ជាតិ
សង្គមជាតិ
ពលរដ្ឋខេត្តស្វាយរៀងទទួលបានយល់ដឹងច្រើនពីការប្រើប្រាស់បង្គន់អនាម័យ តាមរយៈអង្គការភ្លែន
×
អង្គការភ្លែនអន្តរជាតិកម្ពុជា និងក្រសួងអភិវឌ្ឍន៍ជនបទ បានអប់រំពលរដ្ឋឲ្យប្រើប្រាស់បង្គន់អនាម័យតាមផ្ទះដោយភាពជោគជ័យ កាលពីថ្ងៃទី២៥ តុលា។ កម្មវិធីលើកកម្ពស់អនាម័យជនបទនៅក្នុងប្រទេសកម្ពុជា(CRSHIP) ក្រោមជំនួយទឹកប្រាក់៥លានដុល្លារ សម្រាប់គម្រោងរយៈពេល៥ឆ្នាំ ពីឆ្នាំ២០១៤-២០១៩។
លោក Andrew Hill នាយករងអង្គការភ្លែនអន្តរជាតិ លើកឡើងនៅសាលប្រជុំខេត្តស្វាយរៀងថា កម្មវិធីលើកកម្ពស់អនាម័យជនបទនៅកម្ពុជា(CRSHIP) មានគោលបំណងធ្វើឲ្យប្រសើឡើង ក្នុងការអនុវត្តអនាម័យនៅតាមសហគម និងតាមជននៅកម្ពុជា ដើម្បីបង្កើតឲ្យមានបង្គន់អនាម័យ និងការលាងដៃជាមួយសប៊ូ និងការទទួលទានទឹកស្អាតមានសុវត្ថិភាព។
លោក Andrew Hill បន្តថា ៖«សំខាន់នោះគឺមានការអភិវឌ្ឍ ពង្រឹងសមត្ថភាពមន្ត្រីរដ្ឋាភិបាលនៅមូលដ្ឋាន អង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកក្នុងការលើកកម្ពស់អនាម័យ និងសុខភាព»។
ជាមួយគ្នានេះលោក តូច ប៉ូលីវ៉ា អភិបាលរងនៃខេត្តស្វាយរៀង បានលើកឡើងនៅថា ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ចំនួន៣៦ ភាគរយ នៅតែមិនទាន់បានយល់ដឹងអំពីការប្រតិបតិ្តអនាម័យល្អនៅឡើយ ។ជាពិសេសកុមារ និងគ្រួសារក្រីក្រ និងអ្នកងាយរងគ្រោះបំផុត ដោយពួកគេនៅតែមានទម្លាប់ចាស់បន្ទោបង់ពាសវាលពាសកាល។ លោក តូច ប៉ូលីវ៉ា បន្តថា ៖«បញ្ហាទាំងនេះរដ្ឋបាលខេត្តស្វាយរៀង បានជំរុញតាមរយៈមន្ទីរជំនាញ និងអង្គការដៃគូនានា ដើម្បីឲ្យពួកគាត់បានយល់ដឹងពីសារសំខាន់ នៃការប្រតិបត្តិអនាម័យល្អ ដោយផ្លាស់ប្តូរទម្លាប់ចាស់ ពីការបន្ទោបង់ពាសវាលពាសកាល ហើមកសាងសង់ប្រើប្រាស់បង្គន់អនាម័យ»។
តាមទិន្នន័យអង្កេតសេដ្ឋកិច្ចសង្គមកិច្ចឆ្នាំ២០១៥ បង្ហាញថា ពលរដ្ឋខេត្តស្វាយរៀងប្រើប្រាស់ឧបករណ៍ច្រោះទឹកស្អាត៣៩ភាគរយ និងទឹកដាំពុះប្រមាណ៤៣ភាគរយ បើប្រៀបធៀបមកបច្ចុប្បន្ន អត្រាប្រើប្រាស់ទឹកមានសុវត្ថិភាពបានកើនឡើងដល់៩៦ភាគរយ និងមានអនាម័យ៦៤ភាគរយ។ នេះបើតាមអភិបាលរងនៃខេត្តស្វាយរៀង។
លោក យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកម្មសិកម្ម និងជនបទ បានលើកឡើងថា ការផ្គត់ផ្គងទឹកស្អាត និងអនាម័យជន ជាវិស័យមួយមានសារសំខាន់ណាស់ ទាំងក្នុងទិដ្ឋភាពសេដ្ឋកិច្ច សង្គម និងដំណើរការអភិវឌ្ឍន៍ប្រទេស។
ក្រសួងអភិវឌ្ឍន៍ជនបទបានរៀបចំផែនការសកម្មភាពជាតិ ស្ដីពីការផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យឆ្នាំ២០១៤-២០១៨ ដោយកំណត់ថា ប្រជាពលរដ្ឋ៦០ភាគរយ ត្រូវទទួលសេវាផ្គត់ផ្គង់ទឹកស្អាត អ្នកមានបង្គន់អនាម័យ៦០ភាគរយ ហើយនិង៦០ភាគរយទៀតមានទម្លាប់លាងដៃជាមួយនឹងសាប៊ូ។ នេះជាការបញ្ជាក់របស់លោក យឹម ឆៃលី ដែលបានបន្ថែមថា ៖«កុមារអាយុក្រោម៥ឆ្នាំខ្វះអាហាររូបត្ថម្ភដោយមានជំងឺក្រិះក្រិនប្រមាណ៣២ភាគរយ កុមារស្គមស្លេកស្លាំង៥៥ភាគរយ ហើយនិងមានទម្ងន់ស្រាល២៤ភាគរយ»។
ក្រុមប្រឹក្សាសប្រតិបត្តិការវិស័យទឹកស្អាត និងអនាម័យ(WSSCC) និងមូលនិធិអនាម័យសកល(GSF) បានផ្តល់ជំនួនឥតសំណងដល់រដ្ឋាភិបាលកម្ពុជាទឹកប្រាក់១០លានដុល្លារ ដោយចាប់ពីឆ្នាំ២០១១-២០១៦ បានផ្ដល់ប្រាក់ចំនួន៥លានដុល្លារ ដែលបានដាក់គៅលដៅចំនួន២ពាន់ភូមិ ហើយ៤២ភាគរយឈប់បន្ទោបង់ពាសវាលពាសកាល។ ចំណែកគម្រោងទី២ ផ្ដល់ទឹកប្រាក់៥លានដុល្លារ ពីឆ្នាំ២០១៤-២០១៩ មានគោលដៅភូមិចំនួន១១២០ ក្នុងនោះ៦០ភាគរយធ្វើឲ្យមានការឈប់បន្ទោបង់ពាសវាលពាសកាល។ បើតាមលោក Andrew Hill នាយករងអង្គការភ្លែនអន្តរជាតិ មកដល់ពេលនេះពលរដ្ឋនៅខេត្តស្វាយរៀង ចំនួន១១ឃុំ ដែលមានប្រជាពលរដ្ឋប្រមាណ១៥២,៩៨៥នាក់រស់នៅក្នុងភូមិចំនួន១៨៦ បានប្រកាសបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល និងរស់នៅដោយមានអនាម័យត្រឹមត្រូវ៕
Tag:
យឹម ឆៃលី
តូច ប៉ូលីវ៉ា
Andrew Hill
© រក្សាសិទ្ធិដោយ thmeythmey.com