បទយកការណ៍ / បទសម្ភាសន៍
លោក ហឿន សំនៀង​៖«​ជំនាញ​រដ្ឋបាល​សាធារណៈ ធ្វើ​ឲ្យ​អ្នកសិក្សា​មើលឃើញ​បញ្ហា​គ្រប់​ជ្រុងជ្រោយ​»
22, Oct 2017 , 7:39 pm        
រូបភាព
ដោយ:
លោក ហឿន សំនៀង   ជា​អតីត​និស្សិត​ដែល​បញ្ចប់​ថ្នាក់អនុបណ្ឌិត ជំនាញ​រដ្ឋបាល​សាធារណៈ ពី​សាកលវិទ្យាល័យ Harvard​។ បច្ចុប្បន្ន លោក សំនៀង ជា​នាយករង​ខុទ្ទកាល័យ​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។ សម្រាប់ លោក ហឿន សំនៀង ការសិក្សា​ពី​រដ្ឋបាល​សាធារណៈ ជា​ជំនាញ​មួយ​សំខាន់ ដែល​សិក្សា​ពី​ប្រព័ន្ធ​ការងារ ប្រព័ន្ធ​រៀបចំ និង​ប្រព័ន្ធ​ដឹកនាំ​ស្ថាប័ន​។ ជំនាញ​នេះ ធ្វើ​ឲ្យ​អ្នកសិក្សា មើលឃើញ​គ្រប់​ជ្រុងជ្រោយ នៃ​បញ្ហា ដែល​កើតឡើង​ក្នុង​ស្ថាប័ន ឬ​នៅក្នុង​សង្គម​។ លោក បញ្ជាក់​បន្ថែមថា​៖« យើង​មិន​មើលឃើញ​បញ្ហា តែមួយ​ជ្រុង​តូច តែ​បញ្ហា​នោះ​វា​ជា​រោគសញ្ញា​នៃ​វិបត្តិ​អ្វី​ម្យ៉ាង​។ អីចឹង​យើង​ត្រូវ​មើល​ទៀតថា បញ្ហា​នេះ បណ្តាលមកពី​អ្វី ហើយ​ទើប​យើង​សម្លឹង​ទៅ​មើល​ទិដ្ឋភាព​ទាំងមូល ស្ថាប័ន​ទាំងមូល តំបន់ និង​ពិភពលោក​ទាំងមូល​»​។


 
​ដើម្បី​លម្អិត​សូម​អញ្ជើញ អាន​បទ​សម្ភាស រវាង​លោក ទីន សុខ​លីម អ្នកកាសែត នៃ​សារព័ត៌មាន​អេឡិចត្រូនិក​thmeythmey.com និង​លោក ហឿន សំនៀង ដូចតទៅ​៖ 

​លោក ទីន សុខ​លីម​៖ ខ្ញុំ​ចង់ដឹងថា ហេតុអ្វី​បានជា​លោក​ជ្រើសរើស​ជំនាញ​រដ្ឋបាល​សាធារណៈ សម្រាប់​ថ្នាក់អនុបណ្ឌិត​? 
លោក ហឿន សំនៀង​៖ តាមពិត​ខ្ញុំ​បាន​បួស​រៀន ក្នុង​ព្រះពុទ្ធសាសនា វត្ត​អារាម​មួយចំនួន នៅ​ខេត្តសៀមរាប​កាល​នៅ​ជា​ព្រះសង្ឃ​។ ខ្ញុំ​បាន​យល់​ពី​ប្រព័ន្ធ​ការងារ ក្នុង​ស្ថាប័ន​ព្រះពុទ្ធសាសនា មួយចំនួនធំ ប៉ុន្តែ​មិនសូវ​ជា​យល់ដឹង​ពី​ការងាររដ្ឋបាល និង​របៀប​ដឹកនាំ​យ៉ាងម៉េច​ទេ​។ អីចឹង​កិច្ចការងារ​សង្គម​ដែល​ខ្ញុំ​ធ្វើ និង​ការងារ​ដឹកនាំ​ផ្នែក​ព្រះពុទ្ធសាសនា គឺ​ធ្វើ​ឲ្យ​ខ្ញុំ​យល់ថា​ការសិក្សា​ពី​រដ្ឋបាល​សាធារណៈ គឺជា​រឿង​មួយ​សំខាន់​ដែល យើង​សិក្សា​ពី​ប្រព័ន្ធ​ការងារ ប្រព័ន្ធ​រៀបចំ និង​ប្រព័ន្ធ​ដឹកនាំ​ស្ថាប័ន​។ 



​លោក ទីន សុខ​លីម​៖ បច្ចុប្បន្ន​លោក​ជា​នាយករង ខុទ្ទកាល័យ​រដ្ឋមន្ត្រីក្រសួង​សាធារណការ តើ​ជំនាញ រដ្ឋបាល​សាធារណៈ មាន​សារៈសំខាន់​បែបណា ចំពោះ​ការងារ​របស់លោក​?  
​លោក ហឿន សំនៀង​៖ ខ្ញុំ​មាន​បរិញ្ញាបត្រ​គ្រប់គ្រង​អាជីវកម្ម​នៅ​សហរដ្ឋអាមេរិក​ដែរ មុន​បន្ត​ថ្នាក់អនុបណ្ឌិត​ផ្នែក​រដ្ឋបាល​សាធារណៈ​នេះ​។ អីចឹង​ទ្រឹស្តី​នៃ​ការគ្រប់គ្រង ខ្ញុំ​មាន​មួយចំនួន​រួចហើយ​។ នៅពេល​ធ្វើការ ការងារ​មួយចំនួន​វា​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​ស្ថាប័នឯកជន ទៅនឹង​ស្ថាប័ន​ព្រះពុទ្ធសាសនា និង​ស្ថាប័នរដ្ឋ​ជាដើម ទើប​ខ្ញុំ​ត្រលប់មក​សិក្សា​រដ្ឋបាល​សាធារណៈ​។ ការអនុវត្តន៍​ការងារ​ជាក់ស្តែង​វិញ ជំនាញ​នេះ​ធ្វើ​ឲ្យ​យើង​មើលឃើញ​គ្រប់​ជ្រុងជ្រោយ នៃ​ស្ថាប័ន និង​សង្គម​។ ពីព្រោះ​សង្គម មាន​វិសាលភាព​ធំ​ណាស់ វា​មាន​ស្ថាប័ន​ផ្សេងៗ ទាំង​ស្ថាប័នរដ្ឋ ស្ថាប័នឯកជន និង​ស្ថាប័ន​សាសនា​អីចឹង​ទៅ​។ យើង​មិន​មើលឃើញ​បញ្ហា តែមួយ​ជ្រុង​តូច តែ​បញ្ហា​នោះ​វា​ជា​រោគសញ្ញា​នៃ​វិបត្តិ​អ្វី​ម្យ៉ាង​។ អីចឹង​យើង​ត្រូវ​មើល​ទៀតថា បញ្ហា​នេះ បណ្តាលមកពី​អ្វី ហើយ​ទើប​យើង​សម្លឹង​ទៅ​មើល​ទិដ្ឋភាព​ទាំងមូល ស្ថាប័ន​ទាំងមូល តំបន់ និង​ពិភពលោក​ទាំងមូល​។ តើ​បញ្ហា​អ្វីដែល​យើង​កំពុង​ជួបប្រទះ​? 



លោក ទីន សុខ​លីម​៖ តើ​លោក​យល់​យ៉ាង​ដែរ ចំពោះ​ការអនុវត្តន៍​ប្រព័ន្ធ​រដ្ឋបាល​នៅ​កម្ពុជា​?   
លោក ហឿន សំនៀង​៖ បើ​យើង​មើលទៅ​រដ្ឋាភិបាល ក៏មាន​ក្បួន​ច្បាប់រដ្ឋបាល ចំណែក​ឯកជន​ក៏មាន​ក្បួនច្បាប់​ឯកជន​អីចឹង​ទៅ​។ សួរថា​ឃើញ​វា​យ៉ាងម៉េច​? យើង​ឃើញថា​ច្បាប់រដ្ឋបាល បែបបទ​នៃ​ការអនុវត្តន៍​ការងារ​របស់​ស្ថាប័ន​មួយៗ វា​ច្បាស់​ណាស់ វា​ត្រូវការ​អ្នក​អនុវត្តន៍ សមត្ថភាព និង​ការទទួលខុសត្រូវ​ខ្ពស់​។ នៅពេល​យើង​មានការ​អនុវត្ត​បានល្អ សង្គម​យើង​ក៏​កាន់​ប្រសើរ​។ ប៉ុន្តែ​យើង​នៅមាន​ការខ្វះចន្លោះ​ខ្លះ​ដែរ បានន័យថា​យើង​នៅ​ផ្លូវ​ដ៏​វែងឆ្ងាយ សម្រាប់​ការអនុវត្តន៍​ច្បាប់​ឲ្យ​តឹងរឹង​។ ឧទាហរណ៍​សាមញ្ញ ការគោរព​ច្បាប់​ចរាចរណ៍​។ យើង​ដឹង​គ្រប់គ្នា​ថា បើកបរ​លើស​ល្បឿន​កំណត់​ធ្វើ​ឲ្យ​មាន​គ្រោះ​ថា្នក់​។ សួរ​តើ​គ្រោះ​ថា្នក់​ចរាចរណ៍​បណ្តាលមកពី​ច្បាប់​? ឬ​បណ្តាលមកពី​មនុស្ស​? ក្រុមការងារ​បច្ចេកទេស​ជប៉ុន​JICA រកឃើញថា កត្តា​មនុស្ស ជា​កត្តា​ចម្បង​។ បញ្ហា​មកពី​មនុស្ស មិន​គោរព​ច្បាប់ និង​មិន​គោរព​ខ្លួនឯង​។ ពលរដ្ឋ​ចង់​អនុវត្ត​ច្បាប់ ប៉ុន្តែ​នៅពេល​អនុវត្តន៍​ច្បាប់ អនុវត្តន៍​មិនបាន​។ អីចឹង​បានន័យថា​ពេលខ្លះ យើង​មិនបាន​ចូលរួម​ទទួលខុសត្រូវ លើ​ជោគវាសនា​សង្គមជាតិ​យើង​នៅឡើយ​ទេ​។ 

លោក ទីន សុខ​លីម​៖ ជា​ទស្សនៈ​លោក​ផ្ទាល់ គួរ​ចាប់ផ្តើម​ចំណុច​ណា ដើម្បី​ឲ្យ​អនុវត្តន៍​ប្រព័ន្ធ​រដ្ឋបាល​នៅ​កម្ពុជា​កាន់តែ​ប្រសើរឡើង​? 
លោក ហឿន សំនៀង​៖ ពាក្យ​មួយ​ខ្ញុំ​ចាំ​គេ​ថា បើ​ចង់​ឲ្យ​រដ្ឋាភិបាល​អនុវត្តន៍​ច្បាប់​ត្រឹមត្រូវ ពេញលេញ គឺ​វា​ទាមទារ​ចំណេះដឹង និង​ការទទួលខុសត្រូវ ជាក់លាក់​របស់​ប្រជាពលរដ្ឋ​។ អីចឹង​បានន័យថា ប្រជាពលរដ្ឋ​ខ្លួនឯង គឺជា​អ្នកធ្វើ​ឲ្យ​រដ្ឋាភិបាល បំពេញ​កាតព្វកិច្ច​ខ្លួនឯងបាន ឬ​មិនបាន​។ ឧទាហរណ៍​មួយ យើង​ស្អប់​ជន​ពុករលួយ ប៉ុន្តែ​ពេលខ្លះ​សិស្ស និស្សិត​ខ្លួនឯង​។ ពេល​សិស្ស​បញ្ជាក់​សញ្ញាបត្រ តើ​ឲ្យ​លុយ​គេ​ប៉ុន្មាន​? យើង​តែងតែ​និយាយថា បើ​មិន​ឲ្យ​លុយ​ទេ គេ​មិន​ធ្វើ​ឲ្យ​។ យើង​ត្រូវ​និយាយថា​ខ្ញុំ​មិន​ឲ្យ និង​អនុវត្តន៍​មិនបាន ខ្ញុំ​តវ៉ា​រឿងនេះ​។ នេះ​ជា​រឿង​តិចតួច​បំផុត ដែល​យើង​អាចធ្វើ​បាន​។ បើ​យើង​គ្រប់គ្នា និយាយ​អីចឹង យើង​ឈប់​ធ្វើ​វា គ្មាន​នរណា​ទៅ​ហ៊ាន​ទារ​ទេ​។ បើ​ទារ​ម្តង បង្ហោះ​ហ្វេ​ស​ប៊ុ​ក​ទៅ​។ នេះ​គឺជា​ស្មារតី​មួយ ខ្ញុំ​គិតថា​ដើម្បី​អនុវត្តន៍​ច្បាប់ និង​ការគ្រប់គ្រង​រដ្ឋបាល​បានជា​ក់លាក់ គឺ​ទាមទារ​ការចូលរួម ការចេះដឹង និង​សមត្ថភាព​របស់​ប្រជាពលរដ្ឋ​ជាធំ​។ កាលណា​ប្រជាពលរដ្ឋ​ចេះដឹង​ច្រើន អាច​មើលឃើញ​កំហុស​នៃ​ច្បាប់ និង​អ្នក​អនុវត្តន៍​ច្បាប់​។ បើ​ពលរដ្ឋ​មិន​ចូលរួម​ទេ ខ្ញុំ​គិតថា​វា​ជា​ឱកាស​របស់​អ្នកធ្វើ​អំពើ​មិនល្អ  ប្រព័ន្ធ​ច្បាប់ និង​ប្រព័ន្ធ​រដ្ឋបាល នៅតែមាន​អីចឹង​។ អីចឹង​គឺ​ការចូលរួម​របស់ យើងទាំងអស់គ្នា គឺ​មិនអាច​ខ្វះ​បានទេ​។ 



លោក ទីន សុខ​លីម​៖ ងាក​មក​អាហារូបករណ៍​វិញ​ម្តង មាន​និស្សិត​ខ្មែរ​ច្រើនណាស់  ដែល​ចាប់​អារ​ម្មរណ៍ និង​ចង់​បន្ត​ការសិក្សា​នៅ​សាកលវិទ្យាល័យ Harvard នេះ តើ​លោក​បាន​ត្រៀម​អ្វីខ្លះ មុននឹង​ទទួលបាន​អាហារូបករណ៍ សាកលវិទ្យាល័យ Harvard ?
លោក ហឿន សំនៀង​៖ សម្រាប់​ខ្ញុំ​ផ្ទាល់​ទី​១ បទពិសោធន៍​របស់ខ្ញុំ វា​ត្រូវ​នឹង​តម្រូវការ​របស់​សាកលវិទ្យាល័យ ទី​២​ការជ្រើសរើស​មុខ​វិទ្យា របស់ខ្ញុំ​ត្រូវ​នឹង​អ្វីដែល​ខ្ញុំ​ខ្វះខាត​។ ពីព្រោះ​មុខ​វិទ្យា យើង​មិនអាច​រៀន​បាន​ទាំងអស់​ទេ​។ អីចឹង​យើង​ត្រូវ​កំណត់​ឲ្យ​ច្បាស់លាស់​។ យើង​ត្រូវ​ដឹងថា​យើង​ចង់បាន​អ្វី​? ដើម្បី​អ្វី​? ហេតុអ្វី​? និង​ទី​៣​ទំនាក់ទំនង​របស់ខ្ញុំ ដែល​ស្គាល់​ស្ថាប័ន​នោះ​ច្បាស់​។ 
​លោក ទីន សុខ​លីម​៖ តើ​លោក​ត្រូវបំពេញ​លក្ខខណ្ឌ​អ្វីខ្លះ សម្រាប់​ទទួលបាន​អាហារូបករណ៍​នេះ​?
​លោក ហឿន សំនៀង​៖ លក្ខខណ្ឌ​ដែល​យើង​អាច​ចូល ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ​នេះ​បាន ទី​១​ភាសាបរទេស ទី​២​ព្រឹត្តិបត្រ​ពិន្ទុ និង​ប្រ​វ​តិ្ត​ការសិក្សា ទី​៣​បទពិសោធន៍​ការងារ និង​សក្តានុពល ទី​៤​យើង​ដឹងថា​យើង​ចង់​រៀន​អ្វី​? និង​ទី​៥ ទំនាក់ទំនង បានន័យថា​អ្នក​ដែល​ផ្តល់​ជា Reference ឲ្យ​យើង​។​

​លោក ទីន សុខ​លីម​៖
តើ​លោក​មើលឃើញ​ខ្លួនឯង មាន​លក្ខណៈពិសេស​អ្វី​ដែរ​ទើប​ត្រូវបាន​សាកលវិទ្យាល័យ​Harvard ជ្រើសរើស​រូបលោក​?
លោក ហឿន សំនៀង​៖ វា​ជា​មោទកភាព ដែល​ខ្ញុំ​បានជ្រើសរើស​មុខ​វិទ្យា​សម្រាប់​អ្នក​វ័យ​ចំណាស់​បន្តិច ដែល​ទាមទារ​ពិសោធន៍​ចាប់ពី​៨​ឆ្នាំ​ឡើងទៅ​។ ទីមួយ​ខ្ញុំ​មានបទពិសោធន៍​ការងារ និង​ការងារ​សង្គម​ជិត​១០​ឆ្នាំ និង​សម​ទ្ធិ​ផល​ការងារ​នេះ ក៏​ច្រើន​ទៀត​។ ទី​ពីរ យើង​បង្ហាញ​ទៅ​គេ ថា​យើង​គឺជា​មនុស្ស​ដែលមាន​សក្តានុពល​ម្នាក់​។ ខ្ញុំ​មកពីណា​? ខ្ញុំ​ដើរ​ដល់​កន្លែង​ណា​? ខ្ញុំ​ចង់ទៅ​ណា​? ខ្ញុំ​ដើរ​កន្លែង​នេះ នឹង​ទៅ​កន្លែង​នោះ​ដោយសារ​អ្វី​? ហេតុអ្វី​បានជា​ខ្ញុំ​ចង់ទៅ​កន្លែង​នោះ​។ អីចឹង​ខ្ញុំ​ប្រាប់ថា គេ​ថា​ខ្ញុំ​ខ្វះ​កន្លែង​នេះ ដើម្បី​ឲ្យ​ដល់​កន្លែង​នេះ អ៊ីចឹង​ខ្ញុំ​បង្ហា​សក្តានុពល​ខ្លួនឯង​ច្បាស់លាស់​។ តើ​ខ្ញុំ​ចង់​ធ្វើ​អ្វី​? ហេតុអ្វី​បានជា​ខ្ញុំ​ធ្វើ​វា​? ហេតុអ្វី​បានជា​ខ្ញុំ​ត្រូវការ​មុខជំនាញ​នេះ​ពីសា​លា​នេះ​? ពីព្រោះ​នេះ វា​អាច​ផ្តល់​អ្វី​ដល់​ខ្ញុំ​បាន​? ដើម្បី​បំពេញ ភាពខ្វះខាត​របស់ខ្ញុំ​។ និង​ទី​៣​ខ្ញុំ​គិតថា​ទំនាក់ទំនង​របស់ខ្ញុំ​ពូកែ​។ ខ្ញុំ​ស្គាល់​សាស្ត្រាចារ្យ ខ្ញុំ​ស្គាល់​អ្នកធ្វើការ​។ នៅពេលដែល​ខ្ញុំ​ដាក់​ទៅ Harvard ខ្ញុំ​ស្គាល់​មនុស្ស​ដែល​ស្គាល់ Harvard ច្បាស់ ដាក់​ជា Reference ។ ពីព្រោះ​អ្នក​ដែល​ស្គាល់​កន្លែង​នេះ គេ​ចេះ​និយាយ​ភាសា​សាកលវិទ្យាល័យ​នោះ​។ បើ​យក​សាស្ត្រាចារ្យ Harvard មិនដែល​ស្គាល់ ដាក់​ទៅ​គេ​មិន​ទៅ​ខ្វល់ ឬ​គេ​មិន​យកចិត្តទុកដាក់​ទេ​។ អ៊ីចឹង​វា​ទាម​ទាម​នូវ​ភាព​ឆ្លាត​វៃ​។ សម្រាប់​ការ​អាហារូបករណ៍​ផ្សេង​ក៏​ដូចគ្នា​ដែរ​។ 



​លោក ទីន សុខ​លីម​៖
តើ​អ្វី​ដែលជា​សារ​របស់លោក​ទៅកាន់​និស្សិត​ផ្សេងទៀត ដែលមាន​បំណង​សិក្សា​នៅ​ទីនោះ​?
​លោក ហឿន សំនៀង​៖ ទី​១ យើង​មាន​សញ្ញាបត្រ រៀន​អ្វី​? រៀន​ឲ្យ​ពិតប្រាកដ​ទៅ ប៉ុន្តែ​ចំណុច​ដែល​ខ្លាំង​ជាង​សញ្ញាបត្រ​នោះ យើង​ត្រូវ​ស្គាល់​ខ្លួនឯង​ឲ្យ​ច្បាស់ និង​ស្គាល់​ពីអ្វី​ដែល​យើង​ចង់បាន និង​ហេតុ​អ្វីដែល​យើង​ចង់បាន​វា​? ទី​២​ត្រូវ​ស្គាល់​សាកលវិទ្យាល័យ Harvard​ឲ្យ​ច្បាស់​។ ទី​៣​ទំនាក់ទំនង វា​សំខាន់​មែនទែន​។  ខ្ញុំ​តែងតែ​និយាយថា ទំនាក់ទំនង​យើង​ម្នាក់​នោះ គឺ​វា​តំណាង​ឲ្យ​ជាតិ​មួយ​។ អីចឹង​យើង​ត្រូវ​បង្ហាញខ្លួន យើង​ជាម​នុស្ស​ដែលមាន​តម្លៃ សម្រាប់​ជាតិ កន្លែង​នេះហើយ ដែល​គេ​មើលឃើញ​យើង​ជា​នរណា​? អីចឹង​គឺ​ផ្សារភ្ជាប់ និង​ពង្រីក​ទំនាក់ទំនង​របស់​យើង​ប្រកបដោយ​គុណភាព​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com