ជាតិ
ពីនេះ ពីនោះ
យុវជនកាន់តែច្រើន ចាប់អារម្មណ៍តំបន់ប្រាសាទសំបូរព្រៃគុក
× កំពង់ធំ៖ តំបន់ប្រាសាទសំបូរព្រៃគុក បានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅទស្សនាយ៉ាងច្រើនកុះករ ក្រោយពីតំបន់ប្រាសាទនេះ បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី ៨ កក្កដាកន្លងទៅ។ ជាមួយគ្នានេះ នៅថ្ងៃទី២១ តុលានេះ យុវជនក្នុងខេត្តកំពង់ធំ និងរាជធានីភ្នំពេញជាច្រើននាក់ បានទៅទស្សនាក្នុងតំបន់ប្រាសាទសំបូរព្រៃគុក ដើម្បីស្វែងយល់ និងសិក្សាបន្ថែមពីក្រុមប្រាសាទមួយចំនួនក្នុងតំបន់នេះ។
យុវជនខេត្តកំពង់ធំ និងរាជធានីភ្នំពេញជាង ១០០នាក់ បានមកទស្សនកិច្ចក្នុងតំបន់ប្រាសាទសំបូរព្រៃគុក។ ដំណើរទស្សនកិច្ចរបស់យុវជនទាំងនេះ គឺដើម្បីស្វែងយល់ និងសិក្សាបន្ថែមពីក្រុមប្រាសាទមួយចំនួនក្នុងតំបន់នេះ។ ដំណើរទស្សនកិច្ចនេះ គឺស្ថិតក្នុងកម្មវិធីបោះជំរំ ក្រោមប្រធានបទ «បោះជំរំ វប្បធម៌ បរិស្ថាន» នៅរមណីយដ្ឋានបឹងសំរឹទ្ធិ ក្នុងខេត្តកំពង់ធំ។ កម្មវិធីបោះជំរំនេះ មានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី ២១-២២ តុលានេះ ក្នុងរមណីយដ្ឋានបឹងសំរឹទ្ធិ ខេត្តកំពង់ធំ។
សូមបញ្ជាក់ថា កម្មវិធីបោះជំរំ ក្រោមប្រធានបទ «បោះជំរំ វប្បធម៌ បរិស្ថាន» ជាកម្មវិធីមួយ ដែលរៀបចំក្នុងគោលបំណងដើម្បីពង្រីកសាមគ្គីភាព លើកកម្ពស់ការយល់ដឹងអំពីតម្លៃនៃវប្បធម៌ អរិយធម៌ និងបរិស្ថាន។ បន្ថែមលើនេះ កម្មវិធីនេះ ក៏ជាការចូលរួមអបអរសាទរនៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុកក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។
សូមអញ្ជើញទស្សនារូបភាពខាងក្រោម៖
© រក្សាសិទ្ធិដោយ thmeythmey.com