កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo និង Zidane ឈ្នះ​ពាន​កីឡាករ និង​គ្រូបង្វឹក​ឆ្នើម​ប្រចាំឆ្នាំ​
24, Oct 2017 , 11:08 am        
រូបភាព
Cristiano Ronaldo ប្រជែង​ឈ្នះ Lionel Messi និង Neymar ដើម្បី​ក្លាយជា​កីឡាករ​ឆ្នើម​បំផុត​ប្រចាំឆ្នាំ Best Fifa Football Awards 2017 ខណៈ Zinedine Zidane ឈ្នះ​តំណែង​គ្រូបង្វឹក​បុរស​ល្អ​ប្រចាំឆ្នាំ (The Best FIFA Men’s Coach) ពី​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក​។​



​ខ្សែប្រយុទ្ធ​ឆ្នើម​របស់ Real Madrid បាន​ក្លាយជា​កីឡាករ​បាល់ទាត់​ល្អ​បំផុត​ផ្នែក​បុរស​របស់​ពិភពលោក នៅក្នុង​ពិធី​ប្រគល់​ពាន​របស់​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក FIFA នៅ​ទីក្រុង​ឡុង​ដ៍ ក្រោយ​ទទួល​សំឡេងគាំទ្រ ៤៣​ភាគរយ តាម​ពីក្រោយ​ដោយ​គូប្រជែង​ពីររូប​គឺ Messi របស់ Barcelona បាន​១៩​ភាគរយ និង Neymar របស់ Paris St-Germain បាន​៦​ភាគរយ​។​

​កីឡាករ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ វ័យ​៣២​ឆ្នាំ​រូបនេះ បាន​ជួយ​ក្រុម​រហស្សនាម​អធិរាជ​ស​ឈ្នះ​ពាន UEFA Champion League និង​ជើងឯក La Liga កាលពី​រដូវ​កាល​មុន រួមទាំង​ជួ​ម​ក្រុមបាល់ទាត់​ជម្រើសជាតិ ព័រ​ទុយ​ហ្គា​ល់ ឡើង​ទីវ​គ្គ​ផ្តាច់ព្រ័ត្រ World Cup នៅ​រុស្ស៊ី​ឆ្នាំក្រោយ​ផងដែរ​។​



​រីឯ​តំណែង​គ្រូបង្វឹក​បុរស​ល្អ​ប្រចាំឆ្នាំ (The Best FIFA Men’s Coach) បាន​ទៅ Zinedine Zidane អ្នកចាត់ការ​ទូទៅ​រប​ស់ Real Madrid ក្រោយ​ដឹកនាំ​ក្រុម​ឈ្នះ​ពាន​លំដាប់​កំពូល​ចំនួន​២​ក្នុង​មួយ​រដូវ​កាល​។​

​ចំណែក Olivier Giroud ខ្សែប្រយុទ្ធ​របស់​កាំភ្លើង​ធំ Arsenal ឈ្នះ​ពាន FIFA Puskas Award 2017 (​គ្រាប់​បាល់ទាត់​បញ្ចូល​ទី​ល្អ​ដាច់​គេ​ក្នុង​លោក​ប្រចាំឆ្នាំ​២០១៧)​។ ខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំង​រូបនេះ​ទទួលបាន​ការគាំទ្រ ៣៦​ភាគរយ​នៅ​ជុំវិញ​ពិភពលោក ក្រោយ​ស៊ុត​បាល់​បញ្ចូល​ទី​ក្រុម Crystal Palace ដោយ​ក្បាច់​ខ្យាដំរី​កាលពី​ខែមករា​កន្លងទៅ​។​



Gianluigi Buffon អ្នកចាំទី​ដៃ​ស្អិត​របស់ Juventu ទទួលបាន​សំឡេងគាំទ្រ​៤២​ភាគរយ​ដើម្បី​ឈ្នះ​តំណែង​អ្នកចាំទី​ល្អ​បំផុត​លើ​ពិភពលោក The Best FIFA Goalkeeper 2017 នាំ​មុន Manuel Neuer របស់ Bayern Munich ដែល​ទទួល​សំឡេងឆ្នោត ៣២​ភាគរយ និង keylor Navas របស់ Real Madrid បាន ១០​ភាគរយ​។​



​ដោយឡែក ផ្នែក​នារី​វិញ កីឡាការិនី Leike Martens វ័យ​២៤​ឆ្នាំ របស់ Barcelona និង​ក្រុម​ជម្រើសជាតិ​ហូ​ឡង់ បានឈ្នះ​ពាន​កីឡាការិនី​ឆ្នើម The Best FIFA Women’s Player ដោយ​ទទួល​បាល​សំឡេងគាំទ្រ ២១​ភាគរយ នាំ​មុន​កីឡាការិនី​ពីររូប​ផ្សេងទៀត​។ សម្រាប់ Sarina Wiegman អ្នកចាត់ការ​ក្រុមបាល់ទាត់​នារី​ហូ​ឡង់ ជាប់​ជា​គ្រូបង្វឹក​នារី​ឆ្នើម​បំផុត The Best FIFA Women’s Coach ផងដែរ​៕


Tag:
 បាល់ទាត់​
  Best FIFA Player
  Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com