ជាតិ
សេដ្ឋកិច្ច
KrisEnergy សម្រេចចិត្ត​វិនិយោគ​បូម​ប្រេង​នៅ​ប្លុក A ជា​ផ្លូវការ​
23, Oct 2017 , 7:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ បន្ទាប់ពី​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល កាលពី​ចុងខែ​សីហា​ឆ្នាំនេះ ឥឡូវនេះ​ក្រុមហ៊ុន KrisEnergy របស់​សិង្ហ​បុរី បានសម្រេច​ចិត្ត​វិនិយោគ​បូម​ប្រេង​នៅ​អណ្ដូងប្រេង​អប្សរា​របស់​ប្លុក A ។​



​កិច្ចព្រមព្រៀង​ដែល​ត្រូវបាន​ចុះហត្ថលេខា​កាលពី​ចុងខែ​សីហា បាន​ទុក​រយៈពេល ២​ខែ​ឲ្យ​ក្រុមហ៊ុន KrisEnergy ធ្វើការ​សម្រេចចិត្ត​វិនិយោគ​ចុងក្រោយ (FID) ។ មកទល់នឹង​ថ្ងៃទី​២០​ខែតុលា សប្ដាហ៍​មុននេះ ក្រុមហ៊ុន​នេះ​បានប្រកាសថា​ខ្លួន​សម្រេចចិត្ត​វិនិយោគ​បូម​ប្រេង​នៅ​អណ្ដូងប្រេង​អប្សរា ដំណាក់កាល ១A ។​

​ក្រុមហ៊ុន KrisEnergy រំពឹងថា ដំណក់​ប្រេង​លើកដំបូង​ក្រោម​គម្រោង​អភិវឌ្ឍន៍​របស់ខ្លួន​នឹង​ចេញ​ជា​ផ្លែផ្កា​នៅក្នុង​រយៈពេល ២៤​ខែ បន្ទាប់ពី​ការសម្ពោធ​ជា​ផ្លូវការ​នូវ​គម្រោង​នេះ​។ ប៉ុន្តែ​ក្រុមហ៊ុន​នេះ​មិនបាន​ឲ្យ​ដឹង​ពី​កាលបរិច្ឆេទ​ចាប់ផ្ដើម​បំពាក់​ឧបករណ៍​បូម​ប្រេង​នៅឡើយ​ទេ ហើយក៏​មិនបាន​ប្រកាស​ពី​ចំនួន​ទឹកប្រាក់​វិនិយោគ​ទាំង​នេះដែរ​។​

​លោក Kelvin Tang អគ្គនាយក​ក្រុមហ៊ុន KrisEnergy និង​ជា​ប្រធាន​ប្រតិបត្តិការ​នៅ​កម្ពុជា បាន​ឲ្យ​ដឹង​នៅក្នុង​សេចក្ដីប្រកាស​នោះ​ថា ការសម្រេចចិត្ត​វិនិយោគ​ចុងក្រោយ គឺជា​ជំ​ហ៊ាន​បន្ទាប់​មួយទៀត ដែល​ធ្វើ​ឲ្យ​ខិតជិត​ការទាញយក​ប្រេង បន្ទាប់ពី​មាន​កិច្ចព្រមព្រៀង​កាលពី​ចុងខែ​សីហា កន្លងមក​។

​លោក Kelvin Tang បាន​ថ្លែង​ពី​សកម្មភាព​ក្រុមហ៊ុន​ចំពោះ​គម្រោង​មួយ​នេះ​យ៉ាង​ដូច្នេះ​ថា​៖«​ក្រុមបច្ចេកទេស និង​ប្រតិបត្តិការ​របស់​យើង​កំពុង​រៀបចំ​ដាក់​ឲ្យ​ដេញថ្លៃ​សម្ភារ ឧបករណ៍ និង​សេវាកម្ម​។ ស្របគ្នា​នេះដែរ ការពិគ្រោះ​យោបល់​នៅតែ​ប្រព្រឹត្ត​បន្តទៀត​ជាមួយ​ភាគី​ដែល​ចាប់អារម្មណ៍​ចូលរួម​ការចាប់ផ្ដើម​គ​ម្រោ​ង​មួយ​នេះ ដើម្បី​កាត់បន្ថយ​ហានិភ័យ​ប្រតិបត្តិការ និង​ការចំណាយ​ទុន​របស់​យើង​»​។​

​ក្រុមហ៊ុន​នេះ​បាន​ប៉ាន់ប្រមាណ​ថា ដំណាក់ ១A របស់​គម្រោង​អប្សរា គេ​នឹង​ប្រើប្រាស់​ឧបករណ៍ ២៤​គ្រឿង​ដែលមាន​សមត្ថភាព​ផលិត​ប្រេង និង​ឧស្ម័ន​បាន​រហូតដល់ ៣០០០០​បារ៉ែល​ក្នុង​មួយថ្ងៃ​។ ប្រេង​នឹងត្រូវ​បញ្ជូន​តាមរយៈ​បំពង់​បង្ហូរ​ប្រវែង ១,៥​គីឡូម៉ែត្រ សម្រាប់​ស្តុក​លើ​នាវា​បណ្ដែត​ទឹក​ដែល​ចត​ជា​អចិន្ត្រៃយ៍​៕


Tag:
 ប្រេងកាត​
© រក្សាសិទ្ធិដោយ thmeythmey.com