ជាតិ
សម្ដេច ទៀ បាញ់ ថា អាមេរិកសន្យាគិតគូពីបញ្ហាគ្រាប់បែកគីមីនៅកម្ពុជា
× ភ្នំពេញ៖ អាមេរិក សន្យាគិតគូពីបញ្ហាគ្រាប់បែកគីមីនៅកម្ពុជា។ នេះជាការលើកឡើងរបស់សម្ដេច ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ។
ថ្លែងនៅព្រលានយន្តហោះ កាលពីថ្ងៃទី២៥ តុលា ក្រោយពីការចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក នៅប្រទេសហ្វីលីពីន រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បាននិយាយថា សម្ដេច បានលើកយកបញ្ហាអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងគ្រាប់បែកគីមី ទៅពិភាក្សាទ្វេរភាគីជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក ដើម្បីឲ្យជួយដោះស្រាយបញ្ហានេះ ដល់ប្រទេសកម្ពុជា។
ជាការឆ្លើយតប ភាគីអាមេរិក ថា ពួកគេនឹងគិតគូដោះស្រាយបញ្ហាគ្រាប់បែកគីមីនៅកម្ពុជា។នេះជាការលើកឡើងរបស់សម្ដេច ទៀ បាញ់ ដែលបានស្រង់សម្តីរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក។
សូមស្ដាប់សំឡេង៖
កន្លងមកក្រុមមន្ត្រីជំនាញរបស់មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានរកឃើញទីតាំងដែលមានអាវុធគីមីកប់នៅក្នុងដី មានចំនួនសរុបរហូតដល់ទៅ៩ទីតាំង នៅក្នុងខេត្តស្វាយរៀង។ បើតាមប្រមុខរដ្ឋាភិបាល គ្រាប់បែកគីមីនេះ មិនត្រឹមតែមាននៅក្នុងខេត្តស្វាយរៀងទេ ទំនងអាចមានស្រុកមេមុត ខេត្តត្បូងឃ្មុំ ឬខេត្តដទៃទៀតផងដែរ។
ប៉ុន្តែស្ថានទូតអាមេរិកប្រចាំកម្ពុជា ធ្លាប់បានបដិសេធថា គ្រាប់បែកដែលកម្ពុជារកឃើញនេះ គឺជាគ្រាប់បែកបង្ហូរទឹកភ្នែកប៉ុណ្ណោះ។ សេចក្តីថ្លែងការណ៍ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានបន្ថែមថា អាជ្ញាធរកម្ពុជា ក៏បានដឹងពីវត្តមាននៃគ្រាប់បែកបង្ហូរទឹកភ្នែកនេះយូរឆ្នាំមកហើយដែរ ហើយភាគីកម្ពុជា ថែមទាំងទទួលបានការបណ្តុះបណ្តាលបច្ចេកទេសដោះគ្រាប់នេះចេញ ដល់ទៅ២លើកទៀតផង។ តែយ៉ាងណាអាជ្ញាធរមីនកម្ពុជា បានថ្កោលទោសចំពោះការលើកឡើងដូច្នេះរបស់ស្ថានទូតអាមេរិក និងចាត់ទុកថា អាមេរិក មានចេតនាគេចវេសពីការទទួលខុសត្រូវ។
ដោយសារតែឥទ្ធិពលគ្រាប់បែកគីមីរបស់អាមេរិក ធ្វើឲ្យក្មេង៣នាក់នៅក្នុងឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង កើតមកមានភាពមិនប្រក្រតី ។ នេះបើតាមរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង។
សូមបញ្ជាក់ថា អាមេរិកបានទម្លាក់គ្រាប់បែកប្រមាណ ២លាន ៧សែនតោន ក្នុងអំឡុងសង្គ្រាមនាទសវត្ស១៩៧០ រវាងកងទ័ពសាធារណរដ្ឋកម្ពុជា ដែលគាំទ្រដោយសហរដ្ឋអាមេរិក និងកងទ័ពតស៊ូរបស់ខ្មែរក្រហម ក្រោយពេលពួកគេធ្វើរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០៕
Tag:
ទៀ បាញ់
អាមេរិក
គ្រាប់គីមី
© រក្សាសិទ្ធិដោយ thmeythmey.com