ជាតិ
លោក លឺ ឡាយស្រេង សុំទោស ស្របពេល​ហ្វ៊ុនស៊ិនប៉ិច ប្រកាស​ប្តឹង​ពីបទ​ប្រមាថ​ព្រះមហាក្សត្រ​ ​
21, Oct 2017 , 5:17 pm        
រូបភាព
ភ្នំពេញ​៖ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នឹងដាក់​បណ្តឹង​ទៅកាន់​តុលាការ ដើម្បី​ប្តឹង​លោក លឺ ឡាយ​ស្រេង ដែលជា​អតីតមន្ត្រី​ជាន់ខ្ពស់​រប​ស់​ខ្លួន ពីបទ​ប្រមាថ​ព្រះមហាក្សត្រ​កម្ពុជា និង​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ​។ ពេលនេះ អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​ទៅ​ជួប​មេធាវី​ហើយ ដើម្បី​រៀបចំ​បណ្តឹង​ដាក់​ទៅកាន់​តុលាការ​។ លោក ឡឺ លាយ​ស្រេង បាន​ចេញមក​សារភាព​កំហុស​ជា​សាធារណៈ ហើយ​សុំ​ព្រះរាជទាន​លើកលែងទោស​ពី​ព្រះមហាក្សត្រ​។


 
គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​ដឹកនាំ​ដោយ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រកាសថា នឹងដាក់​បណ្តឹង​ទៅកាន់​តុលាការ ដើម្បី​ប្តឹង​ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង ជុំវិញ​ការប្រើប្រាស់​សម្តី​ប្រមាថ​ដល់​ព្រះមហាក្សត្រ​។ លោក ញ៉េប ប៊ុនជិន អនុប្រធាន និង​ជា​អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​យ៉ាង​ដូ​ចេះ្ន នៅ​រសៀល​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២0១៧​នេះ​។

អនុប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និយាយ​បែបនេះ​ថា​៖«​រឿង​ដំបូង ដែល​ត្រូវ​ប្តឹង គឺ​ការប្រមាថ​ព្រះមហាក្សត្រ​ហ្នឹងហើយ​។ តែ​មិនមែន មានតែ​រឿង​មួយ​ហ្នឹង​ទេ គឺមាន​ច្រើន​ទៀត ដូចជា​ការប្រមាថ​សម្តេច​ក្រុមព្រះ ជាដើម​។ ដាក់​បណ្តឹង​ទៅ​តុលាការ​ពេលណា យើង​មិនទាន់​ដឹង​ទេ តែ​ឥឡូវ ជួប​មេធាវី​ហើយ​»​។

សារព័ត៌មាន​ថ្មីៗ មិនអាច​សុំ​ការឆ្លើយតប​ផ្ទា​ល់ពី​ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង បានទេ ដោយសារតែ​លោក អះអាងថា លោក បាន​បង្ហោះ​ការបកស្រាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​រួចហើយ​។ ក្រោយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ប្រកាសថា ដាក់​បណ្តឹង​ទៅកាន់​តុលាការ លោក លឺ​ឡាយស្រេង ក៏​បង្ហោះ​វីដេអូ​ឃ្លី​ប​មួយ ដើម្បី​សុំ​ព្រះរាជទាន​លើកលែងទោស​ពី​ព្រះមហាក្សត្រ​។​
​លោក លឺ ឡាយស្រេង ដែលមាន​វ័យ​៧៩​ឆ្នាំ បាន​និយាយ​សុំទោស​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​ទទួលស្គាល់ថា​ខ្ញុំ​មានប្រើ​ពាក្យ​លើសលួស​ខ្លះៗ​។ ដូច្នេះ​សូម​អភ័យទោស​ដល់​បងប្អូន​ទាំងអស់ ជាពិសេស​សម្តេចនាយក​រដ្ឋមន្ត្រី និង​ព្រះមហាក្សត្រ​។ ខ្ញុំ​ដូចជា​ព្រួយបារម្ភ​ខ្លាំងពេក ចេះតែ​និយាយ​ផ្តេសផ្តាស​ទៅ​ក៏មាន​។ ប៉ុន្តែ ខ្ញុំ មិនដែល​មានចិត្ត​ប្រមាថកាតទាន​ទេ សូម្បី​នាយករដ្ឋមន្ត្រី​»​។ 


ការប្រកាស​ប្តឹង​ខាងលើ គឺធ្វើឡើង​ភ្លាមៗ បន្ទាប់ពី​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «​សីហា​» បង្ហោះ​ខ្សែអាត់​សំលេង​មួយ នៅ​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២១៧ ដោយ​អះអាងថា ជា​សំឡេង​របស់​អតីត​តំណាងរាស្ត្រ​ពីររូប​នៃ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គឺ​លោក​ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង និង​លោកស្រី គី លំអង​។ បើតាម​ខ្សែអាត់​សំឡេង លោក លឺ ឡាយស្រេង បាន​ប្រើពាក្យ​បែប​ប្រមាថ​មួយចំនួន ចំពោះ​ព្រះមហាក្សត្រ​។​

«​បើ​មិន​ហ៊ាន​ទេ ឲ្យ​ដាក់រាជ្យ​ទៅ ឲ្យ​គេ​ទៅធ្វើ​ម្តង​»​។ នេះ​ជាស​ម្តី​របស់លោក លឺ ឡាយស្រេង ក្នុង​ខ្សែអាត់ ដែល​និយាយ​សំដៅ​ទៅកាន់​ព្រះមហាក្សត្រ ពេល​សន្ទនា​ជាមួយ​លោកស្រី គី លំអង​។ គាត់ ធ្លោយមាត់​និយាយ​ដូច្នេះ នៅពេលដែល​លោកស្រី គី លំអង លើកឡើង​ពី​កម្តៅ​នយោបាយ នាពេល​បច្ចុប្បន្ន ។

ក្នុង​ខ្សែអាត់​នោះ លោក លឺ ឡាយស្រេង ថែមទាំង​វាយប្រហារ​ធ្ងន់ៗ​ទៅលើ​អ្នកនយោបាយ​ចាស់វស្សា​ម្នាក់ ដោយ​មិន​បញ្ចេញ​ឈ្មោះ តែ​ទំនងជា​សំដៅលើ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែលជា​ព្រះរាម​របស់​ព្រះមហាក្សត្រ ថា​ចង់បាន​អាសនៈ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ ហើយនឹង​ទទួល​ប្រាក់​ពីស​ម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​មិន​អៀនខ្មាស់​។ លោក បន្តថា ទង្វើ​បែបនេះ គឺជា​ការបន្តុះ​បង្អាប់​ដ​ល់​សែ​រាជវង្ស​៕


© រក្សាសិទ្ធិដោយ thmeythmey.com