រថយន្ត
ក្រុមហ៊ុន Holden របស់​អូស្ត្រាលី បង្ហាញ​រថយន្ត​ចុងក្រោយ​របស់ខ្លួន​មុន​បិទ​រោងចក្រ​
23, Oct 2017 , 8:59 pm        
រូបភាព
ដោយ: ធីតា
​ក្រុមហ៊ុន​ផលិត​រថយន្ត​ម៉ាក Holden របស់​អូស្ត្រាលី បានធ្វើ​ការបង្ហាញ​ផលិតផល​ចុងក្រោយ​របស់ខ្លួន កាលពី​ថ្ងៃទី​២០ ខែតុលា នៅមុន​ពេលដែល​ពួកគេ​ត្រូវ​បញ្ឈប់​សកម្មភាព ដោយសារតែ​គ្មាន​លទ្ធផល​ប្រកួតប្រជែង​ជា​លក្ខណៈ​អន្តរជាតិ​។​



​បង្កើតឡើង​នៅ​ឆ្នាំ​១៨៥៦​នៅ​ទីក្រុង Adelaide ក្រុមហ៊ុន Holden បានរួម​ចំណែក​យ៉ាង​ធំធេង​ក្នុង​សហគ្រាស​ផលិត​យានយន្ត​នៅ​អូស្ត្រាលី ដោយ​ឆ្នាំ​១៩៣០ ក្រុមហ៊ុន​មួយ​នេះ ក្លាយ​ផ្នែក​មួយ​នៃ​សហគ្រាស​យានយន្ត​អាមេរិក General Motors (GM)​។​



​បើតាម AFP នៅក្នុង​ឆ្នាំ​១៩៤៨ ក្រុមហ៊ុន Holden បាន​ផលិត​រថយន្ត​ម៉ាក Holden 48-210 ដែល​ត្រូវបាន​ចាត់ទុកជា​រថយន្ត​ដំបូង​តំណាង​ឲ្យ​ផលិតផល​របស់​អូស្ត្រាលី​។ នៅ​ឆ្នាំ​១៩៦៤ ក្រុមហ៊ុន​នេះ មាន​បុគ្គលិក​ជាង​២៤០០០​នាក់​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ទីផ្សារ​បស់ Holden មាន​លក្ខណៈ​តូចចង្អៀត​យ៉ាងខ្លាំង ដោយ​ពួកគេ​មិនអាច​ប្រកួតប្រជែង​ជាមួយ​រថយន្ត​ម៉ាក​ល្បីៗ​លើ​ពិភពលោក​នោះឡើយ​។ តាមពិតទៅ ក្រុមហ៊ុន​មួយ​នេះ បានប្រកាស​ដកខ្លួន​ចេញពី​ទីផ្សា​តាំងពី​អំឡុង​ឆ្នាំ​២០១៣-២០១៤​មកម្ល៉េះ ពោលគឺ​តំណាលគ្នា​នឹង​ការប្រកាស​របស់ Toyota និង Ford យ៉ាង​ដូច្នោះ​ដែរ ប៉ុន្តែ​ពួកគេ​បាន​បន្ត​ដំណើរការ​ដោយសារ​តែមាន​ការលើក​ទឹកចិត្ត​ពី​រដ្ឋាភិបាល​។​



«​ខ្ញុំ​ពិតជា​មានការ​សោកស្តាយ​ខ្លាំងណាស់ ដែល​ក្រុមហ៊ុន​រថយន្ត​របស់​យើង​ត្រូវ​ឈានដល់​ទីបញ្ចប់​»​។ នេះ​បើតាម​ការប្រកាស​របស់​លោកនាយក​រដ្ឋមន្ត្រី​អូស្ត្រាលី Malcolm Tumbull ក្នុង​បទ​សម្ភាស​មួយ​នៅ​វិទ្យុ Melbourne 2AW​។​

​លោក Jonh Camillo មន្ត្រី​ម្នាក់​របស់​សហជីព​ការងារ​ឧស្សាហកម្ម​អូស្ត្រាលី (AMWU) បាន​បន្ទោស​រដ្ឋាភិបាល​ចំពោះ​ការបាត់បង់​វិស័យ​ឧ​ស្សហកម្ម​យានយន្ត​នេះ ក្រោយ​មាន​ដក​ថវិកា​ចំណាយ​កាលពី​ឆ្នាំ​២០១៤ ។​



​ក្រុមហ៊ុន Mitsubishi Motor បាន​បិទ​រោងចក្រ​របស់ខ្លួន​នៅ Adelaide កាលពី​ឆ្នាំ​២០០៨ ក្រុមហ៊ុន Ford បាន​ដកថយ​កាលពី​ខែតុលា ឆ្នាំ​២០១៦ មុនពេល​ដែល Toyota ទើប​បិទ​រោងចក្រ​ខ្លួន​នៅ Melbourne កាលពីពេល​ថ្មីៗ​កន្លងមកនេះ​។​

Holden ដែលមាន​រោងចក្រ​នៅ​ថៃ និង​កូរ៉េខាងត្បូង ក៏បាន​បញ្ឈប់​ការងារ​បុគ្គលិក​សរុប​ប្រមាណ​២៩០០​នាក់​រួចហើយ នៅមុន​ការប្រកាស​បិទទ្វារ​បស់​ក្រុមហ៊ុន​ធំ​។ របាយការណ៍​បាន​បង្ហាញថា Holden មាន​វិស្វករ​ប្រមាណ​៣៥០​នាក់​នៅ​អូស្ត្រាលី​ផ្ទាល់ និង​មាន​បុគ្គលិក​សកម្ម​ជាង​៧០០​នាក់​ទៀត ដោយ​អ្នកខ្លះ​ធ្វើការ​តាំងពី​ឆ្នាំ​១៩៧០​មក​៕

© រក្សាសិទ្ធិដោយ thmeythmey.com