ជាតិ
សង្គមជាតិ
សកល​វិទ្យាល័យ​ជប៉ុន​ចំនួន ៦ រៀប​ចំ​ពិ​ព័រ​ណ៌​ការសិក្សា​នៅ​ប្រទេស​ជប៉ុន ឆ្នាំ​២០១៧ នៅ CJCC
28, Oct 2017 , 5:50 pm        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ មជ្ឍមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន​(CJCC) ក្រោម​ការគាំទ្រ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តជាតិ​ជប៉ុន​(JICA) បានរៀបចំ​ពិ​ព័រ​ណ៌​ស្តីពី​ការសិក្សា​នៅ​ប្រទេស​ជប៉ុន​ឆ្នាំ​២០១៧  ដែល​ប្រព្រឹត្តទៅ កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែតុលា នៅ​មជ្ឍមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន​(CJCC)​។​



​លោកស្រី បណ្ឌិត អ៊ុំ រ៉ាវី សាកលវិទ្យាធិការរង នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​ថ្លែង​បើក​កម្មវិធី​ស្តីពី​ការសិក្សា​នៅ​ប្រទេស​ជប៉ុន​ថា លោកស្រី​សង្ឃឹម​ជឿជាក់ថា សាកលវិទ្យាល័យ​ទាំង​៦​នេះ នឹង​នាំមក​នូវ​ព័ត៌មាន និង​បទពិសោធន៍​ល្អៗ ដែល​អាចជា​គន្លឹះ​ដ៏​សំខាន់ និង​ជា​មេរៀន​ដ៏​ល្អ​ក្នុង​ការរៀបចំ គ្រប់គ្រង​កែលម្អ​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា ការសិក្សា​ឲ្យ​កាន់​តែមាន​លក្ខណៈ សម្បត្តិ​គ្រប់គ្រាន់​មួយកម្រិត​ទៀត​។ លោកស្រី បណ្ឌិត អ៊ុំ រ៉ាវី ថ្លែងបន្ត​យ៉ាងនេះ​ទៀតថា ៖«​ពិ​ព័រ​ណ៌​នាពេលនេះ ក៏​ជា​ឱកាស​ពិសេស​ផងដែរ សម្រាប់​ប្អូនៗ សិស្ស និស្សិត ដើម្បី​ស្វែងយល់​ពី​ការសិក្សា​ថ្នាក់​ឧ​ត្ត​ម​សិក្សា​នៅ​បរទេស ក៏ដូចជា​ត្រៀមខ្លួន សម្រាប់​ចាប់យក​ឱកាស​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន តាមរយៈ​អាហារូបករណ៍​ក្តី ឬ​សិក្សា​បង់ថ្លៃ​ក្តី​»​។ 
 
​កម្មវិធី​ខាងលើនេះ​មាន​គោលបំណង ដើម្បី​ផ្តល់ឱកាស​ឲ្យ​សិស្ស និស្សិត ដែលមាន​បំណង​ចង់​សិក្សា​នៅ​ប្រទេស​ជប៉ុន បាន​ជួប​ជាមួយនឹង​អ្នកតំណាង​ផ្ទាល់​ពី​សាកលវិទ្យាល័យ​ល្បីៗ​នៅ​ប្រទេស​ជប៉ុន ក៏ដូចជា​អ្នកជំនាញ​ផ្តល់ព័ត៌មាន​មាន​អាហា​រូ​ករ​ណ៍​មកពី​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា និង​មជ្ឍមណ្ឌល​សហប្រតិបត្តិ​ការ​អន្តជាតិ​ជប៉ុន​(JICE)​។ 
​សាកលវិទ្យាល័យ​ល្បីៗ ចំនួន​៦ មាន​សាកលវិទ្យាល័យ​អាស៊ី​ប៉ា​ស៊ី​ហ្វី​ករី​ហ្ស៉ឹ​មេ​កាំ​ង សាកលវិទ្យាល័យ​អន្តជាតិ​ជប៉ុន សាកលវិទ្យាល័យ​ជាតិ​បច្ចេកវិទ្យា សាកលវិទ្យាល័យ​អាគី​តា សាកលវិទ្យាល័យ​តូ​យ៉ូ និង​សាកលវិទ្យាល័យ​រ៉ា​សេ​ដា បាន​ចូលរួម​ធ្វើ​បទ​បង្ហាញ និង​ផ្តល់​ប្រឹក្សា​ក្នុង​ពិព័រណ៍​នេះ​។ 
 
​ក្រោយពី​បាន​ស្តាប់​បទ​បង្ហាញ​នេះ និស្សិត​លីម សៀក​លីវ ជា​សិស្ស​សាកលវិទ្យាល័យ​ភ្នំពេញ ជំនាញ​អក្ស​សាស្ត្រ​ជប៉ុន បានបង្ហាញ​ចំណាប់​អារ​ម្មរណ៍​ចង់ ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​យ៉ាងខ្លាំង​។ និស្សិត​រូបនេះ បញ្ជាក់​ដូច្នេះ​ថា ៖«​ខ្ញុំ​ចង់​បន្ត​ការសិក្សា​នៅ​ប្រទេស​ជប៉ុន ពីព្រោះ​ខ្ញុំ​ស្រលាញ់​វប្បធម៌ ប្រព័ន្ធ​អប់រំ​នៅ​ទីនោះ នឹង​ត្រលប់មក​កម្ពុជា​វិញ​ដើម្បី​ប្រើប្រាស់​ចំណេះដឹង​ទាំងនោះ​មកជួយ​សង្គម​»​។ 
 
​ស្របគ្នា​នោះដែរ យុវតី ហេង មួយ​លី ជា​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ដែល​ចាប់​អារ​ម្មរណ៍​នឹង​ការសិក្សា នៅ​ប្រទេស​ជប៉ុន​នេះដែរ​នោះ ថ្លែង​យ៉ាងនេះ​ថា​៖«​ខ្ញុំ​ចង់ទៅ​រៀន​ប្រទេស​ជប៉ុន​ជំនាញ​ទំនាក់ទំនង​អន្តជាតិ​ដើម្បី​រៀន​ពី​ប្រទេស​ជឿនលឿន​ដូច​ប្រទេស​ជប៉ុន​»​។ 
 
 

Tag:
 បណ្ឌិត អ៊ុំ រ៉ាវី​
  CJCC
  ពិ​ព័រ​ណ៌​ការសិក្សា​ប្រទេស​ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com