អន្តរជាតិ
ឌូ​ទើ​តេ សរសើរ​កាំភ្លើង​ចិន​ដែល​ជួយ​ទាហាន​ហ្វីលីពីន​សម្លាប់​មេខ្លោង​ក្រុម​ភេរ​ជន​
21, Oct 2017 , 10:19 pm        
រូបភាព
ប្រធានាធិបតី​ហ្វីលីពីន បានចេញ​មុខ​សរសើរ​អាវុធ​ចិន​ដែល​ផ្តល់​ឲ្យ​កងទ័ព​ខ្លួន​កន្លងមក​ព្រោះ​អាវុធ​នេះ​ជួយ​ឲ្យ​ទាហាន​ហ្វីលីពីន កម្ចាត់​មេខ្លោង​ក្រុម​ភេរវជន​ដែល​កាន់កាប់​ទីក្រុង​ម៉ា​រ៉ាវី (Marawi) កន្លងមក​បាន​។ ប៉ុន្តែ​វា​មានការ​បកស្រាយ​ផ្សេងគ្នា​ពាក់ព័ន្ធ​អាវុធ​ដែល​ត្រូវបាន​គេ​ប្រើប្រាស់​នេះ​ផងដែរ​ក្រោយ​ប្រធានាធិបតី​ប្រកាសថា​ជា​អាវុធ​ចិន​។​



​ក្នុងជំនួប​ជាមួយ​អ្នកជំនួញ​និង​មន្ត្រី​ទូត ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បាន​សរសើរ​កាំភ្លើង sniper ពី​ក្រុង​ប៉េកាំង​ដែល​ផ្តល់​ឲ្យ​ទាហាន​ហ្វីលីពីន​កំពុង​ច្បាំង​នៅ​ក្រុង​ម៉ា​រ៉ាវី​។  លោក​អះអាងថា កាំភ្លើង​ចិន​នោះ​ហើយ​ដែល​ត្រូវបាន​ទាហាន​ប្រើប្រាស់​សម្លាប់​មេខ្លោង​ក្រុម​ភេរវជន Isnilon Hapilon នៅ​ម៉ា​រ៉ាវី ។ 

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters  លោក ឌូ​ទើ​តេ បាន​ហៅ​ឈ្មោះ​ឯកអគ្គរដ្ឋទូត​ចិន Zhao Jianhua នៅ​ហ្វីលីពីន ហើយ​ប្រាប់​ត្រង់ៗ​ថា កាំភ្លើង Sniper ចិន ១០០​ដើម​ដែល​បានផ្តល់​ឲ្យ​កងទ័ព​ហ្វីលីពីន​កន្លងមក​ផ្តាច់ជីវិត​មេខ្លោង​ក្រុម​ភេរវជន​បណ្តាញ​ក្រុម​ដែ​ស្ហ Hapilon​។

«​ខ្ញុំ​ចង់​ប្រកាសប្រាប់​លោក Zhao ជា​ផ្លូវការ​ថា កាំភ្លើង​ដែល​រដ្ឋាភិបាល​លោក​ឲ្យ​នោះបាន​សម្លាប់ Hapilon»​។ លោក​បាន​និយាយ​ដូច្នេះ ហើយ​មនុស្ស​ដែល​ចូលរួម​នាំគ្នា​ទះដៃ​កងរំពង​។

​តាមពិត​លោក ឌូ​ទើ​តេ ស្រលាញ់​ពេញចិត្ត​កាំភ្លើង​របស់​ចិន​តាំងពី​យូរ​មកហើយ ហើយ​ពេលដែល​លោក​ស្ពាយ​កាំភ្លើង​របស់​ចិន​ជាប់​ខ្លួន​ពេល​ទៅ​ចុះសួរសុខទុក្ខ​ពលទាហាន​ដែល​កំពុង​ច្បាំង​នៅ​ម៉ា​រ៉ាវី​កន្លងមក​។​

​យ៉ាងណា​ក៏ដោយចុះ ការលើកឡើង​របស់​ប្រធានាធិបតី​ធ្វើ​ឲ្យ​មាន​បញ្ហា​ចម្រូងចម្រាស​ដោយសារ​វា​មានការ​លើកឡើង​ផ្សេងគ្នា​ពាក់ព័ន្ធ​ការសម្លាប់​មេខ្លោង​ក្រុម​ភេរវជន Hapilon​។ សារព័ត៌មាន CNN ហ្វីលីពីន បាន​សម្ភាស​និង​ស្រង់​សម្តី​ទា​ហា​ហ្វីលីពីន​ពីរ​នាក់ ហើយ​ពួកគេ​បាន​អះអាងថា ប្រតិបត្តិ​ការសម្លាប់​មេខ្លោង​ភេរវជន​នោះ​គឺ​ប្រើប្រាស់​កាំភ្លើង​បញ្ជា​បាញ់​ចេញពី​រថពាសដែក​។

​ចំណែក​មេទ័ព​ម្នា្ក​ក់​ដែល​មិន​បង្ហាញ​អត្តសញ្ញាណ​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា ការ​ឈានទៅ​សម្លាប់​មេក្រុម​ភេរវជន​នេះ គឺ​ដោយសារ​មានការ​ប្រើប្រាស់​កាំភ្លើងយន្ត​ក្នុង​ប្រតិបត្តិការ​នេះ ប៉ុន្តែ​គេ​មិនបាន​បញ្ជាក់​ច្បាស់​ថា វា​ជា​កាំភ្លើង​ផលិត​នៅឯណា​ឡើយ​៕

© រក្សាសិទ្ធិដោយ thmeythmey.com