កីឡាអន្តរជាតិ
អន្តរជាតិ
Pep រិះគន់​គុណភាព​បាល់​ដែល​ប្រើ​នៅ EFL Cup ថា​អន់​
25, Oct 2017 , 8:39 pm        
រូបភាព
​លោក Pep Guardiola បាន​រិះគន់​គុណភាព​បាល់​ដែល​យកមក​ប្រកួត​ក្នុង​ពានរង្វាន់ EFL Cup បន្ទាប់ពី​ក្រុម Manchester City រក​មិនបាន​១​គ្រាប់​សោះ​នា​ជំនួប​ជាមួយ Wolverhampton Wanderers ក្នុង​វគ្គ​១៦​ក្រុម​ចុងក្រោយ​។



​ក្រុម​មេឃ​ខៀវ Manchester City បាន​យកឈ្នះ Wolves ដោយ​បាល់​កាត់សេចក្តី​ប៉េ​ណា​ល់​ទី ក្រោយ​ប្រកួត​ចប់​៩០​នាទី​គ្នាន​ការ​ស៊ុត​បញ្ចូល​ទី​គ្នា ដើម្បី​ឡើងទៅ​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​ពាន EFL Cup នា​ការប្រកួត​នៅ​រាត្រី​ថ្ងៃ ២៤ ខែតុលា​។​



​ដោយសារ​មិនអាច​រក​គ្រាប់​បាល់​បាន អ្នកចាត់ការ​ទូទៅ Manchester City លោក Guardiola បានបង្ហាញ​ការមិន​ពេញចិត្ត​លើ​លើ​គុណភាព​បាល់​របស់​ក្រុមហ៊ុន Mitre ដែល​យកមកប្រើ​ក្នុងការ​ប្រកួត​នេះ ដោយ​រិះគន់ថា​បាល់​នេះ​មាន​ពន្លឺ​តិចពេក​បើ​ប្រៀបធៀប​នឹង​បាល់​របស់​ក្រុមហ៊ុន Nike ដែល​និយម​ប្រើ​ក្នុង​ក្របខណ្ឌ Premier League​។​

​អ្នកចាត់ការ​សញ្ជាតិ​អេ​ស្ប៉ា​ញ​បាន​រិះគន់​ដូច​ច្នេះ​ថា​៖«​បាល់​នេះ​មិនអាច​យកទៅ​ប្រើ​សម្រាប់​ការប្រកួតប្រជែង​កម្រិត​ខ្ពស់​នោះទេ​។ វា​ស្រាល​ណាស់ ហើយ​វា​រំកិល​គ្រប់​ទីកន្លែង​។ វា​មិនមែនជា​បាល់​ដ៏​ល្អ​នោះទេ​។ គុណភាព​បាល់​ដូចនេះ គឺ​មិនអាច​ងាយស្រួល​ដើម្បី​រក​គ្រាប់​បាល់​បានទេ​។ ខ្ញុំ​មិនមែន​និយាយ​យក​លេស​ទេ កូនក្រុម​របស់ខ្ញុំ​ទាំងអស់​ក៏​និយាយ​អ៊ីចឹង​ដែរ​»​។​



​តែ​យ៉ាងណាក៏ដោយ លោក Nuno Espirito Santo ជា​គ្រូបង្វឹក​របស់​ក្រុម Wolverhampton មិន​គិត​ដូច​លោក Guardiola នោះទេ ដោយ​គ្រាន់តែ​និយាយ​យ៉ាងខ្លី​ថា ភាពខុសគ្នា​តែមួយគត់​គឺ​ពណ៌​របស់​បាល់​ប៉ុណ្ណោះ​៕


Tag:
 បាល់ទាត់​
  EFL Cup Pep
  Pep Guardiola
© រក្សាសិទ្ធិដោយ thmeythmey.com