កីឡាជាតិ
ជាតិ
វឌ្ឍនាកា លេង​៦​នាទីចុងក្រោយ ខណៈ Fujieda តាម​ស្មើ Sagamihara ១-១
22, Oct 2017 , 1:30 pm        
រូបភាព
ដោយ: រួបរួម
ខ្សែប្រយុទ្ធ​ជម្រើសជាតិ​កម្ពុជា ចាន់ វឌ្ឍនាកា បានបង្ហាញ​ខ្លួន​ក្នុង​ការប្រកួត​ជា​ផ្លូវការ​លើកដំបូង​នៅ​ក្របខណ្ឌ​លំដាប់​ទី​បី​ជប៉ុន J3 League នៅ​ថ្ងៃទី​២២ ខែតុលា​នេះ ខណៈ Fujieda MYFC របស់គេ​បានបញ្ចប់​ការប្រកួត​ក្នុង​លទ្ធផល​ស្មើ ១-១ ជាមួយ SC Sagamihara នៅ​កីឡដ្ឋាន Ecopa Stadium​។

 
 
​ចាន់ វឌ្ឍនាកា ដែល​បាន​ចូលរួម​ជាមួយ Fujieda MYFC ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង​ពី​ក្លិប​បឹងកេត ត្រូវ​រង់ចាំ​ជិត​មួយឆ្នាំ​ទើប​មានឱកាស​បង្ហាញខ្លួន​ជា​លើកដំបូង​នៅ​ក្របខណ្ឌ J3 League របស់​ជប៉ុន​។ ការប្រកួត​នៅ​កីឡដ្ឋាន Ecopa Stadium ដែល​ធ្លាប់​ទទួល​ជំនួប​រវាង​ប្រេ​ស៊ី​ល និង​អង់គ្លេស​នៅ​វគ្គ​១/៤ World Cup ឆ្នាំ​២០០២​នោះ បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ១-១ ដោយ Mizuki Arai ទាត់​បាល់​ប៉េ​ណា​ល់​ទី​នៅ​១៥​នាទី​ដំបូង​ឲ្យ SC Sagamihara ហើយ Keisuke Endo ទាត់​បាល់​ប៉េ​ណា​ល់​ទី​តាម​ស្មើ ១-១ ឲ្យ Fujieda MYFC នៅ​នាទី​៥១ ។​
 
​ជាមួយនឹង​ការប្រកួត​៣​នាទី​ដែល​នៅ​សេសសល់ លោក Atsuto Oishi គ្រូបង្វឹក Fujieda បានផ្តល់​ឱកាស​ឲ្យ វឌ្ឍនាកា បង្ហាញ​វត្តមាន​នៅលើ​ទីលាន​លើកដំបូង សម្រាប់​ការប្រកួត​ដ៏​សំខាន់​។ ចំពោះ​ការចូល​លេង​ជំនួស​ខ្សែប្រយុទ្ធ Kohei Kitagawa នៅ​៣នាទីចុងក្រោយ រួមទាំង​៣​នាទី​បន្ថែម កីឡាករ វឌ្ឍនាកា បាន​ទាត់​បាល់​ចេញពី​ជ្រុង​១​គ្រាប់ និង​មានឱកាស​ទាញ​បាល់​សំដៅទៅ​កាន់​ទី​គូប្រជែង​ពីរ​បី​លើក​ផងដែរ​។​
 
​ក្នុងការ​ប្រកួត​ក្រោម​សីត​ណ្ហ​ភាព ២២.៤​អង្សា និង​មាន​អ្នកទស្សនា​ជាង​១០០០​នាក់ គេ​ក៏​សង្កេតឃើញ​អ្នកគាំទ្រ​កម្ពុជា​មួយចំនួន​ផងដែរ​។​
 

© រក្សាសិទ្ធិដោយ thmeythmey.com