ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេចក្រុមព្រះ ចង់​ឲ្យ​តុលាការ ចាត់ការ​លើ​បក្ស​សង្គ្រោះ​ជាតិ ឲ្យ​លឿន​បំផុត ​
21, Oct 2017 , 12:30 pm        
រូបភាព
​ភ្នំពេញ​៖ សម្តេចក្រុមព្រះ មិន​ឲ្យ​តុលាការ​កំពូល បង្អង់​នីតិវិធី​យូរ​នោះទេ ជុំវិញ​បណ្តឹងសុំ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។ ព្រះអង្គ ស្នើឲ្យ​តុលាការ​កំពូល ប្រញាប់ប្រញាល់​សម្រេច​លើ​វាសនា​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​។ អ្នកនាំពាក្យ​តុលាការ​កំពូល ប្រាប់ថា នីតិវិធី​លើ​បណ្តឹងសុំ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​បន្ត​ទៅមុខ​។ ឯ​គណបក្ស​សង្គ្រោះ​ជាតិ ជា​អ្នក​រង​បណ្តឹង មិន​អើពើ​ទាល់តែសោះ ចំពោះ​អ្វីដែល​តុលាការ​កំពូល បង្គាប់បញ្ជា​។

 

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ហាក់​ពិបាក​ទ្រាំ​ក្នុង​ព្រះទ័យ ដែល​គណបក្ស​សង្គ្រោះ​ជាតិ មិនទាន់​ឈានទៅដល់​ការរំលាយ​នាពេលនេះ​។ បើតាម​ព្រះទ័យ​របស់​ព្រះអង្គ ដែល​ចង់បាន​នោះ តុលាការ​កំពូល ចាត់ការ​លើ​គណបក្ស​ស​ង្គ្រោះ​ជាតិ កាន់តែ​ឆាប់ គឺ​កាន់តែ​ប្រសើរ​។

«​ខ្ញុំ​ចង់​ឲ្យ​បាន​ឆាប់រហ័ស ជាទីបំផុត​។ តុលាការ​កំពូល គ្មាន​ធ្វើការ​អី​ប៉ុន្មាន​ទេ មានតែ​រឿង​មួយ​ហ្នឹង​។ តាម​ហ្វ្រេស​ញូ បើ​សម្តេច [​ហ៊ុន សែន​?] គាត់​បាន​មើល គឺ​សូម​ថា សម្តេច​អើយ រហ័ស​តិច​ទៅ​»​។ សម្តេចក្រុមព្រះ មានបន្ទូល​យ៉ាង​ដូច្នេះ ទៅកាន់​សារព័ត៌មាន Fresh News ដែល​បាន​សួរថា តើ​ព្រះអង្គ​ចង់​ឲ្យ​តុលាការ​កំពូល កាត់ក្តី​លើ​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​បាន​ឆាប់​ឬទេ​?

ជុំវិញ​បញ្ហា​ខាងលើ អ្នកនាំពាក្យ​តុលាការ​កំពូល លោក នៅ មុនី​ជោ​ត ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា រហូតមកដល់​ពេលនេះ តុលាការ​កំពូល មិនទាន់​កំណត់​កាលបរិច្ឆេទ ដើម្បី​បើកសវនាការ​លើ​បណ្តឹង​របស់​ក្រសួងមហាផ្ទៃ ដែល​សុំ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ នោះទេ​។ ប៉ុន្តែ អ្នកនាំពាក្យ​រូបនេះ អះអាងថា តុលាការ​កំពូល នៅតែ​បន្ត​នីតិ​វី ដើម្បី​ឆ្ពោះ​ទៅដល់​ការជំនុំជម្រះ​នាពេលខាងមុខ​។ លោក បន្តថា បើ​តុលាការ​កំពូល បើកសវនាការ​នាពេល​ខាងមុខ តែ​ភាគី​គណបក្ស​សង្គ្រោះ​ជាតិ មិន​ចូលរួម ឬ​មិន​ពឹងពាក់​មេធាវី ដើម្បី​ការពារ​សិទ្ធិ ក៏​សវនាការ​នោះ អាច​ប្រព្រឹត្តទៅ​បានដែរ​។​

សារ​ព័ត​មាន​ថ្មីៗ មិនអាច​ទាក់ទង​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​សុំ​ការឆ្លើយតប​នឹង​បន្ទូល​របស់​សម្តេចក្រុមព្រះ​បានទេ ដោយសារតែ​ហៅ​ទូរ​សព្ទ​មិន​ចូល​។ ប៉ុន្តែ​កន្លងមក មន្ត្រីជាន់ខ្ពស់​មួយចំនួន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ មាន​លោកស្រី មូរ សុខ​ហួរ ជាដើម ធ្លាប់​សើចចំអក និង​ប្រតិកម្ម​នឹង​សម្តេចក្រុមព្រះ​។ លោកស្រី មូរ សុខ​ហួរ អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ ធ្លាប់​លើកឡើងថា សម្តេចក្រុមព្រះ បាន​ចូលរួម​កម្ចាត់​អ្នកប្រជាធិបតេយ្យ​នៅ​កម្ពុជា​។

ចំពោះ​បណ្តឹង​នៅ​តុលាការ​កំពូល គណបក្ស​សង្គ្រោះ​ជាតិ ប្រកាសថា មិន​ត​តប​អ្វី​ទាំងអស់​។ គណបក្ស​សង្គ្រោះ​ជាតិ បានសម្រេច​រួចហើយ ថា​នឹងមិន​ពឹងពាក់​មេធាវី​ឲ្យ​ជួយ​ការពារ​ក្តី ហើយក៏​មិន​ដាក់​ឯកសារ​ឬ​ភស្តុតាង​ទៅកាន់​តុល​ការ​កំពូល ដើម្បី​តតាំង​ជាមួយ​ក្រសួងមហាផ្ទៃ​ដែរ​។ 

គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បង្ហាញ​បំណង​រួចហើយ ក្នុងការ​ទទួលយក​អាសនៈ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ បើ​ត្រូវបាន​តុលាការ​កំពូល​រំលាយចោល​។ សម្រាប់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ការទទួលយក​អាសនៈ​នេះ គឺ​សមស្រប​តាមច្បាប់​។ លោក ញ៉េប ប៊ុនជិន អនុគណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច និង​មាន​តំណែង​ជា​អ្នកនាំពាក្យ​ផង​នោះ ធ្លាប់​លើកឡើង​ជា​សំណួរ​យ៉ាង​ដូច្នេះ​ថា​៖«​បើ​ច្បាប់​បែងចែក​មក​ថា ត្រូវតែ​បាន​អាសនៈ តើ​អ្នកណា​មិន​យក​?»​។​

ក្រៅពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​សញ្ជាតិ​ខ្មែរ ក៏​ប្រកាសថា មិន​បដិសេដ​ដែរ បើ​ច្បាប់ បាន​បែងចែក​អាសនៈ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ ទៅ​ឲ្យ​ខ្លួន​។ ប្រធាន​គណបក្ស​សញ្ជាតិ​ខ្មែរ លោក សេង សុខ​ខេង ធ្លាប់​ប្រកាស​កាលពីពេល​កន្លងមក​ថា​៖«[....] យើង នឹង​ទទួលយក​អាសនៈ ដោយ​អត់​ប្រកែក​ទេ ព្រោះ​យើង​បានមក​ស្របតាម​ច្បាប់​»​។​

យ៉ាងណាក៏ដោយ មាន​គណបក្ស​មួយចំនួន ប្រកាស​មិន​ចង់បាន​អាសនៈ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​។ គណបក្ស​ទាំងនោះ រួមមាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​របស់លោក ខឹម វាសនា និង គណបក្ស​ខ្មែរ​ឈប់​ក្រ​របស់លោក​របស់លោក ក្រវ៉ា​ញ ដា​រ៉​ន ជាដើម​។

លោក អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​ហៅ​ការយក​អាសនៈ​របស់​គណបក្ស​មួយ ដែល​ជាប់ឆ្នោត ទៅ​ឲ្យ​គណបក្ស​ដទៃ ដែល​មិន​ជាប់ឆ្នោត ថា​ជាការ​ប្លន់​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​។ លោក ថែមទាំង​លើកឡើង​ទៀតថា ការទទួលយក​អាសនៈ​របស់​គណបក្ស ដែល​ជាប់ឆ្នោត គឺជា​ការ​ទទួលផល​ចោរកម្ម​។​

បច្ចុប្បន្ន បណ្តឹងសុំ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ប្តឹង​ដោយ​ក្រសួងមហាផ្ទៃ កំពុងស្ថិត​ក្នុង​ដៃ​តុលាការ​កំពូល​។ ហើយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​របស់​សម្តេច​ក្រុមព្រះ និង​គណបក្ស​យុវជន​កម្ពុជា​របស់លោក ពេជ្រ ស្រស់ ជា​អ្នកស្នើ​ឲ្យ​ក្រសួងមហាផ្ទៃ ដាក់​បណ្តឹង​ទៅកាន់​តុលាការ​កំពូល​។ គណបក្ស​ទាំងពីរ បាន​ភ្ជាប់​ករណី​របស់​ឯកឧត្តម កឹម សុខា ដែល​កំពុងស្ថិត​ក្រោម​កា​រ​សង្ស័យថា​ជាប់​ពាក់​ពន្ធ​នឹង​អំពើ​ក្បត់ជាតិ ទៅនឹង​គណបក្ស​សង្គ្រោះ​ជាតិ​។ សម្រាប់​គណបក្ស​ទាំងពីរ​នេះ ទង្វើ​របស់​ឯកឧត្តម កឹម សុខា រួមទាំង​គណបក្ស​សង្គ្រោះ​ជាតិ មិនអាច​លើកលែង​ឲ្យ​បានឡើយ​។

ស្របពេល​បណ្តឹងសុំ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ចូលដល់​តុលាការ​កំពូល ស្រាប់តែ​ក្រុមតំណាងរាស្ត្រ​គណបក្ស​ប្រជាជន​ម្ពុ​ជា កែប្រែ​ច្បាប់​ចំនួន​៤ ដែល​រួមមាន ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​ក្រុមប្រឹក្សាឃុំ សង្កាត់ និង​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​។ មាត្រា​ថ្មី​នៃ​ច្បាប់​ទាំង​៤ មាន​ខ្លឹមសារ​ជារួម​ថា បើ​គណបក្ស​ណាមួយ ដែល​ជាប់ឆ្នោត ត្រូវបាន​រំលាយ រាល់​អាសនៈ​និង​ភាពជា​តំណាង​នៃ​គណបក្ស​នោះ នឹងត្រូវ​បែងចែក​ទៅ​ឲ្យ​គណបក្ស​ដទៃ​។

​ដូច្នេះ បើ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​រំលាយ ហើយ​ច្បាប់​ទាំង​៤ ចូល​ជា​ធរមាន​មែន​នោះ រាល់​អាសនៈ​ក្នុង​រដ្ឋសភា និង​អាសនៈ​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ ប្រាកដជា​ធ្លាក់​ទៅលើ​គណបក្ស​ដទៃ​។

​ទិដ្ឋភាព​ខាងលើ ដែល​រួមមាន ការចាប់​ឯកឧត្តម កឹម សុខា ការកែប្រែ​ច្បាប់​ទាំង​៤ និង​ការដាក់​បណ្តឹងសុំ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​រង​ការ​ប្រតិកម្ម​ពី​សហគមន៍​អន្តរជាតិ​ជា​បន្តបន្ទាប់​។ ប៉ុន្តែ ភាគី​រដ្ឋាភិបាល នៅតែ​ប្រកាន់​ជំហរ​ថា អ្វីដែល​ស្ថាប័ន​ជាតិ កំពុង​ធ្វើ ហើយនឹង​សម្រេច​យ៉ាងណា​នោះ គឺជា​ដែន​អធិបតេយ្យ​របស់​ប្រទេស​កម្ពុជា ដោយ​គ្មាន​បរទេស​ណាមួយ អាច​លូកដៃ​ចូល​បានឡើយ​៕

© រក្សាសិទ្ធិដោយ thmeythmey.com