អន្តរជាតិ
អតីត​ប្រធានាធិបតី កា​ទ័​រ ថា​លោក​ស្ម័គ្រចិត្ត​ទៅ​ចរចា​ជាមួយ​របប​ដឹកនាំ គីម ជុង​អ៊ុន​
23, Oct 2017 , 5:10 pm        
រូបភាព
​អតីត​ប្រធានាធិបតី​អាមេរិក​លោក ជី​មី កា​ទ័​រ (Jimmy Carter) បានប្រកាស​ជា​ផ្លូវការ​ថា លោក​នឹង​ទៅ​កូរ៉េខាងជើង​ដើម្បី​ចរចា​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​និង​បញ្ចៀស​សង្គ្រាម បើសិនជា​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ត្រូវការ​។



​ក្នុងពេល​ផ្តល់​បទសម្ភាសន៍​ដល់​សារព័ត៌មាន The Times អតីត​ប្រធានាធិបតី​អាមេរិក​វ័យ ៩៣ ឆ្នាំ ជី​មី កា​ទ័​រ​បាន​បញ្ជាក់ថា លោក​ត្រៀមខ្លួន​បំពេញ​បេសកម្ម​ការទូត​ទៅកាន់​កូរ៉េខាងជើង​ដើម្បី​ចរចា និង​បញ្ចៀស​សង្គ្រាម​តំណាង​ឲ្យ​រដ្ឋបាល ដូ​ណា​ល់ ត្រាំ​។

​ពេល​អ្នកសារព័ត៌មាន​សាកសួរ​ពាក់ព័ន្ធ​ការធ្វើដំណើរ​បេសកម្ម​កា​រទូ​តទៅ​កូរ៉េខាងជើង លោក ជី​មី កា​ទ័​រ បានលើកឡើង​ដូច្នេះ​៖«​ពិត​ហើយ​ខ្ញុំ​នឹង​ទៅ​។ ខ្ញុំ​បាន​ប្រាប់​ប្រធានាធិបតី ត្រាំ ហើយ​ថា ខ្ញុំ​ទំនេរ​អាចធ្វើ​ដំណើរ​ទៅ​ចរចា​បាន​បើសិនជា​គេ​ត្រូវការ​ខ្ញុំ​នោះ​»​។

​អតីត​ប្រធានាធិបតី​ដែល​គិតគូរ​ពី​សន្តិភាព​ជាធំ​នេះ បានបញ្ជាក់​ផងដែរ​ថា លោក​ព្រួយបារម្ភ​ពី​ស្ថានការណ៍​ទូទៅ​នៅ​ឧបទ្វីប​កូរ៉េ ជាពិសេស​ការបន្ត​សង្គ្រាម​ពាក្យសម្តី​រវាង​លោក ត្រាំ និង​លោក គីម ជុង​អ៊ុន​។

​លោក កា​ទ័​រ ក៏បាន​ពន្យល់​បន្ថែមទៀត​ថា បច្ចុប្បន្ន​អាមេរិក​វាយតម្លៃ​ហួស​សមត្ថភាព​និង​ឥទ្ធិពល​របស់​ចិន​លើ​កូរ៉េខាងជើង ដែល​វា​ជា​រឿង​មួយ​គ្រោះថ្នាក់​។ «​កូរ៉េខាងជើង​គេ​ចង់​រក្សា​សុវត្ថិភាព​របប​ដឹកនាំ​របស់គេ​។ ហើយ​យើង​ដូចជា​វាយតម្លៃ​ហួសហេតុ​ពេក​ថា ចិន​មាន​ឥទ្ធិពល​លើ​កូរ៉េខាងជើង​។ សូម្បីតែ គីម​ជុង​អ៊ុន មិនដែល​ធ្លាប់​ទៅ​ចិន​សូម្បី​តែម្តង​ផង​។ គេ​គ្មាន​សម្ព័ន្ធភាព​ជាមួយគ្នា​ទេ​។ គីម ជុង​អី​ល​ធ្លាប់​ទៅ​ចិន ហើយ​ក៏មាន​ទំនាក់ទំនង​ស្និទ្ធស្នាល​គ្នា​ដែរ​»​។ លោក កា​ទ័​រ​បាន​សង្កត់ធ្ងន់​បែបនេះ​។ 

​សូម​រំលឹក​បន្តិច​ថា ក្នុងនាម​ជា​ប្រធានាធិបតី​អាមេរិក​ដែល​ផ្តោតលើ​វិធាន​ការទូត​និង​ការចរចា​ជាធំ លោក កា​ទ័​រ បានរួម​ចំណែក​ច្រើន​ក្នុងការ​ជំរុញ​ឲ្យ​កូរ៉េខាងជើង​ធ្វើ​សម្បទាន​ដើម្បី​ដោះស្រាយ​បញ្ហា​រួមគ្នា​កន្លងមក​។ ក្នុង​អាណត្តិ​លោក ប៊ី​ល គ្លី​ន​តុ​ន ឆ្នាំ ១៩៩៤ លោក កា​ទ័​រ​បាន​ជំរុញ​ឲ្យ​លោក គីម អ៊ី​ល​ស៊ុ​ង​ជីតា​លោក គីម ជុង​អុន ព្យួរ​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន ហើយ​ឆ្នាំ ២០១០ លោក​ក៏បាន​ជួយ​បញ្ចុះបញ្ចូល​ឲ្យ​កូរ៉េខាងជើង​ដោះលែង​ជនជាតិ​អាមេរិក​ម្នាក់​ឈ្មោះ Aijalon Gomes ដែល​ត្រូវ​កូរ៉េខាងជើង​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​ប្រាំបី​ឆ្នាំ​ព្រោះ​លួច​ចូល​កូរ៉េខាងជើង​ខុសច្បាប់​នោះ​។

​យ៉ាងណាមិញ វា​មិនអាច​ទៅរួច​ដែល​រដ្ឋាភិបាល​អាមេរិក​អនុញ្ញាត​ឲ្យ​លោក កា​ទ័​រ​ធ្វើដំណើរ​ទៅ​កូរ៉េខាងជើង​។ កន្លងមក សេត​វិមាន​ធ្លាប់​ស្នើសុំ​លោក កា​ទ័​រ ឲ្យ​ឈប់​និយាយ​ពី​វិបត្តិ​កូរ៉េ​ទៀត​ព្រោះ​វា​អាច​បង្ក​ផលប៉ះពាល់​ដល់​រដ្ឋបាល​លោក ត្រាំ​។ នេះ​ក៏ដោយ​សារ លោក កា​ទ័​រ​និយាយ​ពី​ផ្លូវ​ការទូត​និង​ការផ្សះផ្សា​ជាមួយ​ក្រុង​ព្យុងយ៉ាង ខណៈដែល​លោក ត្រាំ និយាយ​តែ​ពី​ការប្រើ​កម្លាំងបាយ និង​វិធានការ​ក្តៅ​ជាពិសេស​មិន​ស្វាគមន៍​ការ​អង្គុយ​ជជែក​គ្នា​ឡើយ​៕


Tag:
 ជី​មី កា​ទ័​រ​
  គីម ជុង​អ៊ុន​
  កូរ៉េខាងជើង​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com