សង្គមជាតិ
ស៊ី​ប៉ា​បើក​យុទ្ធនាការ​«​សុវត្ថិភាព​ក្នុងការ​បើកបរ​» លើក​ទី​១ ដើម្បី​បង្កើន​ចំណេះដឹង​ដល់​ពលរដ្ឋ​
24, Oct 2017 , 10:25 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អង្គការ​ស៊ី​ប៉ា (​ស៊ី​ប៉ា​) និង​ដៃគូ​ពាក់ព័ន្ធ បើក​«​យុទ្ធនាការ​សុវត្ថិភាព​នៃ​ការបើកបរ​» លើក​ទី​១ ដើម្បី​លើកស្ទួយ​ជា​ចំបង​ដល់​កម្រិត​នៃ​ការយល់ដឹង​របស់​យុវជន និង​អ្នកបើកបរ​ក្នុង​ពេលអនាគត​ក្នុងប្រទេស​កម្ពុជា​។ យុទ្ធនាការ​នេះ ចាប់ពី​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៧​។​



​សេចក្ដីប្រកាស​ព័ត៌មាន​អង្គការ ស៊ី​ប៉ា បាន​ឲ្យ​ដឹងថា យុទ្ធនាការ​នេះ​នឹងដាក់​បង្ហាញ​នៅតាម​ស្ថានីយ​របស់ ក្រុមហ៊ុន​តូ​តា​ល់​កម្ពុជា ដើម្បី​ណែនាំ​អំពី​ចំណេះដឹង​មូលដ្ឋាន​ទាក់ទង​ទៅនឹង​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង​ឥរិយាបទ​បើកបរ​ផ្សេងៗ​ទៀត​ដូចជា ការពាក់​មួកសុវត្ថិភាព ការពាក់​ខ្សែ​ក្រា​វាត់​ការពារ ការបើកបរ​លើស​ល្បឿន​កំណត់ ការប្រើប្រាស់​ទូរស័ព្ទ​ក្នុងពេល​បើកបរ ការបើកបរ​ក្នុងពេល​ស្រវឹង ក៏ដូចជា​ការប្រើប្រាស់​គំហើញ​ឲ្យ​បាន​សមរម្យ​ក្នុងការ​បើករ​ឲ្យ​មាន​សុវត្ថិភាព​ជាដើម​។​

​អង្គការ ស៊ី​ប៉ា បាន​លើកឡើងថា សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក គឺជា​សសរស្ដម្ភ​សំខាន់​ដែលមាន​សារសំខាន់​បំផុត​មួយ​នៃ​គោលនយោបាយ​ទំនួល​ខុសត្រូវ​សង្គម របស់​ក្រុមហ៊ុន​តូ​តា​ល់​កម្ពុជា​។​អង្គការ ស៊ី​ប៉ា ពន្យល់​ដូច្នេះ​ថា​៖« ក្រុមហ៊ុន​នេះ​បាន​ជឿជាក់ថា​សុវត្ថិភាព​គឺជា​ទំនួល​ខុសត្រូវ​រួមមួយ ហើយ​វិស័យ​ឯកជន​ដើរតួ​យ៉ាងសំខាន់​មួយ​ក្នុងការ​កាត់បន្ថយ​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​តាម​ដងផ្លូវ ដែលជា​មូលហេតុ​ចំបង​នៃ​ការស្លាប់ និង​របួស​នៅក្នុង​ប្រទេស​កម្ពុជា​»​។​



​អង្គការ ស៊ី​ប៉ា សហការ​ជាមួយ​ក្រុមហ៊ុន​តូ​តា​ល់​កម្ពុជា អង្គការ Asia Pacific International Wine Spirits(APIWSA) និង​ក្រុមហ៊ុន Essilor  2.5 New Vision Generation រួមគ្នា​បង្កើត «​យុទ្ធនាការ​សុវត្ថិភាព​នៃ​ការបើកបរ​» លើក​ទី​១ នេះ​ដោយមាន​ការចង្អុលបង្ហាញ​ពី​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន និង​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដែលមាន​ការគាំទ្រ​ពី​សម្ព័ន្ធ IARD ជា​ដៃគូ​សហការ​ផងដែរ​។​

​អង្គការ ស៊ី​ប៉ា បាន​រម្លឹកថា ជាច្រើន​ឆ្នាំ​មកហើយ ក្រុមហ៊ុន​តូ​តា​ល់​កម្ពុជា​បាន​សហការ​ជិត​ស្និ​ទ្ន​ជាមួយ​ដៃគូ​នានា​ជាច្រើន ក្នុងនោះដែរ​ជាមួយនឹង អង្គការ ស៊ី​ប៉ា ដើម្បី​បង្កើន​ការយល់ដឹង និង​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៅ​កម្ពុជា​។ នៅ​ឆ្នាំ​២០១៦ យុទ្ធនាការ​មួក​សវ​ត្ថិ​ភាព​ចរាចរណ៍​ផ្លូវគោក​លើក​ទី​១ និង​ទី​២ ឆ្នាំ​២០១៧ ត្រូវ​បានដាក់​ដំណើរការ​ដើម្បី​អប់រំ​យុវជន​អាយុ​ចាប់ពី​១០-១២​ឆ្នាំ ឲ្យ​មានការ​យល់ដឹង​អំពី​គ្រោះថ្នាក់​ចរាចរណ៍ និង​វិធី​បើកបរ​ដ៏​ល្អ​បំផុត​។ ស៊ី​ប៉ា បញ្ជាក់ថា «​កម្មវិធី​នេះ​នឹង​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​រាប់ពាន់នាក់​ជាពិសេស​យុវជន​តាមរយៈ​បណ្ដា​ល័យ​ចល័ត​ផងដែរ​»៕


Tag:
 សុវត្ថិភាព​
 ​ បើកបរ​
  ស៊ី​ប៉ា
© រក្សាសិទ្ធិដោយ thmeythmey.com