ពីនេះ ពីនោះ
តើ «អរិយធម៌», «វប្បធម៌», «សង្គមធម៌» ខុសគ្នាដូចម្តេច?
× សាធារណជនមួយចំនួន នៅតែពិបាកញែកឱ្យដាក់ស្រឡះរវាងអត្ថន័យនៃពាក្យ«អរិយធម៌», «វប្បធម៌» និង «សង្គមធម៌» នេះណាស់។ នៅក្នុងភាសាវិទ្យា និងអក្សរសិល្ប៍របស់គណៈកម្មការភាសាវិទ្យា និងសិល្ប៍ នៃក្រុមប្រឹក្សាជាតិភាសាខ្មែរ បានពន្យល់យ៉ាងដូច្នេះថា «វប្បធម៌» និង «សង្គមធម៌» គឺជាមែកធាងនៃអរិយធម៌។ ខាងក្រោមនេះជាសេចក្តីពន្យល់លម្អិតនៃពាក្យទាំងបី៖
«អរិយធម៌» ជាបណ្តុំលក្ខណៈរួមរបស់សង្គមដែលក្នុងនោះមាន ទាក់ទងនឹងជំនឿ សាសនា សីលធម៌ សីលវិជ្ជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការគ្រប់គ្រង... ដែលផ្ទុយនឹងសភាពអន់ថយ។ មែកធាងសំខាន់ៗនៃអរិយធម៌ មានវប្បធម៌ និងសង្គមធម៌។
រីឯ «វប្បធម៌» ជាមែកធាងមួយនៃអរិយធម៌ ដែលទាក់ទងនឹងការបណ្តុះបណ្តាលចំនេះវិជ្ជាប្រាជ្ញាសារតី ទំនៀមទម្លាប់ សីល្បៈ វិទ្យាសាស្ត្រ អក្សរសាស្ត្រ... ឱ្យបានលូតលាស់រីកចម្រើន។
ចំណែកឯ «សង្គមធម៌» ជាមែកធាងមួយនៃអរិយធម៌ ដែលទ្រទ្រង់ការរស់នៅ និងការបណ្តុះបណ្តាលតាមរយៈគ្រឿងសម្ភារៈ ប្រដាប់ប្រើប្រាស់ វិធីបច្ចេកទេស ការបង្កើតផលិតផល ការរៀបចំសេដ្ឋកិច្ច និយោបាយ។ល។
ប្រសិនបើយើងមិនបែងចែក«វប្បធម៌» ឱ្យដាច់ពី «សង្គមធម៌» ទេ យើងអាចឱ្យនិយមន័យតាមគណៈកម្មការវប្បធម៌ និងវិចិត្រសិល្បៈយ៉ាងដូច្នេះថា ជាការបណ្តុះចំណេះវិជ្ជា, ប្រាជ្ញា, សារតី និងរបៀបរស់នៅរបស់មនុស្សឱ្យបានលូតលាស់ចម្រើន ដើម្បីសម្របសម្រួលទៅនឹងបរិស្ថាន និងការអភិវឌ្ឍសង្គមដោយវិទ្យាសាស្ត្រ ឬដោយសិល្បៈផ្សេងៗ ជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com