​ការអូសបន្លាយ​នៃ​រដូវប្រាំង និង​គ្រោះរាំងស្ងួត​ធ្ងន់ធ្ងរ​។​

​លោក ជឿ​ង ណេ​ត អាយុ ៣៩ ឆ្នាំ​ស្ថិតនៅ​ក្នុងភូមិ ត្រពាំង​ក្រឹម ឃុំ​ក្រាំងចេក ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ បាន​ប្រកប​របរ​កសិកម្ម​ជាច្រើន​ឆ្នាំ​មកហើយ​ដើម្បី​ចិញ្ចឹម​គ្រួសារ ហើយ​ស្រូវ​ដែល​បង្កបង្កើនផល​បាន​នោះ​អាច​គ្រប់គ្រាន់​សម្រាប់​ចិញ្ចឹម​គ្រួសារ​លោកពូ​បាន​ពេញ​មួយឆ្នាំ​។  ប៉ុន្តែ​លោក បាន​រៀបរាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ការដាំដុះ​ស្រូវ​របស់​ក្រុមគ្រួសារ​លោកពូ​ប្រឈម​បញ្ហា​ដោយសារ​គ្រោះរាំងស្ងួត​ជាពិសេស​ទិន្នផល​ស្រូវ​ថយចុះ​។

​លោក ជឿ​ង ណេ​ត បានបញ្ជាក់​ដូច្នេះ​៖ «​ខ្ញុំ​ធ្វើបាន​ស្រូវ​បាន​ប្រហែល ៨០ ឬ​៧០​ថាំង​ទុក​ហូបចុក​រាល់​ឆ្នាំ​។ ប៉ុន្តែ​ឆ្នាំ​មុននេះ វា​រាំង​ច្រើន​ហើយ​ស្រូវ​ខូច​ច្រើន​នៅសល់​ត្រឹម ៤០ ថាំង​ប៉ុណ្ណោះ​។



​ការថយចុះ​ទិន្នផល​ស្រូវ​ប្រចាំ​ឆ្នាំនេះ​ក្លាយជា​ក្តីកង្វល់​ដ៏​ធំ​របស់​ក្រុមគ្រួសារ​លោកពូ ជឿ​ង ណេ​ត ព្រោះ​ក្រុមគ្រួសារ​លោក ជឿ​ង ណេ​ត ពឹងផ្អែក​ទាំងស្រុង​លើ​ស្រូវ​អង្ករ​ដែល​ខ្លួន​ផលិត​បាន​ប្រចាំ​ឆ្នាំនេះ​។ ក្នុងករណី​ដែលមាន​គ្រោះរាំងស្ងួត ឬ​ទឹក​ជន់​លិច​នៅ​ឆ្នាំ​បន្ទាប់ៗ​ទៀត​នោះ ក្រុមគ្រួសារ​លោកពូ​នឹង​ប្រឈម​បញ្ហា​កាន់តែ​ធំ​ជាពិសេស​ខ្វះ​ស្បៀងអាហារ​សម្រាប់​ហូបចុក​នៅពេល​ខាងមុខ​។

«​ខ្ញុំ​តែងតែ​បារម្ភ​រហូត ព្រោះ​អាកាសធាតុ​វា​ប្រែប្រួល​មិន​ទៀងទាត់​បែបនេះ​។ បើសិន​មាន​បញ្ហា​រាំងស្ងួត​នេះ​បន្ត​កើតឡើង​ទៀត យើង​ធ្វើស្រែ​មិនកើត ហើយ​យើង​ហូប​អត់​គ្រាន់​ទេ​។ ហើយ​បើ​ទឹកជំនន់​វិញ គឺ​ខូច​ទាំងអស់​»​។



​របាយការណ៍​ស្តីពី​ស្ថានភាព​បង្កបង្កើន​ផលដំណាំ​ស្រូវ រដូវវស្សា​ឆ្នាំ​២០១៥ នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បង្ហាញថា ដំណាំ​ស្រូវ​យ៉ាងហោចណាស់ ១៨៥ ៤៥១ ហិច​តា នៅ​ទូទាំងប្រទេស បាន​ប្រឈម​បញ្ហា​ខ្វះខាត​ទឹក​ស្រោចស្រព​។

១.​ការប្រែប្រួល​អាកាសធាតុ​អាចធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ប្រឈម​កង្វះ​អាហារូបត្ថម្ភ​ខ្លាំង​

​របាយការណ៍​កម្មវិធី​ស្បៀងអាហារ អង្គការសហប្រជាជាតិ (WPF) បាន​បង្ហាញថា នៅ​ទូទាំង​ពិភពលោក បញ្ហា​កង្វះ​អាហារូបត្ថម្ភ​នេះ​កើនឡើង​កាន់តែខ្លាំង​ដោយសារ​ការប្រែប្រួល​អាកាសធាតុ ហើយ​ប្រជាជន ៨១៥​លាន​នាក់​ឯណោះ​ដែល​រង​ផលប៉ះពាល់​ដោយសារ​បញ្ហា​នេះ​។ វា​កើនឡើង​ច្រើន បើ​ប្រៀបធៀប​ទៅនឹង​ចំនួន​ប្រជាជន​ដែល​រងគ្រោះ​កាលពី​ឆ្នាំមុន​។​

​ប្រជាកសិករ​នៅ​កម្ពុជា រួមទាំង​ក្រុមគ្រួសារ​លោក ជឿ​ង ណេ​ត ក៏​អាច​ប្រឈម​នឹង​ការខ្វះខាត​ស្បៀងអាហារ និង​កង្វះ​អាហារូបត្ថម្ភ​នេះដែរ បើសិនជា​ការបង្កបង្កើន​ផល​រង​ផលប៉ះពាល់​ខ្លាំង​ដោយសារ​ការប្រែប្រួល​អាកាសធាតុ​នេះ​។ អ្នកជំនាញ​ប្រែប្រួល​អាកាសធាតុ​ទទួលស្គាល់ថា បាតុភូត​ប្រែប្រួល​អាកាសធាតុ​ពិតជា​រួមចំណែក​បង្ក​ឲ្យ​មាន​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ពិតមែន ប៉ុន្តែ​វា​មិន​ប៉ះពាល់​ដោយផ្ទាល់​នោះឡើយ​។​

​ប្រធាន​អង្គការ Live and Learn Environmental Education Cambodia លោក ស៊ូ សុជាតិ បាន​ពន្យល់​ដូច្នេះ​ថា​៖« ការប្រែប្រួល​អាកាសធាតុ​មិនមាន​ផលប៉ះពាល់​លើ​អាហា​រូប​ត្ថ​ម្ដ​ដោយផ្ទាល់​ទេ ប៉ុន្តែ​វា​ធ្វើ​ឲ្យ​ផលិតភាព​កសិកម្ម​រប​ស់​ប្រជាពលរដ្ឋ​យើង​ថយចុះ​។ ដូច្នេះ​កាលណា​ស្បៀង​ថយចុះ អាហារូបត្ថម្ភ​របស់គាត់​ថយចុះ​តាម​នោះដែរ​។ នេះ​ក៏ដោយ​សារ គាត់​មិនមាន​លទ្ធភាព មាន​ថវិកា​គ្រប់គ្រាន់​ដើម្បី​ទិញ​ស្បៀង​បន្ថែម ដើម្បី​បំពេញតម្រូវការ​ផ្នែក​អាហារូបត្ថម្ភ​នេះ​ទេ​»​។​

​ដោយឡែក នាយក​ប្រតិបត្តិ​អង្គការ​សេ​ដាក លោក សម វិទូ ទទួលស្គាល់ថា បញ្ហា​ប្រែប្រួល​អាកាសធាតុ​មាន​ចំណែក​មិនផ្ទាល់​លើ​បញ្ហា​កង្វះ​អាហារូបត្ថម្ភ ព្រោះ​វា​ទាក់ទង​នឹង​ការផលិត​ស្បៀងអាហារ​របស់​ប្រជាពលរដ្ឋ​។​

​លោក វិទូ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ​៖ «​បញ្ហា​នេះ​វា​ទាក់ទង​នឹង​ការផលិត​។ បើ​កសិករ​មាន​ជីវភាព​ក្រីក្រ ហើយ​គាត់​មិនអាច​ផលិត​បាន​អាហារ​គ្រប់គ្រាន់ និង​មិន​លទ្ធភាព​ភាព​ទិញ​ស្បៀងអាហារ​ទៀត​នោះ គាត់​ពិតជា​ប្រឈម​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ជាក់​ជាមិនខាន​»​។​

​បើតាម​របាយការណ៍​អង្គការ​សុខភាព​ពិភពលោក បើ​គ្មាន​ការអភិវឌ្ឍ​ភាព​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ​ទេនោះ ការអត់ឃ្លាន និង​កង្វះ​អាហារូបត្ថម្ភ​ក្នុងចំណោម​ប្រជាពលរដ្ឋ​នឹង​កើនឡើង​ខ្លាំង​។ ក្នុង​ឆ្នាំ ២០១៤ កុមារ​ដែលមាន​បញ្ហា​ក្រិន​នៅ​អាយុ​ក្រោម ៥​ឆ្នាំ មាន​រហូតដល់ ៣២,៤​ភាគរយ កុមារ​ដែលមាន​ទម្ងន់​មិន​គ្រប់គ្រាន់​មាន​អាយុ​ក្រោម ៥​ឆ្នាំ មាន​ចំនួន ២៣,៩​ភាគរយ និង​កុមារ​ដែលមាន​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ស្រួចស្រាវ​អាយុ​ក្រោម ៥​ឆ្នាំមាន​ចំនួន ៩,៦​ភាគរយ​ផងដែរ​។

​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​អាច​នឹង​កើនឡើង​ថែមទៀត​នៅ​កម្ពុជា​នៅពេល​អនាគត​ព្រោះ​សន្តិសុខ​ស្បៀង​រង​ការគំរាមកំហែង​ដោយ​ការប្រែប្រួល​អាកាសធាតុ​។  យ៉ាងណាមិញ អ្នកជំនាញ​ផ្តល់យោបល់​ថា វា​មាន​ចំណា​ច់ការ​ច្រើន​ដែរ​កន្លងមក​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​សន្តិសុខ​ស្បៀង​និង​កង្វះ​អាហារូបត្ថម្ភ​នេះ​។ ប៉ុន្តែ​វា​ក៏​ចាំបាច់​ត្រូវមាន​ការប្រឹងប្រែង​ដោះស្រាយ​បន្ថែមទៀត​។​
 
​លោក ស៊ូ សុជាតិ យល់ឃើញថា ទាំង​ខាង​រដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល​បានរួម​ចំណែក​ច្រើន​កន្លងមកហើយ​ក្នុងការ​ដោះស្រាយ​បញ្ហា​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ​លើ​បញ្ហា​ក​កសិកម្ម និង​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​នេះ​។

«​ខាង​រដ្ឋាភិបាល​មាន​ផែនការ​យុទ្ធសាស្ត្រ​រួចរាល់​ហើយ ជាពិសេស​ជួយសម្របសម្រួល​ក្រសួង​ពាក់ព័ន្ធ​រួមទាំង​ក្រសួងសុខាភិបាល​ផង​ដើម្បី​អនុវត្ត​ផែនការ​សកម្មភាព​។ នេះ​ជា​យន្តការ​របស់​រដ្ឋាភិបាល​សម្រាប់​ថ្នាក់ជាតិ​»​។

​លោក សុជាតិ បន្តថា​៖«​ទន្ទឹមគ្នានេះ ខាង​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ទាក់ទង​រឿង​ជីវភាព កសិកម្ម និង​ពង្រឹង​អំណាច​សហគមន៍​នោះ ក៏​គេ​បានដាក់​បញ្ចូល​កម្មវិធី​បន្សាំ​នឹង​ការប្រែប្រួល​អាកាសធាតុ​នោះ​ក្នុង​គោលនយោបាយ​របស់គេ​ដែរ​។ វា​ជួយ​បង្កើន​ភាព​ធន​ដល់​ប្រជាពលរដ្ឋ​នៅ​សហគមន៍​មូលដ្ឋាន​»​។

​ត្រឡប់​ទៅ​លោក សម វិទូ វិញ លោក​មើលឃើញថា អង្គការ​សង្គម​ស៊ីវិល​ច្រើន​រួចហើយ​បាន​បណ្តុះបណ្តាល​សហគម​ន៍​ពាក់ព័ន្ធ​បញ្ចេ​ក​ទេស​កសិកម្ម​ក្នុងការ​បន្សាំ​នឹង​ការប្រែប្រួល​អាកាសធាតុ​ដើម្បី​ចូលរួមចំណែក​ដោះស្រាយ​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​នេះ​។

​លោក វិទូ បាន​អះអាង​ដូច្នេះ​៖ «​ថ្វីបើ​មាន​បញ្ហា​នេះ​មែន អង្គការ​ជាច្រើន​បាន​បញ្ចូល​បញ្ហា​បច្ចេកទេស​កសិកម្ម​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ​ក្នុង​គោលនយោបាយ​អភិវឌ្ឍ​សហគមន៍​របស់ខ្លួន​រួចហើយ​។ ដូច្នេះ​វា​រួមចំណែក​បាន​ច្រើន​ដែរ​ក្នុងការ​កាត់បន្ថយ​បញ្ហា​ប្រឈម​ផ្នែក​កង្វះ​អាហារូបត្ថម្ភ​នេះ​»​។ 

២.​ការអនុវត្ត​ផែនការ​បន្សាំ​ខុស​បច្ចេកទេស​៖ «​ប្រជាជន​ងាក​ទៅប្រើ​ប្រាស់​សារធាតុ​គីមី ពេល​ទិន្នផល​កសិកម្ម​ថយចុះ​»

​យ៉ាងណាមិញ ការអនុវត្ត​កម្មវិធី​បន្សាំ​នឹង​ការប្រែប្រួល​អាកាសធាតុ​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា​នៅតែ​ប្រឈម​បញ្ហា និង​នៅមានកម្រិត​នៅឡើយ​។ អ្នកជំនាញ​កសិកម្ម និង​ការប្រែប្រួល​អាកាសធាតុ​មើលឃើញថា ការអនុវត្ត​កម្មវិធី​បន្សាំ​ខុស​បច្ចេកទេស (Maladaptation) ក្លាយជា​បញ្ហា​ប្រឈម​ធំជាងគេ​ក្នុងពេល​បច្ចុប្បន្ន​។​

​ពាក់ព័ន្ធ​បញ្ហា​នេះ លោក ស៊ូ សុជាតិ ពន្យល់ថា ប្រជាពលរដ្ឋ​កម្ពុជា​នៅតាម​មូលដ្ឋាន​ខ្លះ​យល់​ពី​ផែនការ​បន្សាំ​នេះ​មិនបាន​ច្បាស់​ឡើយ ដែល​វា​ជា​មូលហេតុ​មួយ​ធ្វើ​ឲ្យ​គាត់​អនុវត្ត​វា​ខុស​បច្ចេកទេស​។​
 
«​ពេលខ្លះ​គាត់​យល់​ពី​បញ្ហា​បន្សាំ​នេះ​មិន​ច្បាស់​។ ឧទាហរណ៍​ពួកគាត់​មើលឃើញថា ស្បៀង​របស់គាត់​ថយចុះ​។ ដូច្នេះ​គាត់​ចាប់ផ្តើម​ងាក​ទៅប្រើ​ប្រាស់​ថ្នាំ​គីមី​ឬ​ថ្នាំពុល​ដើម្បី​បង្កើន​ទិន្នផល​កសិកម្ម​របស់គាត់ ប៉ុ​ន្តែ​វា​បង្ក​ឲ្យ​មាន​បញ្ហា​ប៉ះពាល់​ដល់​ផ្នែក​ផ្សេងទៀត​ជាពិសេស​សុខភាព​។ នេះហើយ​គេ​ហៅថា​ការអនុវត្ត​កម្មវិធី​បន្សាំ​ខុស​បច្ចេកទេស​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com