អន្តរជាតិ
ឥណ្ឌូណេស៊ីទាមទារឲ្យរដ្ឋមន្ត្រីការបរទេសអាមេរិកបកស្រាយរឿងហាមមេទ័ពខ្លួនចូលទឹកដីអាមេរិក
× ឥណ្ឌូណេស៊ីនឹងផ្ញើកំណត់ទូតទៅក្រសួងការបរទេសអាមេរិកដើម្បីទាមទារឲ្យបកស្រាយរឿងបដិសេធមេទ័ពខ្លួនចូលទឹកដីអាមេរិកនាថ្ងៃអាទិត្យទី ២២ ខែតុលានោះ។ ឥណ្ឌូណេស៊ីក៏ត្រៀមកោះហៅតំណាងស្ថានទូតអាមេរិកប្រចាំក្រុងហ្សាការតា មកសួរនាំពាក់ព័ន្ធបញ្ហានេះដែរ។
បន្ទាប់ពីមេបញ្ជាការកងទ័ពឥណ្ឌូណេស៊ីលោក Gatot Nurmantyo ក្រសួងការបរទេសឥណ្ឌូណេស៊ីត្រៀមលក្ខណៈរួចរាល់ហើយដើម្បីផ្ញើកំណត់ទូទៅកាន់ក្រសួងការបរទេសអាមេរិក និងកោះហៅតំណាងទូតអាមេរិកនៅឥណ្ឌូណេស៊ីមកសួរនាំ។
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters លោក Nurmantyo ត្រូវបាននាយសេនាធិការចម្រុះកងទ័ពអាមេរិកលោក Joseph F Dunford Jr អញ្ជើញឲ្យទៅចូលរួមសន្និសីទស្តីពីការប្រឆាំងចលនាជ្រុលនិយម ដែលរៀបចំឡើងនៅក្រុងវ៉ាស៊ីនតោនចាប់ពីថ្ងៃ ២៣ ដល់ថ្ងៃ ២៤ តុលា។
ប៉ុន្តែនៅថ្ងៃសៅរ៍ទី ២១ ខែតុលា ពេលលោក Nurmantyo ត្រៀមឡើងយន្តហោះ ស្រាប់តែក្រុមហ៊ុនអាកាសចរណ៍ប្រាប់លោកថា ខាងនាយកដ្ឋានពន្ធគយ និងការពារព្រំដែនអាមេរិកមិនអនុញ្ញាតឲ្យលោកចូលទឹកដីអាមេរិកទៅវិញ។
យ៉ាងណាមិញ វាមិនមានការបកស្រាយណាមួយពាក់ព័ន្ធហេតុផលដែលលោកត្រូវហាមចូលទឹកដីអាមេរិកឡើយ។ ប៉ុន្តែឥណ្ឌូណេស៊ីបានស្នើសុំឲ្យក្រសួងការបរទេសអាមេរិក និងស្ថានទូតអាមេរិកប្រចាំក្រុងហ្សាការតាបកស្រាយហើយ។
រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីលោកស្រី Retno Marsudi បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ដូច្នេះ៖«យើងបានសុំឲ្យក្រសួងការបរទេសអាមេរិក និងស្ថានទូតអាមេរិកប្រចាំក្រុងហ្សាការតាបកស្រាយ ហើយយើងកំពុងរង់ចាំចម្លើយពីគេឥឡូវនេះ»។
បើតាមសម្តីអ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌូណេស៊ី Arrmanatha Nasir ស្ថានទូតឥណ្ឌូណេស៊ីប្រចាំក្រុងវ៉ាស៊ីនតោនត្រៀមផ្ញើកំណត់ទូតបន្ថែមទៀតទៅកាន់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក រិចធី ល័រសិន ដើម្បីទាមទារឲ្យលោកបកស្រាយឲ្យអស់មន្ទិលសង្ស័យផងដែរ។ ហើយដើមសប្តាហ៍នេះ ក្រសួងការបរទេសឥណ្ឌូណេស៊ីក៏កោះហៅឯកអគ្គរដ្ឋទូតរងរបស់អាមេរិកមកសួរនាំថែមទៀត។
ដោយឡែកខាងស្ថានទូតអាមេរិកប្រចាំក្រុងហ្សាការតាបានជួយសម្រួលដល់ការធ្វើដំណើររបស់ឧត្តមសនីយ៍ឥណ្ឌូណេស៊ី ហើយក៏បានសូមអភ័យទោសទៅរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីផងដែរពាក់ព័ន្ធបញ្ហានេះ។
ស្ថានទូតអាមេរិកបានបញ្ជាក់ដូច្នេះ៖ «ឯកអគ្គរដ្ឋទូតអាមេរិក Joseph Donovan បានសុំអភ័យទោសលោកស្រី Marsudi រួចរាល់ហើយចំពោះបញ្ហាដែលកើតឡើងលើឧត្តមសេនីយ៍ Nurmantyo។ យើងនៅតែប្តេជ្ញាចិត្តចំពោះភាពជាដៃគូយុទ្ធសាស្ត្រជាមួយឥណ្ឌូណេស៊ីដើម្បីធានាសន្តិភាព វិបុលភាពសម្រាប់ប្រទេស និងប្រជាជនយើង»៕
Tag:
អាមេរិក
Gatat Nurmantyo
Retno Marsudi
ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com