ជាតិ
មួក​ខៀវ​កម្ពុជា​ចូលរួមចំណែក​កសាង​សន្តិភាព​នៅ​បណ្តា​ប្រទេស​ចំនួន​៨ ​
21, Oct 2017 , 4:27 pm        
រូបភាព
ដោយ:
កងទ័ព​មួក​ខៀវ​កម្ពុជា ជា​សមាជិកគ្រួសារ​ដ៏​ធំ​របស់​អង្គការសហប្រជាជាតិ ដែល​បាន​ចូលរួម​បំពេញ​កិច្ចការ​ដ៏​ធំធេង​ក្នុងការ​ថែរក្សា​សន្តិភាព​លើ​ពិភពលោក​។ នា​រយៈពេល​ជាង​១០​ឆ្នាំ​កន្លងមកនេះ កម្ពុជា​បាន​បញ្ជូន​កងទ័ព​មួក​ខៀវ​ជាង​៤៧០០​នាក់ ទៅ​បំពេញបេសកកម្ម​នៅ​ប្រទេស​ចំនួន​៨ ហើយ​នៅ​ដើមខែ​វិច្ឆិកា ខាងមុខ កងកម្លាំង​វិស្វកម្ម​ជាង​២០០​នាក់ ក្នុងនោះ​ស្ត្រី​១៤​នាក់ នឹងត្រូវ​ចេញទៅ​បំពេញបេសកកម្ម​នៅ​អាហ្វ្រិក​កណ្តាល​។​



​ចាប់ពី​ឆ្នាំ​២០០៦​ដល់​ឆ្នាំ​២០១៧​នេះ មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព បាន​បញ្ជូន​កងទ័ព​មួក​ខៀវ​កម្ពុជា​បំព​ញ​បេសកកម្ម​ចំនួន​៤៧៦៩​នាក់​នៅ​ប្រទេស​ចំនួន​៨ រួមមាន ស៊ូដង់ ស៊ូដង់​ខាងត្បូង ឆាត អាហ្វ្រិក​កណ្តាល លី​បង់ ស៊ី​រី ម៉ាលី និង​ស៊ី​ប​។ នៅ​ដើមខែ​វិច្ឆិកា​ខាងមុខ កម្ពុជា​នឹង​បញ្ជូន​កងកម្លាំង​ប្តូ​រវេ​នទី​៤ ដែល​កងកម្លាំង​វិស្វកម្ម មាន​ចំនួន​២១៦​នាក់ ក្នុងនោះ​មាន​ស្ត្រី​ចំនួន​១៤​នាក់ ទៅ​បំពេញបេសកកម្ម​នៅ​អា​ហ្រិ្វ​ក​កណ្ដាល​។​

«​ការបំពេញ​បេសកកម្ម​រក្សា​សន្តិភាព​របស់ UN ជា​បុព្វហេតុ​ល្អ​បំផុត ដែល​គ្មាន​បុព្វហេតុ​ណា​ប្រៀបប្រដូច​បានទេ ដោយ​កងទ័ព​ជាតិ​យើង​រួមចំណែក​ថែរក្សា​សន្តិភាព​ប្រទេស​ផ្សេង​មួយទៀត​ដែល​មិនទាន់មាន​ស្ថិរភាព​នៅឡើយ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នា​ពិធី​ប្រគល់​ប្រាក់​សំណង​ជូន​ក្រុមគ្រួសារ​សព​ទាហាន​មួក​ខៀវ​កម្ពុជា​៤​គ្រួសារ នៅ​ទីស្តីការក្រសួង​កាលពី​ថ្ងៃទី​១៨ ខែតុលា​។​



​លោក ប្រាក់ សុខុន ដែលជា​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព ផងដែរ​នោះ ក៏បាន​ផ្តាំផ្ញើរ​ដល់​កងកម្លាំង​វិស្វកម្ម​ជាង​២០០​នាក់​ដែល​នឹង​ចេញដំណើរ​នា​ខែវិច្ឆិកា នេះ​ថា​៖«​សូម​ឲ្យ​កងទ័ព​មួក​ខៀវ​ដែល​ទៅ​បំពេញ​បេសកម្ម​ទៅគ្រប់ មកវិញ​គ្រប់ […] ត្រូវ​ប្រុង​យ័​ត្ន​ជាប់​ជានិច្ច ពីព្រោះ​ប្រទេស​ដែល​ទៅ​បំពេញ​បេសកម្ម មាន​ហានិភ័យ មិនមាន​សន្តិសុខ សន្តិភាព​»​។​

​នាឱកាស​នោះ​ផងដែរ លោកស្រី Claire Van Der Vaeran អ្នកសម្របសម្រួល​អង្គ​ការ UN ប្រចាំ​កម្ពុជា បានលើកឡើង​ពី​គុណបំណាច់​ដ៏​ធំធេង​របស់​កងទ័ព​មួក​ខៀវ​កម្ពុជា​៤​រូប​ដែល​បាន​បូជាជីវិត​ក្នុងអំឡុងពេល​នៃ​ការបំពេញ​បេសកកម្មរ​បស់​ខ្លួន​នៅ​អាហ្វ្រិក​កណ្តាល​។



​អ្នកស្រី​បាន​គូសបញ្ជាក់ថា បច្ចុប្បន្ន​កម្ពុជា​បានក្លាយ​ជា​ប្រទេសមួយ​ដែល​បានរួម​ចំណែក​យ៉ាង​ធំធេង​ក្នុង​ការបញ្ជូន​កងកម្លាំង និង​អ្នកជំនាញ​បច្ចេកទេស​ទៅ​ចូលរួម​បេសកកម្ម​រក្សា​សន្ដិភាព​របស់ UN ទៅក្នុង​បណ្ដា​ប្រទេស​ជាច្រើន​។  លោកស្រី​បាន​សាទរ និង​កោតសរសើរ​ចំពោះ​បេសកកម្ម​ខាងមុខ​របស់​កម្ពុជា តាមរយៈ​ការបញ្ជូន​ស្ត្រី​១៤​នាក់​ក្នុងចំណោម​២១៦​នាក់​ទៅ​អាហ្វ្រិក​កណ្តាល​។​

​បើតាម​របាយការណ៍​ដែល​អាន​ដោយ លោក សែម សុវណ្ណនី អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព បច្ចុប្បន្ន​កងកម្លាំង​ទ័ព​មួក​ខៀវ​កម្ពុ​ជាមាន​ចំនួន​៨១១​នាក់ ក្នុងនោះ​មាន​ស្ត្រី​៥៦​នាក់ កំពុង​បំពេញបេសកកម្ម​នៅ​អាហ្វ្រិក​កណ្ដាល​។ លោក​បន្តថា ទង់ជាតិ​កម្ពុជា​បានដាក់​ស្មើ​សិទ្ធិ ទាំង​នៅលើ​ទីបញ្ជាការ​ទង់​អង្គការ​សហ​ប្រជា​តិ​នៅ​ទីក្រុង​ញូវយ៉ក និង​នៅ​តំបន់​បេសកកម្ម​ដែលមាន​វត្ដ​មាន​កងទ័ព​មួក​ខៀវ​កម្ពុជា​។



​កងទ័ព​មួក​ខៀវ​កម្ពុជា បានទទួល​ការសរសើរ​ពី​មន្ត្រី​ជាន់ UN ដែលជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​១៤ មិនមាន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ការជួញដូរ​ផ្លូវភេទ​។ អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព បន្តថា នៅ​អំឡុង​ឆ្នាំ​២០១៤ មកដល់​បច្ចុប្បន្ន កងកម្លាំង​មួក​ខៀវ​កម្ពុជា​ចំនួន​៩​នាក់​បាន​ពលី​ជីវិត ហើយ​១១​នាក់​ផ្សេងទៀត​បាន​រងរបួស​ជា​បន្តបន្ទាប់ ដោយ​កក្តា សត្យានុម័ត អន្តោ​ម័ត ជំងឺគ្រុនចាញ់ គ្រោះធម្មជាតិ និង​ដោយ​គ្រឿងផ្ទុះ​កែច្នៃ​ពិសេស​៕





© រក្សាសិទ្ធិដោយ thmeythmey.com