ជាតិ
សេដ្ឋកិច្ច
ធនាគារជាតិនៃកម្ពុជា បានដាក់ឲ្យដំណើរការបឋមប្រព័ន្ធ CSS
× ធនាគារជាតិនៃកម្ពុជា សហការជាមួយនឹង ធនាគារអេស៊ីលីដា ធនាគារស្ថាបនា និងគ្រឺះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ បានដាក់ឲ្យដំណើរការជាបឋមនូវ ប្រព័ន្ធ Cambodia Share Switch (CSS) ដែលជាប្រព័ន្ធរួមបញ្ចូលគ្នាមួយសម្រាប់សម្រួលដល់អតិថិជន ធ្វើប្រតិបត្តិការអន្តរធនាគារតាមរយៈ ប័ណ្ណទូទាត់លើម៉ាស៊ីន ATM និង POS របស់គ្រឹះស្ថានជាសមាជិកប្រកបដោយភាពងាយស្រួល និងមានភាពឆាប់រហ័ស។
សេចក្ដីប្រកាសព័ត៌មានរបស់ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ បានបន្តទៀតថា គោលបំណងនៃការដាក់ឲ្យដំណើការប្រព័ន្ធ CSS ដើម្បីធ្វើទំនាក់ទំនើបកម្មប្រព័ន្ធទូទាត់កាត់បន្ថយចរាចរសាច់ប្រាក់នៅលើទីផ្សារ។ មិនត្រឹមតែប៉ុណ្ណោះដើម្បីលើកកម្ពស់ប្រសិទ្ធិភាពទូទាត់នៅកម្ពុជាឲ្យកាន់តែប្រសើរឡើង និងជម្រុញប្រតិបត្តិការអន្តរធនាគារឲ្យកាន់តែទូលំទូលាយ តាមរយៈការផ្ដល់មធ្យបាយធ្វើប្រតិបត្តិការបន្ថែមទៀតសម្រាប់អតិថិជន។
ធនាគារជាតិនៃកម្ពុជា បន្តទៀតថា ជាមួយនឹងបណ្ដាញ ATM ទូលំទូលាយរបស់គ្រឹះស្ថានសមាជិក ប្រព័ន្ធ CSSនេះ នឹងអនុញ្ញាតឲ្យប្រជាជននៅតាមជនបទអាចប្រើប្រាស់សេវាធនាគារបាន ហើយនឹងអាចចូលរួមចំណែកយ៉ាងសកម្មក្នុងគោលនយោបាយរបស់រដ្ឋាភិបាល។
សេចក្ដីប្រកាសព័ត៌មានដដែលនេះបន្ថែមទៀតថា ប្រព័ន្ធ CSS នេះផ្ដល់លទ្ធភាពដល់អតិថិជនរបស់គ្រឹះស្ថានជាសមាជិកក្នុងការធ្វើប្រតិបត្តិការទូទាត់ទំនិញ និងសេវា ដកប្រាក់ ផ្ទេរប្រាក់អន្តរធនាគារពិនិត្យសមតុល្យគណនី និងរបាយការណ៍ហិរញ្ញវត្ថុសង្ខេប តាមម៉ាស៊ីន ATM ឬ POS របស់គ្រឹះស្ថានដែលជាសមាជិក CSSនេះ។
© រក្សាសិទ្ធិដោយ thmeythmey.com