ជាតិ
សម្ដេច ហ៊ុន សែន ៖ ការអនុវត្ត​ច្បាប់​លើ​បក្សប្រឆាំង គ្មាន​ការ​រាថយ​ឡើយ​
23, Oct 2017 , 5:24 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​និយាយថា រដ្ឋាភិបាល​អនុវត្ត​ច្បាប់​លើ​គណបក្សប្រឆាំង គឺ​គ្មាន​ការ​រាថយ​ឡើយ​។ ការលើកឡើង​របស់​ប្រមុខ​រដ្ឋាភិបាល​នេះ ស្រប​ពេលដែល​ស្ថានការណ៍​នយោបាយ​កំពុងមាន​ភាព​តានតឹង​។ សម្រាប់​អ្នកវិភាគ ជោគវាសនា​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ មានសង្ឃឹម​តិច​ណាស់ ដើម្បី​រួចផុត​ពី​ការរំលាយ​បក្ស ។



​សូម​ស្ដាប់​សំឡេង​៖




​អ្នក​ដែល​តាំងខ្លួន​ជាស​ត្រូវ ជាមួយ​សម្ដេច នោះ​មិនមាន​លទ្ធផល​ល្អ​ឡើយ ។​ហើយ​បើ​ពួកគេ​លេង​នយោបាយ​មិន​ឈ្នះ សម្ដេច​វិញ គឺ​មានតែ​ជាប់​«​គុក​»​ប៉ុណ្ណោះ​។ នេះ​ជាការ​ព្រមាន​របស់​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​បន្ថែមថា រដ្ឋាភិបាល​ហ៊ាន​កម្ចាត់​ចោល​មនុស្ស​មួយចំនួន បើសិន​វា​ជា​រឿង​ចាំបាច់ ដើម្បី​ការពារ​សន្តិភាព និង​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ ។​
​ថ្លែង​ក្នង​ពិធីបើកការដ្ឋាន​សាងសង់​ស្ពានបេតុង ឆ្លងកាត់​ទន្លេសាប​ពី​តំបន់​អភិវឌ្ឍន៍​ក្រុង​រណប​ជ្រោយចង្វារ ទៅកាន់​ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​ខ័​ណ្ឌ​ឬ​ស្សី​កែវ នៅ​ព្រឹក​ថ្ងៃទី ២៣ តុលា​នេះ សម្ដេច ហ៊ុន សែន បាន​និយាយថា រដ្ឋាភិបាល​នឹង​អនុវត្ត​ច្បាប់​លើ​គណបក្សប្រឆាំង ដោយ​គ្មាន​ការ​រាថយ​ឡើយ​។ ត្រង់ចំណុច​នេះ ប្រមុខ​រដ្ឋាភិបាល បាន​បកស្រាយ​ថា សម្ដេច​គ្មាន​បំណង​ចង់​កម្ចាត់​ដៃគូ​នយោបាយ​ខ្លួន​នោះទេ ប៉ុន្តែ​ដោយសារតែ​អ្នកនយោបាយ​ទាំងនោះ តាំងខ្លួន​ជាស​ត្រូវ​ជាមួយ​សម្ដេច​ដោ​យ​ខ្លួនឯង​។ 

​សម្ដេច ហ៊ុន សែន បានបញ្ជាក់​ដូច្នេះ​ថា​៖«​បើ​គេ​វាយ​ពស់​គឺ​វាយ​ក្បាល​វា​ហើយ គេ​មិន​វាយ​កន្ទុយ​វា​ទេ ព្រោះ​វា​នៅ​ចឹក ហើយ​អា​មេដឹកនាំ គេ​ត្រូវ​វាយ​ទាំងអស់​»​។​

​ការលើកឡើង​របស់​នា​យក​រដ្ឋមន្ត្រី​នេះ គឺជា​ការឆ្លើយតប​ទៅនឹង​ការអំពាវនាវ​របស់​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ស្នើ​ឲ្យ​កងកម្លាំង​ប្រដាប់​បែរ​អាវុធ​មក​រដ្ឋាភិបាល ស្រប​ពេលដែល​ស្ថានការណ៍​នយោបាយ​កំពុងមាន​ភាព​តានតឹង​។​

​បើ​គណបក្ស​សង្គ្រោះ​ជាតិ នឹងត្រូវ​រំលាយ​! តើ​មន្ត្រី​គណបក្សប្រឆាំង​នេះ ទៅជា​យ៉ាងណា​?

​មកដល់ពេលនេះ​មិនទាន់មាន​សញ្ញា​ណាមួយ ដែល​បង្ហាញ​ពី​ច្រក​រក​ដំណោះស្រាយ​លើផ្លូវ​នយោបាយ​ឡើយ ស្របពេល​សម្ដេច ហ៊ុន សែន បាន​និយាយថា ការអនុវត្ត​ច្បាប់​លើ​គណបក្សប្រឆាំង គឺ​វា​ល្អប្រសើ​ជាង​ការប្រើប្រាស់​អាវុធ​។ សម្ដេច ហ៊ុន សែន មានជំនឿថា គណបក្ស​សង្គ្រោះ​ជាតិ​នឹងត្រូវ​រំលាយ ស្របតាម​ច្បាប់​ផងដែរ​។

​ជាក់ស្ដែង​ប្រមុខ​រដ្ឋាភិបាល បានបញ្ជាក់​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​ថា បើ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​រំលាយ​នោះ កៅអី​ក្នុង​រដ្ឋសភា​ទាំង​៥៥​នេះ នឹងត្រូវ​បែងចែក​ឲ្យ​គណបក្សនយោបាយ​ចំនួន​៥​ផ្សេងទៀត​ចូលកាន់​ជំនួស​។ ក្រៅពី​និយាយ​រឿង​កៅអី​ក្នុង​រដ្ឋសភា សម្ដេច ហ៊ុន សែន បាន​បកស្រាយ​បន្ថែមថា កៅអី​ក្រុមប្រឹក្សា ឃុំ​-​សង្កាត់ របស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះ ក៏ត្រូវ​បាត់បង់​តាម​គណបក្ស​ដែរ​។​

​ប៉ុន្តែ​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ទាំងនោះ នៅតែ​អាច​រក្សា​ដំណែង​ពួកគេ​ដដែល បើសិនជា​ពួកគេ​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។ នេះ​ជាការ​អត្ថាធិប្បាយ​របស់​សម្ដេច ហ៊ុន សែន ដែល​បាន​បន្ថែ​ថា សមាជិក​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប )​ចំនួន​៤​រូប ដែល​មកពី​គណបក្ស​សង្គ្រោះ​ជាតិ មិនមាន​ការដកហូត​តំណែង​នោះឡើយ ដោយសារតែ​ពួកគេ​បាន​លាលែង​ពី​គណបក្សនយោបាយ​ហើយ មុននឹង​ចូល​បម្រើ​ការងារ​ក្នុង​ស្ថាប័ន គ​.​ជ​.​ប ។​
អត្ថបទទាក់ទង

​អ្នកវិភាគ​នយោបាយ​លោក មាស នី យល់ថា ការលើកឡើង​របស់​នា​យក​រដ្ឋមន្ត្រី ហ៊ុន សែន នេះ បង្ហាញ​អំពី​ជោគវាសនា​គណបក្ស​សង្គ្រោះ​ជាតិ​ថា​មានសង្ឃឹម​តិច​ណាស់ ដែល​អាច​រួច​ផុតពី​ការរំលាយ​បក្ស​។ ប៉ុន្តែ​អ្វីដែល​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវធ្វើ​នោះ​គឺ​ភាពរឹងមាំ​ក្នុង​បក្ស លុះដល់​ដំណាក់កាល​ចុងក្រោយ​។ លោក មាស នី បាន​និយាយ​ដូច្នេះ​ថា​៖«​រដ្ឋាភិបាល​បង្កើត​ច្បាប់​មក​គឺ​មិនដែល​បោះចោល​ឡើយ ដូច​យើង​ធ្លាប់​ឃើញ​កន្លងមកហើយ​…​។ តែ​យ៉ាងណា​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​រឹងមាំ​រហូតដល់​គេ​រំលាយ​បក្ស បានន័យថា នៅពេល​ខាងមុខនេះ អាច​នឹងមាន​យុទ្ធនាការ​ផ្ទួនៗ​ឲ្យ​រង្គោះរង្គើ​ផ្ទៃក្នុង​បក្ស​ទាំង​ខាងក្រោម និង​ខាងលើ ដូច្នេះ​បើ​បក្ស​សង្គ្រោះ​ជាតិ​រង្គើ​ហើយ​រំលាយ​មុន​ច្បាប់​នោះ គឹ​នឹងមាន​លេស​ប្រាប់​អន្តរជាតិ​ថា បក្សប្រឆាំង​រំលាយ​ដោយ​ខ្លួនឯង​។ ប៉ុន្តែ​បើ​បក្សប្រឆាំង​រឹងមាំ​រហូត​គេ​ទ្រាំលែងបាន ហើយ​រំលាយ​នោះ វា​នឹង​បង្ហាញ​រូបភាព​អាក្រក់​ដល់​សហ​គម​អន្តរជាតិ​ឃើញ​បញ្ហានយោបាយ​នៅ​កម្ពុជា​»​។​

​អ្វីដែល​លោក មាស នី មើលឃើញ​ទៀត​នោះ​គឺ​ត្រង់​ថា បើ​គណបក្ស​សង្គ្រោះ​ជាតិ អាចរំលាយ​ហើយ​នោះ​តំណាងរាស្ត្រ​មួយចំនួន ទំនង​អាច​ប្រឈមមុខ​នឹង​ការព្យួរ​សកម្មភាព​នយោបាយ​៥​ឆ្នាំ ដែល​មានចែង​នៅក្នុង​ច្បាប់​ស្តីពី​គណបក្សនយោបាយ​ផងដែរ​។ ត្រង់ចំណុច​នេះ​លោក មាស នី យល់ថា គណបក្ស​ប្រជាជន​កម្ពុជា មានលទ្ធភាព​ខ្ពស់​ក្នុងការ​យកឈ្នះ​នយោបាយ​លើ​គណបក្ស​សង្គ្រោះ​ជាតិ​។ ប៉ុន្តែ​ការយក​ឈ្នះ​បែបនេះ នឹង​អាច​បង្ក​ហានិភ័យ​ដល់​សង្គម​កម្ពុជា​។​

«​បើ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​មែន វា​អាច​នឹងមាន​ហានិភ័យ​ធំៗ សម្រាប់​កម្ពុជា ពី​សំណាក់​អន្តរជាតិ ដូចជា​ការដាក់​សម្ពាធ​សេដ្ឋកិច្ច ពាណិជ្ជកម្ម ផ្លូវ​នយោបាយ ការទូត​។ ហើយ​បើ​គេ​ដាក់​សម្ពាធ​អ្នកស្លាប់​គឺ​រាស្ត្រ​តូចតាច ចំណែក​អ្នកមាន​ធំៗ​គេ​មិន​ស្លាប់​នោះទេ​។ ហើយ​ចំណែក​នយោបាយ​រដ្ឋាភិបាល​ងាក​ទៅរក​ចិន​នេះ ក៏​វា​មាន​ហានិភ័យ​ដែរ ព្រោះ​វា​អាច​ជះឥទ្ធិពល​បែប​អាណានិគម​កុម្មុយនីស្ត​មកលើ​កម្ពុជា ដែល​ធ្វើ​ឲ្យ​មាន​ការមិន​ពេញចិត្ត​លើ​ការដឹកនាំ​របស់​រដ្ឋាភិបាល​ផង​»​។ នេះ​ជាការ​យល់ឃើញ​របស់លោក មាស នី​។​

​កន្លងមក​បណ្ដា​ស្ថានទូត​បរទេស​ប្រចាំ​កម្ពុជា ធ្លាប់​បានចេញ​សេចក្តីថ្លែងការណ៍​បង្ហាញ​ក្តី​ព្រួយបារម្ភ​ជា​បន្តបន្ទាប់ ចំពោះ​សេចក្តីស្នើ​កែប្រែ​ច្បាប់​ចំនួន​៤ ដែលមាន​ខ្លឹមសារ​បែងចែក​អាសន​គណបក្សនយោបាយ ដែល​ត្រូវបាន​រំលាយ​យកទៅ​ឲ្យ​គណបក្ស​ដទៃ​។ បណ្ដា​ទូត​ទាំងនោះ ចាត់ទុក​ខ្លឹមសារ​កែប្រែ​ច្បាប់​ពេលនេះ មាន​គោលបំណង​ធ្វើទុក្ខបុកម្នេញ​គណបក្ស​ប្រឆាំង ដែល​នាំ​ឲ្យ​នីតិរដ្ឋ និង​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា​ដើរ​ថយក្រោយ​។​

​ជាការ​ឆ្លើយតប​នឹង​សហគមន៍​អន្តរជាតិ មន្ត្រីជាន់ខ្ពស់​គណបក្ស​កាន់អំណាច ក៏ដូចជា​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល នៅតែ​ប្រកាន់​ជំហរ​ដដែល​ថា អ្វីដែល​ស្ថាប័ន​ជាតិ មានដូចជា រដ្ឋសភា ព្រឹទ្ធសភា និង​តុលាការ បានសម្រេច​ឬ​អនុម័ត គឺ​ស្ថិតក្នុង​ដែន​អធិបតេយ្យ​របស់​កម្ពុជា ដោយ​គ្មាន​បរទេស​ណាមួយ អាច​លូកដៃ​បានឡើយ​។ ភាគី​រដ្ឋាភិបាល ថែមទាំង​ធ្លាប់​លើកឡើងថា សហគមន៍​អន្តរជាតិ​ខ្លះ ថ្តោ​ល​ទោស ដោយ​មិនបាន​យល់​ពី​ស្ថានភាព​ជាក់ស្តែង​របស់​ក​ម្ពុ​ជា​នោះទេ​។​

​ច្បាប់​ចំនួន​៤ ដែលមាន​ខ្លឹមសារ​ជារួម​ថា «​បើ​គណបក្ស​ណាមួយ ត្រូវបាន​រំលាយ​រាល់​អាសនៈ​នៃ​គណបក្ស​នោះ ត្រូវ​បែងចែក​ទៅ​ឲ្យ​គណបក្ស​ដទៃ​» ត្រូវបាន​ព្រឹទ្ធសភា យល់ស្រប​ទាំងស្រុង ហើយ​បានអនុម័ត​ជា​ផ្លូវការ​តាមរយៈ​កិច្ចប្រជុំពេញអង្គ កាលពី​ថ្ងៃទី​២0 ខែតុលា ឆ្នាំ​២០១៧​នេះ​៕


Tag:
 ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com