ជាតិ
លោក ចំរើន ភ័​ក្រ​៖«​របរ​ប៉ះ​កង់ឡាន​ចល័ត​ហត់ និង​លំបាក តែមាន​សេរីភាព​»
23, Oct 2017 , 6:59 pm        
រូបភាព
ដោយ:
​លោក ចំរើន ភ័​ក្រ ជាជាង​ប៉ះ​កងឡាន​ចល័ត នៅតាម​ផ្លូវជាតិ​លេខ​២​។ លោក ប្រកប​របរ​នេះ​ជាង​៨​ឆ្នាំ​មកហើយ ក្រោយពី​ឈប់​ធ្វើជា​សន្តិសុខ​ឲ្យ​ក្រុមហ៊ុន​ឯកជន​។ សម្រាប់ លោក ភ័​ក្រ ទោះបីជា​របរ​នេះ ហត់ និង​លំបាក​បន្ដិច ប៉ុន្តែ​របរ​នេះ បានផ្តល់​សេរីភាព​ឲ្យ​រូប មិន​ដូច​ធ្វើការ​ឲ្យ​គេ​។​



​លោកអ្នក​ដែល​ធ្លាប់​ធ្វើដំណើរ​ឆ្លងកាត់​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ត្រង់ចំណុច​សង្កាត់​ព្រែក​កំ​ពិស ខណ្ឌដង្កោ ប្រហែលជា​ធ្លាប់​បានឃើញ​ឡាន​ទ្រុង​កញ្ចាស់​មួយ ដែលមាន​ដាក់​ធុង​ខ្យល់​ប៉ះ​កង់ឡាន​។ ឡាន​នេះ​ជម្រក​នៃ​អាជីវកម្ម​ប៉ះ​កង់ឡាន​ចល័ត របស់ លោក ចំរើន ភ័​ក្រ អាយុ​៣៥​ឆ្នាំ ដែល​បាន​ប្រកប​របរ​នេះ ជាង​៨​ឆ្នាំ​មកហើយ ក្រោយពី​ឈប់​ធ្វើជា​សន្តិសុខ​ឲ្យ​ក្រុមហ៊ុន​ឯកជន​។ 



​ពាក់អាវ​ឆ្នូត​ខ្មៅ ខោ​ពណ៌​ស​ដែល​ប្រឡាក់ និង​រហែក​ដោយ​កន្លែង​ផង​នោះ លោក ចំរើន ភ័​ក្រ បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា លោក​ប្តូរ​មករក​របរ​ប៉ះ​កង់ឡាន​នេះ ដោយសារតែ​ចង់​រកស៊ី​ដោយ​ខ្លួនឯង​។ បើទោះជា​ទទួលស្គាល់ថា របរ​ប៉ះ​កង់ឡាន​នេះ​ហត់នឿយ ប៉ុន្តែ​លោក ភ័​ក្រ ដែល​ទើបតែ​ប៉ះ​កង់ឡាន​ឲ្យ​អតិថិជន​ក្រោម​កម្តៅថ្ងៃ​រួច ថ្លែង​ទាំង​ញើស​ជោគ​ខ្នង​ថា វា​ជា​របរ​ដែលមាន​សេរីភាព ជាង​ធ្វើការ​ឲ្យ​គេ​។ លោក ចំរើន ភ័​ក្រ បញ្ជាក់​បន្ត​ដូច្នេះ​៖«​ការងារ​នេះ មិន​ស្រួល​ឡើយ​។  អ្នក​ដែល​ចង់​រកស៊ី​ប៉ះ​កង់ឡាន​ប្រភេទ​ធំៗ ត្រូវតែមាន​ស្មារតី​រឹងមាំ ចិត្តធ្ងន់ ទើប​អាច​ទ្រាំទ្រ​នឹង​ការងារ​នេះ​បាន​»​។

​លើសពី​ការ​ហត់នឿយ របរ​នេះ ក៏​អាច​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​ដែរ ដោយសារតែ​ផ្ទុះ​កង់ឡាន​។ បើតាម ជាង​ប៉ះ​កង់ឡាន​រូបនេះ កង់ឡាន​ដែល​អាច​ផ្ទុះ មាន​ច្រើន​សណ្ឋាន​ដូចជា​កង់ឡាន​មាន​រាង​ប៉ោង កង់ឡាន​ដែល​ប្រើប្រាស់​ហួស​កាលកំណត់ រង្វង់​កង់ឡាន​វៀច ឬ​កោង ការបញ្ចូល​ខ្យល់​លើស​ជាដើម​។ 



​ក្រៅពីនេះ ជាជាង​ប៉ះ​កង់ឡាន​ចល័ត ក៏ត្រូវ​ការ​ភាព​រួសរាយ​រាក់ទាក់  ដើម្បី​យកចិត្ត​អតិថិជន ដែល​ភាគច្រើន​ជា​ម្ចាស់​ឡាន​ដឹក​ដី ឡាន​ដឹកទំនិញ​ធុន​ធំ​ដែរ​។ នេះ​ជាការ​បន្ថែម​របស់លោក ចំរើន ភ័​ក្រ ដែល​បន្ត​ឲ្យ​ដឹង​ទៀតថា ក្នុង​មួយថ្ងៃ លោក​អាច​ទទួលបាន​អតិថិជន ពី​៣​ទៅ​៥​នាក់ គិត​ជា​ចំណូល​ចន្លោះ​១០​ម៉ឺន ទៅ​២០​ម៉ឺន​រៀល​។​



​ក្រៅពី​បណ្តោយ​ផ្លូវជាតិ​លេខ​២​នេះ លោក ភ័​ក្រ ក៏​ចល័ត​មកជា​យៗ​ភ្នំពេញ ឬ​ចូលក្នុង​ក្រុង​ខ្លះ​ដូចជា ក្បាលថ្នល់ ចាក់អង្រែលើ ចាក់អង្រែ​ក្រោម តាម​ទីតាំង​ដែល​អតិថិជន​មាន​បញ្ហា​បែក​កង់ឡាន ប៉ុន្តែ​មិន​ចូលដល់​កណ្តាល​ក្រុង​ទេ ដោយសារតែ​ចរាចរណ៍​។ ក្រៅពីនោះ ក៏​ធ្លាប់មាន​អតិថិជន ហៅ​ទៅដល់​ស្រុក​ស្អាង ខេត្តកណ្តាល ឃុំ​អ្នក​លឿង ផ្លូវជាតិ​លេខ​១ និង​ទៅ​ខេត្តតាកែវ​ផងដែរ​។ ចំពោះ​តម្លៃ​ប៉ះ​កង់ឡាន​វិញ គិត​តាម​ឆ្ងាយ និង​ជិត​។ លោក ចំរើន ភ័​ក្រ គិត​តម្លៃ​ចន្លោះ​៤​ម៉ឺន​រៀល ទៅ ៦​ម៉ឺន​រៀល ចំពោះ​ការ​ប៉ះ​កង់​មួយ​គ្រាប់ និង​តម្លៃ​១០​ម៉ឺន​រៀល ចំពោះ​ចម្ងាយ​ឆ្ងាយ  និង​គិត​លើ​រយៈពេល​ទៅមក​ដែរ​។ ចំណែក​នៅពេល​យប់  បុរស​សម្បុរ​ស្រគាំ​រូបនេះ ផ្តល់​សេវា​ប៉ះ​កង់ឡាន​ដល់​កន្លែង​ជូន ប៉ុន្តែ​អតិថិជន​ត្រូវ បន្ថែម​តម្លៃ ១​ម៉ឺន​រៀល ពីលើ​តម្លៃ​ធម្មតា​៕









Tag:
 ចំរើន ភ័​ក្រ​
 ​ ប៉ះ​កង់ឡាន
© រក្សាសិទ្ធិដោយ thmeythmey.com