ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មានទម្លាប់ផឹកកាហ្វេមិនសូវមានជំងឺបាក់ទឹកចិត្តទេ
× សេចក្តីរាយការណ៍ពីសារព័ត៌មាន BBC បានឲ្យដឹងថា ស្ត្រីដែលញ៉ាំកាហ្វេចាប់ពីពីរពែងឡើងទៅក្នុងមួយថ្ងៃទំនងជាមិនសូវកើតជំងឺបាក់ទឹកចិត្តឡើយ។ រឿងនេះគឺបានមកពីការសិក្សាមួយដែលធ្វើទៅលើស្ត្រីប្រមាណ ៥០០០០នាក់ ដើម្បីចង់ដឹងថា អ្នកញ៉ាំកាហ្វេមានការប្រឈមនឹងការកើតជំងឺបាក់ទឹកចិត្តឬអត់។
ការសិក្សានេះបានរកឃើញថា កាលណាស្ត្រីញ៉ាំកាហ្វេមានជាតិកាហ្វេអ៊ីនកាន់តែច្រើន ការកើតជំងឺបាក់ទឹកចិត្តកាន់តែតិច។ យ៉ាងណាមិញឥទ្ធិពលមួយនេះមិនត្រូវបានគេរកឃើញលើស្ត្រីដែលញ៉ាំកាហ្វេគ្មានជាតិកាហ្វេអ៊ីនឡើយ។
ថ្វីបើការសិក្សានេះមានទ្រង់ទ្រាយធំ និងអាចជឿជាក់បានក៏ដោយ តែវានៅតែមានដែនកំណត់ច្រើន ហើយក៏មិនអាចអះអាងបានថា កាហ្វេអាចជួយបង្ការការបាក់ទឹកចិត្តបាននោះទេ។ មានពេលខ្លះ ស្ត្រីដែលបាក់ទឹកចិត្តតែចៀសវាងការញ៉ាំកាហ្វេដែរ។ ជាមួយគ្នានេះដែរ កត្តាផ្សេងៗទៀតដូចជា ប្រវត្តិគ្រួសារ ឬកាលៈទេសៈផ្សេងទៀតក៏អាចជះឥទ្ធិពលទៅលើការប្រឈមនឹងជំងឺបាក់ទឹកចិត្តដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ការសិក្សានេះមិនមែនជាហេតុផលដែលអ្នកត្រូវចាប់ផ្តើមញ៉ាំកាហ្វេច្រើនៗនោះទេ ហើយក៏ត្រូវការការស្រាវជ្រាវបន្ថែមកាន់តែច្រើនទៀតដែរ ទៅលើឥទ្ធិពលរបស់កាហ្វេមានជាតិកាហ្វេអ៊ីនថាតើវាអាចបន្ថយការប្រឈមនឹងជំងឺបាក់ទឹកចិត្តបានប៉ុណ្ណា៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com